(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអះអាងថា រដ្ឋាភិបាលមិនក្ស័យធុននោះទេ បើទោះជាត្រូវចាក់ដូសទី៤ ជូនប្រជាពលរដ្ឋដោយមិនគិតថ្លៃ ខណៈការចំណាយលើវិធានមួយចំនួនត្រូវបានកាត់បន្ថយ។
ថ្លែងក្នុងឱកាសអញ្ជើញបិទយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ សម្រាប់អ្នកមានអាយុ៦ឆ្នាំឡើង និងបើកយុទ្ធនាការចាក់សម្រាប់ក្មេងអាយុ៥ឆ្នាំ នាវិមានសន្តិភាព នាព្រឹកថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២១នេះ។
សម្តេចតេជោ ហ៊ុន សែន បានអះអាងយ៉ាងដូច្នេះថា៖ «ចំពោះបញ្ហាដូសទី៤ ពិតហើយយើងដឹងថា យើងមានទម្ងន់ថវិកា យើងលំបាកក៏ប៉ុន្តែ រាជរដ្ឋាភិបាល អាចនឹងកាត់បន្ថយការចំណាយផ្នែកដទៃ ដើម្បីយកលុយមកទិញវ៉ាក់សាំង យើងនៅតែអាចធ្វើបាន ហើយហៅថារដ្ឋាភិបាលក្ស័យធន់នឹងមិនមានទេ យ៉ាងហោចណាស់ ក៏ក្នុង១ខែ យើងរកបានជាមធ្យម ៤០០លានដុល្លារដែរ បើទោះបី២ខែចុងក្រោយនេះ យើងមិនគ្រប់៤០០លានដុល្លារ ក៏ប៉ុន្តែ វាក្រៀកៗ៤០០លានដុល្លារដែរ ក្នុង១ខែ ដែលរាជរដ្ឋាភិបាល មិនអាចក្លាយទៅជារដ្ឋាភិបាល ក្ស័យធន់ទេ ក៏ប៉ុន្តែ វាបានធ្វើឱ្យវាខោចលើការវិនិយោគ និងការចំណាយចរន្តទៅលើផ្នែកដទៃទៀត ដែលយើងត្រូវកាត់បន្ថយចំណាយទាំងនោះ»។
ជុំវិញចំណុចនេះដែរ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា សម្រាប់ដំណាក់កាលនេះ គឺរដ្ឋាភិបាលបានត្បិតត្បៀតខ្លាំងណាស់ ជាមួយនឹងការជ្រើសរើសបុគ្គលិកថ្មី នៅតាមស្ថាប័ននានា ការធ្វើបែបនេះ គឺដើម្បីកុំឱ្យបន្ទុកបុគ្គលិកធ្ងន់។
សម្តេចតេជោ ហ៊ុន សែន បានឱ្យដឹងថា រាជរដ្ឋាភិបាលនឹងប្រឹងប្រែង ហើយក៏មានការគាំទ្រពីដៃគូរអភិវឌ្ឍន៍ រាប់ទាំងធនាគារអភិវឌ្ឍន៍អាស៊ី ធនាគារអភិវឌ្ឍន៍ហេដ្ឋារចនាសម័ន្ធអាស៊ី ក៏មានការគាំទ្រដំណើរការវ៉ាក់សាំងហ្នឹងដែរ ហើយយើងអត់បានចាយលុយអ្នកទាំងហ្នឹងទេណា គឺយើងមានលទ្ធភាពទៅចាយលុយផ្សេង»។
ប្រមុខនៃរាជរដ្ឋាភិបាល បានបន្ថែមថា៖ «ខ្ញុំគិតថាពេលនោះ យើងសុំឱ្យបណ្តាលក្រុមហ៊ុនដែលមានបុគ្គលិក ទទួលខុសត្រូវទៅលើខ្លួនឯងទៅលើបញ្ហាការចាក់វ៉ាក់សាំងសម្រាប់បុគ្គលិក កម្មកររបស់ខ្លួន អ្នកដែលមានលទ្ធភាព គឺចាក់ទៅតាមការជ្រើសរើសរបស់ខ្លួន ដែលអាចនឹងទទួលបានវ៉ាក់សាំង និងអាចទទួលខុសត្រូវវ៉ាក់សាំងចាក់ខ្លួនឯង ប៉ុន្តែ សម្រាប់ប្រជាជនក្រីក្រទូទៅយើងចាក់ដោយមិនបង់ថ្លៃនោះទេ»។
សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា ពេលនេះ ជាពេលវេលាសម្រាប់ជួយប្រជាជន ពោលមិនត្រូវតែចេញថ្លៃចាក់វ៉ាក់សាំងនោះទេ គឺសព្វថ្ងៃក្នុងមួយខែរដ្ឋាភិបាល បានបញ្ចេញថវិកាប្រមាណ ៤០លានដុល្លារ សម្រាប់ចិញ្ចឹមប្រជាជន។ សម្តេចតេជោ ហ៊ុន សែន រំពឹងថា នៅពេលដែលតម្រូវឱ្យចាក់ដូសទី៤ អាចនាពេលនោះដំណើរការសេដ្ឋកិច្ចរបស់កម្ពុជា សេដ្ឋកិច្ចរបស់កម្ពុជានឹងកើនឡើងវិញពេលនោះគឺអាចទូទាត់គ្មានបានសម្រាប់ថ្លៃចំណាយលើវ៉ាក់សាំង។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ខ្ញុំសូមប្រកាសថា បើទោះបីជាតម្រូវចាក់ដូសទី៤ ក៏យើងត្រូវតែចាក់ ព្រោះបើយើងមិនចាក់វាបាត់បង់ប្រសិទ្ធភាពរបស់វា វានឹងធ្វើឱ្យអ្វីដែលយើងខិតខំចំណាយ ខិតខំប្រឹងប្រែងដូសទី១ ដូសទី២ ដូសទី៣ វាអត់មានតម្លៃ អញ្ចឹងទេយើងត្រូវតែត្រៀមបម្រុងទុនមួយចំនួន ដើម្បីត្រៀមចាក់ដូសទី៤ដែរ សិក្សាមើលបន្ទាប់ដូសទី៣ហើយ តើការវិវត្តន៍យ៉ាងម៉េច»។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្រាប់យន្តការដែលមានការពាក់ព័ន្ធត្រូវតែផ្តល់ការគាំទ្រ និងបើកទូលាយ ដល់សេវាសុខាភិបាលឯកជន ដើម្បីអនុញ្ញាតឱ្យពួកគេអាចចូលរួមយ៉ាងសកម្ម និងឱ្យបានពេញលេញ ទាំងលើការព្យាបាលជំងឺកូវីដ១៩ ទាំងលើការផ្គត់ផ្គង់ឱសថ ព្រមទាំងការចាក់វ៉ាក់សាំងកូវីដ១៩ ក្នុងតម្លៃសមរម្យ៕