(ភ្នំពេញ)៖ ក្នុងពិធីបិទយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ សម្រាប់អ្នកដែលមានអាយុ៦ឆ្នាំឡើង និងបើកយុទ្ធនាការចាក់វ៉ាក់សាំងសម្រាប់កុមារអាយុ៥ឆ្នាំ នៅទីស្ដីការគណៈរដ្ឋមន្ត្រី នាថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២១នេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រកាសស្វាគមន៍ទេសចរបរទេសដែលចាក់វ៉ាក់សាំងបង្ការកូវីដរួចរាល់ ហើយចង់មកទស្សនាប្រទេសកម្ពុជា បន្ទាប់ពីផ្អាកសកម្មភាពទទួលទេសចរអន្តរជាតិជាងពីរឆ្នាំកន្លងមកនេះ។

ការបង្ខំឱ្យផ្អាកនូវសកម្មភាពទទួលភ្ញៀវទេសចរអន្តរជាតិយ៉ាងដូច្នេះ ក៏ព្រោះតែប្រទេសកម្ពុជា ក៏ដូចជាប្រទេសដទៃនៅលើសកលលោកបានរងនូវវិបត្តិជំងឺកូវីដ-១៩យ៉ាងធ្ងន់ធ្ងរ ជាហេតុនាំឱ្យចំនួនភ្ញៀវទេសចរអន្តរជាតិនៅលើសកលលោកមានការធ្លាក់យ៉ាងច្រើន រីឯឱកាសការងារ ចំណូលគ្រួសារ ចំណូលសេដ្ឋកិច្ចជាតិ វិស័យអាកាសចរណ៍ សេវាកម្មគាំទ្រនានា ក៏ដូចជាការដុសខាត់នូវជំនាញបន្ថែមនោះ ក៏សុទ្ធតែរងនូវវិបត្តិធ្ងន់ធ្ងរផងដែរ។

ទោះយ៉ាងណា រាជរដ្ឋាភិបាលកម្ពុជាក៏បានចាត់វិធានការជួយទ្រទ្រង់បានមួយកម្រិតចំពោះវិស័យទេសចរណ៍ ក៏ដូចជាវិស័យផ្សេងៗទៀត ព្រមទាំងបានខិតខំជំរុញផែនការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋឱ្យបាន១០លាននាក់ ក៏ដូចជាជនបរទេសក្នុងស្រុក ក្នុងអត្រាលើសផែនការគួរជាទីមោទនៈ។ ជាការពិត គិតមកដល់ពេលនេះ រាជរដ្ឋាភិបាលកម្ពុជាបានចាក់វ៉ាក់ជូនប្រជាពលរដ្ឋក្នុងប្រទេសបានគ្រប់ចំនួន១០លាននាក់ហើយ ពោលគឺស្មើនឹង១០០% នៃប្រជាពលរដ្ឋដែលត្រូវចាក់វ៉ាក់សាំងបង្ការកូវីដ-១៩នៅក្នុងផែនការ។

តាមរយៈការសម្រេចបានតាមផែនការនេះហើយ ទើបសម្ដេចតេជោនាយករដ្ឋមន្ត្រីបានប្រកាសបើកដំណើរប្រទេសពេញលេញឡើងវិញលើគ្រប់វិស័យ និងការរស់នៅជាមួយកូវីដតាមគន្លងប្រក្រតីភាពថ្មី ចាប់ពីថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២១ នេះតទៅ។

សម្ដេចតេជោ ហ៊ុ ន សែន បានថ្លែងបន្តយ៉ាងដូច្នេះថា «អ្វីដែលមិនទាន់ពេញលេញ គឺនៅត្រង់បញ្ហាទេសចរបរទេសមិនទាន់មាន តែទេសចរផ្ទៃក្នុងត្រូវបានបើកឡើងវិញហើយ...»

សម្ដេចតេជោបានលើកឧទាហរណ៍ថា នៅប្រទេសបារាំង អង់គ្លេស អ្នកដែលចូលទៅកាន់ប្រទេសទាំងនេះ គឺមិនតម្រូវឱ្យធ្វើចត្តាឡីស័កឡើយ ប៉ុន្តែសម្ដេចតេជោបានដាស់តឿនថា «ប្រទេសកម្ពុជាយើងកុំហ៊ានជ្រុលពេក» ពោលគឺមិនអាចអនុវត្តដូចប្រទេសទាំងនោះទាំងស្រុងបានឡើយ។

