(ព្រះសីហនុ)៖ ដើម្បីជាការត្រៀមក្នុងការបើកទទួលភ្ញៀវទេសចរវ៉ាក់សាំងសម្រាប់ដំណាក់កាលទី១ នាចុងខែវិច្ឆិកានេះ ឱ្យទទួលបានជោគជ័យប្រកបដោយ ប្រសិទ្ធភាពខ្ពស់ សម្រាប់គោលដៅទេសចរសុវត្តិភាព លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល និងឯកជន ដើម្បីស្តារ និងលើកស្ទួយវិស័យទេសចរណ៍ក្នុង និងក្រោយវិបត្តិជំងឺកូវីដ-១៩ បានដាក់ចេញអនុសាសន៍ណែនាំ៦ចំណុច ដល់រដ្ឋបាលខេត្តព្រះសីហនុ និងរដ្ឋបាលខេត្តកោះកុង អនុវត្តឱ្យមាន ប្រសិទ្ធភាពខ្ពស់។
លោក ថោង ខុន បានដាក់ចេញអនុសាសន៍ណែនាំដូចនេះនាព្រឹកថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២១នេះ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយស្តីពី ការៀបចំក្រុងព្រះសីហនុ ក្រុងកោះរ៉ុង និងតារាសាគរ ជាគោលដៅទទួលទេសចរវ៉ាក់សាំង ដែលបានធ្វើឡើងនៅសណ្ឋាគារសុខា ខេត្តព្រះសីហនុ ដោយមានការចូលរួមពីលោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ, លោកស្រី មិថុនា ភូថង អភិបាលខេត្តកោះកុង មន្ត្រីពាក់ព័ន្ធ និងផ្នែកឯកជនផងដែរ។
អនុសាសន៍ណែនាំទាំង៦ចំណុចរបស់លោករដ្ឋមន្ត្រី ថោង ខុន រួមមាន៖
ទី១៖ ស្នើដល់លេខាធិការដ្ឋាន សហការបន្ទាន់ជាមួយរដ្ឋបាលខេត្តព្រះសីហនុ និងខេត្តកោះកុង ចាត់តាំងក្រុមការងារចម្រុះមួយ ដោយចាប់ផ្តើមការងារចាប់ពីពេលនេះតែម្តង។ ក្រុមការងារចម្រុះនេះត្រូវដើរតួនាទីជាមជ្ឈមណ្ឌលប្រមូលផ្តុំព័ត៌មាន និងជាក្បាលម៉ាស៊ីន សម្រេចកិច្ចការនានា នៅតាមតំបន់សុវត្ថិភាពដែលបានចង្អុលដោយ «ផែនការយុទ្ធសាស្ត្រ បើកទទួលទេសចរណ៍វ៉ាក់សាំង»។
ទី២៖ ស្នើឱ្យមានការគ្រប់គ្រងស្ថិតិ និងអត្តសញ្ញាណ អ្នកដំណើរចេញចូលតំបន់គោលដៅសុវត្ថិភាព ជាកិច្ចការស្នូល និងត្រូវរៀបចំប្រព័ន្ធគ្រប់គ្រងមួយតាមបែបបច្ចេកវិទ្យា ។
ទី៣៖ ស្នើដល់រដ្ឋបាលខេត្តទាំង២ មេត្តាបង្កើនការយកចិត្តទុកបន្ថែមទៀតចំពោះការប្រតិបត្តិនូវលក្ខណវិនិច្ឆ័យទាំងឡាយនៃ «ស្តង់ដាទីក្រុងស្អាត» ជាពិសេសចំពោះ សូចនាករដែលពាក់ព័ន្ធនឹងភាពស្អាត អនាម័យ និងការគ្រប់គ្រងសំណល់ឱ្យបានត្រឹមត្រូវ។
