(ភ្នំពេញ)៖ ក្រុមហ៊ុន វើលប្រ៊ីជគ្រុប(World Bridge Group ) និងក្រុមហ៊ុន មីតយ៉ូស៊ី របស់ជប៉ុន នៅថ្ងៃទី០៩ ខែមេសា ឆ្នាំ២០១៦ បានចាប់គូជាមួយគ្នា ក្នុងការផលិត និងចែកចាយគ្រឿង សង្ហារឹមដ៏ល្អឥតខ្ចោះ ដើម្បីផ្គត់ផ្គង់ទីផ្សារក្នុង និងក្រៅប្រទេស ដែលមានគុណភាពខ្ពស់ និងតម្លៃសមរម្យ។
លោកឧកញ៉ា សៀ រឹទ្ធី អគ្គនាយក Worldbrdge Group បានថ្លែងថា មូលហេតុដែលលោក សហការគ្នាក្នុងការផលិតគ្រឿង សង្ហារឹមគ្រប់ប្រភេទ គឺដើម្បីផ្គត់ផ្គង់ តម្រូវទីផ្សារនៅកម្ពុជា ដោយស្របពេល ដែលគម្រោងអគារខុនដូ និងការិយាល័យ រួមជាមួយសំណង់ផ្សេង នៅមួយរយៈពេលចុងក្រោយនេះ បាននឹងកំពុងសាងសង់ជាបន្តបន្ទាប់ ធ្វើឲ្យតម្រូវការគ្រឿងសង្ហារឹម សម្រាប់ដាក់តាំងនៅតាមអគារទាំងនោះ ក៏បានកើនឡើងផងដែរ។
លោកបន្ដថា «ដូចនេះក្រោមការសហការនេះ យើងនឹងពង្រីកសក្ដានុពល លើការផ្គត់ផ្គង់គ្រឿងសង្ហារឹម ទាំងក្នុងនិងក្រៅស្រុក ហើយចំពោះកម្ពុជាវិញ វិស័យសំណង់ កំពុងរីកលូតលាស់គួរឲ្យកត់សម្គាល់ ហើយសំណង់អគារទាំងខុនដូ និងការិយាល័យទាំងនោះ គឺត្រូវការជាចាំបាច់ នូវសម្ភារៈគ្រឿងសង្ហារឹម សម្រាប់ដាក់តាំងក្នុងអគារ ពិសេសយើងចង់ បង្ហាញដល់ប្រជាពលរដ្ឋនៅក្នុងស្រុកថា ការរកទិញគ្រឿងសង្ហារឹម មិនចាំបាច់ទៅទិញនៅក្រៅប្រទេស ដោយយកលុយយើងទៅឲ្យគេនោះទេ យើងអាចទិញគ្រឿងសង្ហារឹម ដែលផលិតនៅក្នុងស្រុក ដើម្បីជួយការងារប្រជាជន នៅក្នុងស្រុកយើងផងដែរ»។
លោក បន្ថែមថា «ខ្ញុំអត់ចង់ចូលរួម ហើយស្ងាត់នោះទេ បើខ្ញុំចូលរួមហើយ ខ្ញុំនឹងធ្វើវាឲ្យកាន់តែធំ និងដំណើរការកាន់តែល្អ ហើយយើងនឹងប្រកាស រកដៃគូចែកចាយបោះដុំ នៅក្នុងស្រុក ទូទាំងប្រទេសកម្ពុជា ផងដែរ»។
លោក យ៉ូស៊ីតាកា មែដា អគ្គនាយកក្រុមហ៊ុន មីតស៊ីយ៉ូស៊ី បានលើកឡើងថា ទំនាក់ទំនងជាមួយ Worldbridge Group គឺជាការបង្ហាញឲ្យឃើញ ពីឱកាសដ៏អស្ចារ្យបំផុត សម្រាប់ក្រុមហ៊ុន មីតស៊ូយ៉ូស៊ី ដើម្បីពង្រីកវត្តមានទីផ្សារ ឲ្យកាន់តែសំខាន់ និងរស់រវើកនៅក្នុងកម្ពុជា ក៏ដូចជាគ្រប់ប្រទេស នៅក្នុងអាស៊ាន។
លោកបន្តថា «យើងបានបង្កើតរោងចក្រ នៅកម្ពុជា ជាង៣ឆ្នាំមកហើយ នៅជាយរាជធានីភ្នំពេញ ដែលបានបោះទុនដំបូង ប្រមាណ២,៥លានដុល្លារអាមេរិក និងគ្រោងបោះទុន បន្ថែមទៀត ប្រមាណ៥ទៅ៦លានដុល្លារអាមេរិក បន្ទាប់ពីមានកិច្ចសហការ ជាមួយក្រុមហ៊ុន Worldbridge Group។ សព្វថ្ងៃផលិតផល របស់រោងចក្រយើងបាននាំចេញ ទៅកាន់ប្រទេសជប៉ុន និងបណ្ដាប្រទេសផ្សេង ហើយបើសិនជាផលិតផល របស់យើងមិនមានគុណភាព នោះ ប្រហែលជាជប៉ុន មិនអនុញ្ញាតឲ្យនាំចូលនោះទេ»។
លោកបន្ថែមថា បន្ទាប់ពីមានកិច្ចសហការនេះហើយ ក្រុមហ៊ុនទាំងពីរ នឹងពង្រីកសក្ដានុពលទីផ្សារ ដោយគ្រោងនាំចេញទៅបណ្ដា ប្រទេសល្បីៗដូចជាសិង្ហបុរី ម៉ាឡេស៊ី និងសហគមន៍អឺរ៉ុបជាដើម ដោយគ្រោងនឹងនាំវត្ថុធាតុដើម ពីបណ្ដាប្រទេសផ្សេង មកផលិតផងដែរ ដែលកន្លងមកយើងយក វត្ថុធាតុដើមពីកម្ពុជា មកផលិតជាគ្រឿងសង្ហារឹម ទាំងនោះ៕