ជាមួយគ្នានោះ សម្ដេចតេជោ ហ៊ុន សែន ក៏បានលើកឡើងដែរថា វិស័យទេសចរណ៍ក៏នឹងត្រូវបើកដំណើរការជំហានៗឡើងវិញដែរ តួយ៉ាងនាថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១ ខាងមុខ កម្ពុជានឹងចាប់ផ្ដើមបើកទទួលទេសចរណ៍វ៉ាក់សាំង មានន័យថា បើកទទួលការមកទស្សនារបស់ទេសចរអន្តរជាតិដែលចាក់វ៉ាក់សាំងគ្រប់ដូសរួចរាល់។ ត្រង់ចំណុចនេះ រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាក្រសួងទេសចរណ៍បានរៀបចំគោលដៅទេសចរណ៍សម្រាប់ទេសចរណ៍វ៉ាក់សាំងចំនួន៣គោលដៅ រួមមាន «ក្រុងព្រះសីហនុ» «ក្រុងកោះរ៉ុង» នៃខេត្តព្រះសីហនុ និង «តំបន់វិស្សមកាលតារាសាគរ» នៃស្រុកបទុមសាគរ ខេត្តកោះកុង។

ភ្ញៀវទេសចរអន្តរជាតិដែលចូលមកដល់កម្ពុជា នឹងត្រូវធ្វើចត្តាឡីស័ករយៈពេល៥ថ្ងៃនៅក្នុងតំបន់គោលដៅទេសចរណ៍ទាំង៣នេះ ប៉ុន្តែមិនមែនធ្វើចត្តាឡីស័កក្នុងបន្ទប់ស្នាក់នៅដូចមុននោះទេ គឺអាចដើរទស្សនាកម្សាន្តនៅដែនរដ្ឋបាលនៃគោលដៅទាំង៣នេះបានយ៉ាងរីករាយ ពោលគឺប្រៀបបីដូចដើរលេងយ៉ាងដូច្នេះដែរ។

ការស្នាក់នៅ-ដើរកម្សាន្ត-ធ្វើចត្តាឡីស័កនៅក្នុងគោលដៅទាំង៣នេះទៀតសោត គឺតម្រូវឱ្យភ្ញៀវទេសចរបង់ប្រាក់ធានារ៉ាប់រងសុខភាពតែ៩០ដុល្លារអាមេរិកប៉ុណ្ណោះ ប៉ុន្តែប្រសិនបើមានបញ្ហាសុខភាព ឬត្រូវព្យាបាលជំងឺកូវីដ-១៩នោះ សាមីខ្លួននឹងទទួលអត្ថប្រយោជន៍ដល់ទៅ៥ម៉ឺនដុល្លារ។ បន្ទាប់ពីគ្រប់រយៈពេល៧ថ្ងៃហើយ ភ្ញៀវទេសចរត្រូវធ្វើតេស្តវិភាគរកមេរោគកូវីដ-១៩ ហើយប្រសិនបើចេញលទ្ធផលអវិជ្ជមាន ពួកគេអាចចេញដើរកម្សាន្តនៅទូទៅប្រទេសកម្ពុជាតទៀតបាន ដោយប្រកាន់ខ្ជាប់នូវវិធានការសុខាភិបាល និងវិធានសុវត្ថិភាពទេសចរណ៍។

សូមបញ្ជាក់ថា ប្រសិនបើជំហានដំបូងខាងលើនេះទទួលបានជោគជ័យ រាជរដ្ឋាភិបាលគ្រោងនឹងបើកគោលដៅសៀមរាប-អង្គរបន្ថែមទៀត ដើម្បីបង្កើនភាពទាក់ទាញទេសចរណ៍វ៉ាក់សាំងពីទីផ្សារទេសចរណ៍អន្តរជាតិបន្ថែមដែរ។ ប៉ុន្តែទោះជាយ៉ាងណា ប្រមុខរាជរដ្ឋាភិបាលកម្ពុជាបានបញ្ជាក់ថា ការទទួលភ្ញៀវទេសចរអន្តរជាតិនេះ ក៏ត្រូវមានការគិតគូរ រៀបចំ និងអនុវត្តឱ្យបានហ្មត់ចត់ផងដែរ សំដៅធ្វើយ៉ាងណាការពារសុវត្ថិភាពសុខភាពជូនប្រជាពលរដ្ឋ ក៏ដូចជាភ្ញៀវទេសចរអន្តរជាតិដែលមកទស្សនាកម្សាន្តនៅប្រទេសកម្ពុជា ពោលគឺកុំហ៊ានជ្រុល តែក៏មិនត្រូវខ្លាចជ្រុលពេកដែរ៕