ទី៤៖ ស្នើដល់រដ្ឋបាលខេត្តទាំង២ សិក្សាលទ្ធភាពបន្ថែមអំពីការតភ្ជាប់តាមជើងហោះហើរ នូវការតភ្ជាប់តាមជើងទឹក និងជើងគោកផងដែរ ជាពិសេសការតភ្ជាប់ រវាងតំបន់សុវត្ថិភាពមួយ ទៅតំបន់សុវត្ថិភាពមួយទៀត «ក្រុងព្រះសីហនុ-ក្រុងកោះរ៉ុង-តារាសាគរ»។
ទី៥៖ ស្នើដល់រដ្ឋបាលខេត្តទាំង២ យកចិត្តទុកដាក់ជម្រុញប្រតិបត្តិករទេសចរណ៍ ដែលស្ថិតក្រោមដែនសមត្ថភាពរបស់ខ្លួនអនុវត្តឱ្យបានខ្ជាប់ខ្ជួន និងឱ្យកាន់តែប្រសើរនូវវិធានសុវត្ថិភាពទេសចរណ៍ និងនីតិវិធីប្រតិបត្តិស្តង់ដាអប្បបរមាក្នុងវិស័យទេសចរណ៍ និងត្រូវត្រួតពិនិត្យនៅតាមបណ្តាកន្លែងអាជីវកម្មក្នុងខេត្ត ដែលមិនទាន់ អនុវត្ត បាននូវវិធាន សុវត្ដិភាពទេសចរណ៍ (SOP) ត្រូវពង្រឹងការរៀបចំទីតាំង និងស្នើសុំឡាបិលវិធានសុវត្ថិភាពទេសចរណ៍ មុននឹងអនុញ្ញាតឱ្យបន្តបើកដំណើរការ ។
ទី៦៖ ស្នើឱ្យមានការប្រជុំតាមដានរៀងរាល់សប្តាហ៍ ដែលអ្នកទទួលខុសត្រូវតាមផែននីមួយៗ ត្រូវរាយការណ៍បច្ចុប្បន្នភាពការងាររបស់ខ្លួនជាប់ជាប្រចាំ។
លោករដ្ឋមន្ត្រី ថោង ខុន បានបន្ថែមថា នីតិវិធីនៃការបើកទទួលទេសចរណ៍វ៉ាក់សាំង មានកំណត់រួចជាស្រេចនូវវិធីសាស្ត្រក្នុងការជ្រើសរើសតំបន់ ឬគោលដៅទេសចរណ៍សុវត្ថិភាព នូវសូចនាករសមិទ្ធកម្មដូចជា អត្រានៃការចាក់វ៉ាក់សាំង៖ យ៉ាងតិច ៨០%នៃចំនួនប្រជាជនសរុប, អត្រាអ្នកជំងឺកូវីដ-១៩ កម្រិតមធ្យម និងកម្រិតធ្ងន់ចូលសម្រាកព្យាបាលនៅមន្ទីរពេទ្យ ក្នុងរយៈពេល ២សប្តាហ៍ចុងក្រោយ និងអត្រាស្លាប់នៃអ្នកជំងឺឆ្លងថ្មី ចុងក្រោយដូចគ្នា, ការវាយតម្លៃចំពោះសមត្ថភាព ឆ្លើយតប ព្យាបាល និងការគ្រប់គ្រងហានិភ័យរបស់គោលដៅនោះ និងត្រៀមលក្ខណៈនៃឧស្សាហកម្មទេសចរណ៍ ដែលក្នុងនោះមានសូចនាករ រង្វាស់ចំនួន ០២បន្ថែម ទៀតគឺយ៉ាងហោចអាជីវកម្មទេសចរណ៍ ៧៥% ទទួលបានឡាបិលវិធានសុវត្ថិភាពទេសចរណ៍ និងបុគ្គលិកបម្រើការងារក្នុងវិស័យទេសចរណ៍ទាំងអស់គ្នា បានចាក់វ៉ាក់សាំងគ្រប់ដូស។
