(បាត់ដំបង)៖ រដ្ឋបាលខេត្តបាត់ដំបង បានធ្វើឡើងនាព្រឹកថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២១ ដោយបើកយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដូសទី១ ជូនដល់កុមារមានអាយុ៥ឆ្នាំ នៅតាមបណ្តាក្រុង-ស្រុកទាំង១៤ ទូទាំងខេត្ត។
សម្រាប់ក្រុងបាត់ដំបង ការបើកយុទ្ធការចាក់វ៉ាក់សាំងនេះ បានធ្វើឡើងក្រោមវត្តមានលោក សុខ លូ អភិបាលខេត្ត អមដំណើរដោយអភិបាលរងខេត្ត និងមន្រ្តីរាជការមួយចំនួន ព្រមទាំងក្រុមគ្រូពេទ្យជួរមុខ នៃមន្ទីរសុខាភិបាលខេត្តមួយចំនួន នៅក្នុងបរិវេណសាលាមត្តេយ្យធនធាន ក្រុងបាត់ដំបង។
សូមបញ្ជាក់ថា ប្រជាពលរដ្ឋ ឬអាណាព្យាបាល ដែលនាំកូនមកទទួលវ៉ាក់សាំងការពារកូវីដ-១៩ ត្រូវភ្ជាប់មកជាមួយនូវឯកសារ (ថតចម្លង) ពាក់ព័ន្ធរួមមាន៖ សំបុត្រកំណើត ឬសំបុត្របញ្ជាក់កំណើត, សៀវភៅគ្រួសារ ឬសៀវភៅស្នាក់នៅ ឬលិខិតបញ្ជាក់ពីអាជ្ញាធរមានសមត្ថកិច្ច៕