(ភ្នំពេញ)៖ ក្រុមប្រឹក្សាជាតិភាសាខ្មែរ នៃរាជបណ្ឌិត្យសភាកម្ពុជា នៅថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២១នេះ បានផ្សព្វផ្សាយកម្មវិធីសុន្ទានុក្រមអនឡាញ ដែលមានបច្ចេកទេសសព្ទចំនួនជាង ៣ពាន់ពាក្យ។

ក្នុងសិក្ខាសាលាផ្សព្វផ្សាយ ដែលធ្វើឡើងតាមប្រព័ន្ធអនឡាញ លោកបណ្ឌិត សន ពៅ អនុប្រធានក្រុមប្រឹក្សាជាតិភាសាខ្មែរ បានឱ្យដឹងថា ក្រុមប្រឹក្សាជាតិភាសាខ្មែរ ដែលជាសេនាធិការដ៏សំខាន់សម្រាប់រាជបណ្ឌិត្យសភាកម្ពុជាទាក់ទងនឹងការអភិរក្ស និងអភិវឌ្ឍន៍ភាសា និងអក្សរខ្មែរ សម្រេចបានសមិទ្ធផលជាច្រើន មានដូចជា៖ ព្រឹត្តិបត្រ សទ្ទានុក្រមបច្ចេកសព្ទ សៀវភៅ វេយ្យាករណ៍ភាសាខ្មែរ បង្កើតមូលទិន្នន័យពាក្យដែលមានក្នុងវចនានុក្រមខ្មែរ ប្រព័ន្ធលេខ បង្កើត Software កំណែតម្រូវភាសាខ្មែរលើរូបសញ្ញា និងការផ្សព្វផ្សាយជាដើម។

លោកបណ្ឌិតបានបញ្ជាក់បន្ថែមថា សមិទ្ធផលដែលបានបោះពុម្ពទាំងព្រឹត្តិបត្រ ទាំងសទ្ទានុក្រមនៅមានចំនួនកំណត់ នាំឱ្យការផ្សព្វផ្សាយជូនស្ថាប័នរដ្ឋ និងឯកជននៅមានកម្រិតនៅឡើយ។ ហេតុដូចនេះ ដើម្បីឱ្យការផ្សព្វផ្សាយបានទូលំទូលាយ លេខាធិការដ្ឋានបានយកបច្ចេកសព្ទ ដែលក្រុមប្រឹក្សាជាតិភាសាខ្មែរ សម្រេចបានចំនួន ៣,៧៦៦ពាក្យ មកបង្កើតជា Software សទ្ទានុក្រមអនឡាញនេះឡើង ដោយមិនគិតពីបច្ចេកសព្ទស្នើដោយក្រសួង ស្ថាប័នរដ្ឋ និងឯកជន។

បច្ចេកសព្ទទាំងនោះមានទី១៖ កសិកម្ម ១៧៥ពាក្យ, ទី២៖ គណិតវិទ្យា ២៧៨ពាក្យ, ទី៣៖ គីមីវិទ្យា ២៥៤ពាក្យ, ទី៤៖ ឈ្មោះប្រទេស និងរាជធានី ៣៩០ពាក្យ, ទី៥៖ ទស្សនវិជ្ជា ២១៦ពាក្យ, ទី៦៖ បច្ចេកវិទ្យាព័ត៌មាន ២១៣ពាក្យ, ទី៧៖ ប្រវត្តិវិទ្យា ១៣៥ពាក្យ, ទី៨៖ ភាសាវិទ្យា ១៣៩ពាក្យ, ទី៩៖ ភូមិវិទ្យា ៤៥១ពាក្យ, ទី១០៖ រូបវិទ្យា ៨៦ពាក្យ, ទី១១៖ វប្បធម៌ ១៦២ពាក្យ, ទី១២៖ វិចិត្រសិល្បៈ ២៨៤ពាក្យ, ទី១៣៖ វិទ្យាសាស្ត្រនយោបាយ និងការទូត ១១៥ពាក្យ, ទី១៤៖ វិទ្យាសាស្ត្រសេដ្ឋកិច្ច ២៤៤ពាក្យ, ទី១៥៖ វេជ្ជសាស្ត្រ ៣៣២ពាក្យ និងទី១៦៖ អក្សរសិល្ប៍ ២៩២ពាក្យ។

អនុប្រធានក្រុមប្រឹក្សាជាតិភាសាខ្មែរ បានលើកឡើងថា មុននឹងដាក់ឱ្យប្រើសុសវែរសទ្ទានុក្រមអនឡាញនេះ ក្រុមការងារ បានពិនិត្យពិភាក្សាគ្នាជាច្រើនលើក ដើម្បីចៀសវាងឱ្យបានច្រើននូវចំណុចខ្វះខាតទាំងបច្ចេកទេស ទាំងបច្ចេកសព្ទ។

លោកបណ្ឌិត បានបញ្ជាក់ថា សុសវែរសទ្ទានុក្រមនេះ មានសារៈប្រយោជន៍ដល់ការប្រមូលផ្ដុំបច្ចេកសព្ទទាំងអស់ដែលមាននៅក្នុងព្រឹត្តិបត្រនិងសទ្ទានុក្រមនានា ដើម្បីឱ្យអ្នកប្រើប្រាស់ភាសាខ្មែរគ្រប់មជ្ឈដ្ឋានទាំងអស់ងាយស្រួល ចំណេញពេលវេលា និងថវិកា, ជាជំហានថ្មីមួយសម្រាប់ភាសាខ្មែរឆ្ពោះទៅរកឌីជីថលនីយកម្ម ដែលអាចផ្សព្វផ្សាយទូទាំងពិភពលោក និងអាចធ្វើបច្ចុប្បន្នភាពដោយបញ្ចូលបច្ចេកសព្ទថ្មីៗបន្ថែមទៀត តាមស្ថានភាពជាក់ស្ដែង ដើម្បីឱ្យភាសាខ្មែរយើងសម្បូរពាក្យបច្ចេកទេសសម្រាប់ប្រើប្រាស់តាមមុខជំនាញ។

លោកបណ្ឌិត សន ពៅ បានឱ្យដឹងថា ក្រៅពីការងារពិនិត្យអនុម័តបច្ចេកសព្ទរបស់គណៈកម្មការបច្ចេកទេសនានា រួមទាំងសំណើសុំពីក្រសួង ស្ថាប័នរដ្ឋ និងឯកជនផង ទាក់ទងនឹងការប្រើភាសាខ្មែរ ក្រុមប្រឹក្សាជាតិភាសាខ្មែរ បានបំពេញការងារជា ប្រវត្តិសាស្ត្រសំខាន់២ ដែលប្រមុខរាជរដ្ឋាភិបាលបានប្រគល់ជូនគឺ ការរៀបចំគោលនបាយជាតិស្តីពី ភាសាខ្មែរ និងការធ្វើវចនានុក្រមភាសាខ្មែរ៕