(ភ្នំពេញ)៖ អំណោយជាគ្រឿងឧបភោគបរិភោគរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា តាមរយៈក្រុមហ៊ុន ៣ អិលអឹមធី អុិនវេសមុិន ឯ.ក ត្រូវបានប្រគល់ជូនរដ្ឋបាលរាជធានីភ្នំពេញ ដើម្បីចូលរួមចំណែកជួយសង្គ្រោះប្រជាពលរដ្ឋ ដែលរងគ្រោះដោយសារជំនន់ទឹកភ្លៀង នៅរាជធានីភ្នំពេញ។

ពិធីប្រគល់ទទួលនេះ បានធ្វើឡើង នារសៀលថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២១នេះ ក្រោមវត្តមាន លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងតំណាងក្រុមហ៊ុន ៣អិលអឹមធី អុិនវេសមុិន ឯ.ក នៅសាលារាជធានីភ្នំពេញ។

លោក ឃួង ស្រេង បានលើកឡើងថា ក្នុងនាមក្រុមប្រឹក្សារាជធានីភ្នំពេញ គណៈអភិបាលរាជធានីភ្នំពេញ និងខ្លួនលោកផ្ទាល់ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះក្រុមហ៊ុន ៣អិលអឹមធី អុិនវេសមុិន ឯ.ក ដែលបានចូលរួមជួយរាជរដ្ឋាភិបាល ឧបត្ថម្ភ អង្ករ ៥០តោន, ទឹកស៊ីអ៊ីវ ចំនួន ១,០០០យូ, ទឹកត្រីចំនួន ១,០០០យួរ, ត្រីខចំនួន ១,០០០យួរ, មីចំនួន ១,០០០កេសតូច, ទឹកបរិសុទ្ធ ចំនួន ១.០០០កេស ជូនរដ្ឋបាលរាជធានីភ្នំពេញ ដើម្បីចូលរួមចំណែកជួយសង្គ្រោះប្រជាពលរដ្ឋដែលរងគ្រោះដោយសារជំនន់ទឹកភ្លៀង។

ទឹកចិត្តសប្បុរសធម៌ដ៏ថ្លៃថ្លាមួយនេះ ស្តែងឱ្យឃើញអំពីការគិតគូរ និងក្តីអាណិតស្រឡាញ់ ចំពោះជនរួមជាតិ ដោយឈរលើបុព្វហេតុជាតិ សាមគ្គីជាធ្លុងមួយក្នុងស្មារតីជួយគ្នា នៅក្នុងកាលៈទេសៈ ដែលប្រទេសជាតិ កំពុងប្រយុទ្ធប្រឆាំងជាមួយនឹងជំងឺកូវីដ១៩ ហើយប្រជាជនរាជធានីភ្នំពេញ កំពុងរងគ្រោះដោយសារជំនន់ទឹកភ្លៀងថែមទៀត។ សមានចិត្តដ៏ប្រពៃនេះ នឹងត្រូវបានចងចាំទុក ដោយរាជរដ្ឋាភិបាល រដ្ឋបាលរាជធានីភ្នំពេញ និងប្រជាពលរដ្ឋកម្ពុជាទាំងអស់៕