លោករដ្ឋមន្ត្រី បានបន្ថែមថា សម្រាប់ទេសចរអន្តរជាតិ ដែលមកពីក្រៅប្រទេសត្រូវតែធ្វើដំណើរតាមយន្តហោះដើម្បីមកកាន់ក្រុងព្រះសីហនុ ឬភ្ជាប់ជើងហោះហើរ មកពីភ្នំពេញ ដែលធានាបាននូវសុវត្ថិភាព សម្រាប់ទេសចរវ៉ាក់សាំង ក្នុងនោះការចល័តពីគោលដៅសុវត្តិភាព ក្រុងព្រះសីហនុទៅ ក្រុងកោះរ៉ុង និងតារាសាគរ ឬទៅគោលដៅកោះដែលមានសុវត្ថិភាព ផ្សេងទៀតក្នុងខេត្ត ត្រូវតែធ្វើដំណើរតាមកប៉ាល់ ដើម្បីឱ្យរដ្ឋបាលខេត្ត អាចគ្រប់គ្រងបាន។
លោករដ្ឋមន្ត្រី ថោង ខុន បានបន្ថែមថា សម្រាប់ភ្ញៀវទេសចរមកតំបន់សុវត្ថិភាពនេះ មិនមានតម្រូវឱ្យមានកក់ប្រាក់នោះទេ ការចំណាយត្រូវធ្វើកិច្ចសន្យាផ្ទាល់ជាកញ្ចប់ជាមួយក្រុមហ៊ុនទេសចរណ៍ ឬជាមួយសណ្ឋាគារក្នុងតំបន់សុវត្តិភាព ដែលបានកក់ទុកជាមុនគឺអាចទូទាត់ជាមួយសណ្ឋាគារ និងភោជនីយដ្ឋានដោយខ្លួនឯងតែម្តង តែតម្រូវឱ្យមានការបង់ធារ៉ាប់រងចំនួនតែ ៩០ដុល្លារ ដើម្បធានារ៉ប់រងលើកការព្យាបាលក្នុងករណីកើតមានជំងឺ ដែលការធានានេះមានទំហំទឹកប្រាក់ធានា រហូតដល់៥ម៉ឺនដុល្លារ។
ចំពោះ ឯកសារធ្វើដំណើររបស់ទេសចរវ៉ាក់សាំង គឺមានភាពងាយស្រួលច្រើន ពោលគីគ្រាន់តែត្រូវបង្ហាញបណ្ណចាក់វ៉ាក់សាំង ឯកសារតេស្ត ៧២ម៉ោងមុនមកដល់កម្ពុជា។ ពេលមកដល់កម្ពុជា ត្រូវធ្វើតេស្ត rapid ម្តងទៀតដើម្បីបញ្ជាក់ ។ក្នុងករណីអវិជ្ជមាន ភ្ញៀវទេសចរអាចធ្វើការស្នាក់នៅ និងកំសាន្តក្នុងតំបន់សុវត្ថិភាពដោយសេរី ចំនូន៥ថ្ងៃ តែក៏តម្រូវធ្វើតេស្ត PCR ម្តងទៀត នៅថ្ងែទី៤ គី១ថ្ងៃមុនការចាកចេញពីតំបន់សុវត្ថិភាព ទៅកាន់គោលដៅផ្សេង ក្នុងប្រទេសឬ ក្រៅប្រទេស។
លោក គួច ចំរើន និងលោកស្រី មិថុនា ភូថង បានប្រកាសគាំទ្រនូវការសម្រេចរបស់រាជរដ្ឋាភិបាល ក្នុងការបើកទទួលទេសចរវ៉ាក់សាំងនេះ និងបានប្តេជ្ញាចិត្តខិតខំពង្រឹងការ រៀបចំសណ្តាប់ធ្នាប់ក្នុងខេត្តឱ្យបានកាន់តែល្អប្រសើរជាងមុនទៀត ជាមួយនឹងការរៀបចំចាត់ចែងគ្រប់មន្ត្រីពាក់ព័ន្ធទាំងអស់ ត្រៀមរៀបចំឱ្យបានរួចជាស្រេច ដើម្បីធានាបាន ក្នុងករណីមានបញ្ហាណាមួយបានកើតឡើងភ្លាមៗ អាចដោះស្រាយបានទាន់ពេលវេលាផងដែរ។
ជាមួយគ្នានោះដែរលោករដ្ឋមន្ត្រី ថោង ខុន ក៏បានប្រគល់ឯកសារមួយចំនួន និងម៉ាស់ចំនួន២០ម៉ឺន ជូនរដ្ឋបាលខេត្តព្រះសីហនុ ក្នុងនោះ៥ម៉ឺនម៉ាស់ ប្រគល់ជូនរដ្ឋបាលក្រុងកោះរ៉ុង ដែលជំនួយម៉ាស់នេះជារបស់ក្រុមហ៊ុន Wonderpass Technology៕