(ភ្នំពេញ)៖ ក្រុមគ្រួសារសពលោក ជ័យ ជឿន នៅថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២១នេះ បានទទួលថវិកាដ៏ថ្លៃថ្លា ដើម្បីសម្រួលដល់ជីវភាព ចំនួន១,០០០,០០០រៀល ពីលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និង៥០០,០០០រៀលទៀត ជាមួយអង្ករ៥០គីឡូក្រាម និងភេសជ្ជៈមួយចំនួន ពីលោក ជា ពិសី អភិបាលខណ្ឌទួលគោក។
លោក ជា ពិសី ក្នុងឱកាសប្រគល់ និងទទួលថវិកា គ្រឿងឧបភោគ បរិភោគ និងភេសជ្ជៈមួយចំនួននេះ បានពាំនាំការផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់លោក ឃួង ស្រេង ដល់ក្រុមគ្រួសារសពលោក ជ័យ ជឿន ផងដែរ បន្ទាប់ពីក្រុមគ្រួសារនៃសព សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅ និងសូមជូនពរផងដែរ ចំពោះអភិបាលរាជធានីភ្នំពេញ។
សូមជម្រាបថា លោក សេង សារ៉ាន់ ចៅសង្កាត់ទឹកល្អក់ទី២ ខណ្ឌទួលគោក និងសមាជិកគ្រួសារក្នុងបន្ទុកចំនួន៤នាក់ ដែលកំពុងសម្រាកព្យាបាលជំងឺកូវីដ១៩ នៅគេហដ្ឋាននៅថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២១ ក៏បានទទួលអំណោយជាថវិកា ដើម្បីជួយសម្រាលដល់ក្នុងជីវភាពចំនួន ២,០០០,០០០រៀល ពីលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និង៥០០០០០រៀលទៀតពីលោក ជា ពិសី អភិបាលខណ្ឌផងដែរ ក្រោយពីលោក ប៉ាវ សុខ សមាជិកក្រុមប្រឹក្សាខណ្ឌទួលគោក ព្រមទាំងក្រុមគ្រួសារ ដែលមានជំងឺកូវីដ១៩ ហើយកំពុងសម្រាកព្យាបាលនៅគេហដ្ឋាន កាលពីថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២១ ក៏បានទទួលស្បៀងអាហារដ៏ថ្លៃថ្លា និងថវិការបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដើម្បីសម្រាល់ដល់ក្នុងជីវភាពមួយចំនួន ពីក្រុមការងាររដ្ឋបាលខណ្ឌ ដែលស្ថិតក្រោមការយកចិត្តទុកដាក់ពីលោក ជា ពិសី អភិបាលខណ្ឌ៕