(ភ្នំពេញ)៖ លោក កុយ គួង អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានថ្លែងថា ស្ថានអគ្គកុងស៊ុលកម្ពុជាប្រចាំខេត្តស្រះកែវ ប្រទេសថៃ នៅថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២១ បានអន្តរាគមន៍បញ្ជូនពលករខ្មែរ ១៨នាក់ ឱ្យបានមកមាតុភូមិវិញ។

លោក គុយ គួង បានបញ្ជាក់យ៉ាងដូច្នេះ៖ «មានពលករខ្មែរចំនួន ១៨នាក់ (ស្រី០៥នាក់ និងកូនក្មេង០២នាក់) ដែលបានធ្វើដំណើរមកពីបណ្តាខេត្តនានា និងទីក្រុងបាងកក នៃប្រទេសថៃ ទៅស្នើសុំស្ថានអគ្គកុងស៊ុលកម្ពុជាប្រចាំខេត្តស្រះកែវ ប្រទេសថៃ ដើម្បីឲ្យជួយបញ្ជូនពួកគាត់ត្រឡប់ទៅកម្ពុជាវិញ ដោយសារពួកគាត់ពុំមានការងារធ្វើ ហើយចង់វិលត្រឡប់ទៅស្រុកកំណើតវិញ»

ស្ថានអគ្គកុងស៊ុលបានអន្តរាគមន៍ បញ្ជូនពលករខ្មែរខាងលើត្រឡប់មកកម្ពុជាវិញ តាមច្រកទ្វារព្រំដែនអន្តរជាតិខ្លងលឹក-ប៉ោយប៉ែត យកទៅប្រគល់ជូនអាជ្ញាធរកម្ពុជា ដើម្បីដំណើរការតាមនីតិវិធីសុខាភិបាល។ នេះបើតាមអ្នកនាំពាក្យដដែល៕