(ព្រៃវែង)៖ លោកជា សុមេធី អភិបាលខេត្តព្រៃវែង នៅថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២១នេះ បានដឹកនាំក្រុមការងារបើកយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូូវីដ១៩ ជូនកុមារអាយុ ៥ឆ្នាំ នៅការិយាល័យសុខាភិបាល ស្រុកប្រតិបត្តិពារាំង ស្រុកពារាំង។
នៅក្នុងពិធីបើកយុទ្ធនាការចាក់វ៉ាក់សាំងកុមារអាយុ ៥ឆ្នាំនោះ ក៏មានការចូលរួមពីអាជ្ញាធរមូលដ្ឋាន កងកម្លាំងប្រដាប់អាវុធទាំងបី និងមន្ទីរពាក់ព័ន្ធជុំវិញខេត្តផងដែរ។
លោក ជា សុមេធី បានស្នើដល់អាណាព្យាបាលកុមារទាំងអស់ ត្រូវនាំកុមារមកចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ហើយត្រូវភ្ជាប់មកជាមួយនូវឯកសារបញ្ជាក់អត្តសញ្ញាណមួយក្នុងចំណោមឯកសារបញ្ជាក់អត្តសញ្ញាណដូចជា សំបុត្រកំណើត សៀវភៅគ្រួសារ សៀវភៅស្នាក់នៅ ឬលិខិតឆ្លងដែន។
លោកអភិបាលខេត្ត ក៏បានថ្លែងអំពាវនាវឱ្យប្រជាពលរដ្ឋ មាតាបិតា អាណាព្យាបាល នាំកូនចៅ ក្មួយៗ មកទទួលការចាក់វ៉ាក់សាំងនៅទីតាំង និងកាលបរិច្ឆេទដែលបានកំណត់ ដើម្បីធានាបាននូវសន្តិសុខ សណ្តាប់ធ្នាប់ របៀបរៀបរយ និងសុវត្តិភាពខ្ពស់ គឺត្រូវអនុវត្តឲ្យបានម៉ឺងម៉ាត់នូវវិធានការរបស់ក្រសួងសុខាភិបាល៕