(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២១នេះ បានគូសបញ្ជាក់ថា ចាប់តាំងពីផ្ទុះជំងឺកូវីដ-១៩ រហូតមកដល់ពេលនេះ កម្ពុជា បានចំណាយថវិកាអស់២,៣០០លានដុល្លារ សម្រាប់ប្រយុទ្ធប្រឆាំងកូវីដ-១៩ ហើយក្នុងនោះ ចំណាយថវិកាអស់ជាង៤០០លានដុល្លារ សម្រាប់សង្គ្រោះប្រជាពលរដ្ឋក្រីក្រ។
ការគូសបញ្ជាក់បែបនេះ ធ្វើឡើងក្នុងឱកាសដែល សម្ដេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីភាព ក្នុងពិធីបិទយុទ្ធនាការ ចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ សម្រាប់អ្នកមានអាយុ៦ឆ្នាំឡើង និងបើកយុទ្ធនាការ ចាក់សម្រាប់កុមារ មានអាយុ៥ឆ្នាំ នាព្រឹកថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២១នេះ។
សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងដូច្នេះថា «ការចំណាយរបស់យើង ដែលបានចាយទៅហើយ ឆ្នាំនេះអាច ១,៥០០លានដុល្លារ និងឆ្នាំមុន អស់៨០០លានដុល្លារ ដែលគិតលេខគត់សរុបចំនួន២,៣០០លានដុល្លារ»។
សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថា គ្រាន់តែចាយលុយ សម្រាប់សង្គ្រោះប្រជាពលរដ្ឋក្រីក្រ អស់ប្រមាណជាង៤០០លានដុល្លារ ក្នុងដំណាក់កាលកូវីដ-១៩។
សម្ដេចតេជោ ហ៊ុន សែន បានឲ្យដឹងថា មានគ្រួសារជិត៧០ម៉ឺនគ្រួសារ មុនកូវីដ-១៩ ជីវភាពលំបាក ដល់ក្នុងដំណាក់កូវីដ-១៩ ជីវភាពពួកគាត់ មានភាពប្រសើរ ដោយសារការងាររបស់ពួកគេ នៅតែរកបាន និងថែមដោយថវិការដ្ឋ ជូនដល់ពួកគាត់ថែមទៀត។
បន្ថែមពីនោះទៀត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានបញ្ជាក់ថា រាជរដ្ឋាភិបាល នៅតែធានាខុសត្រូវនូវបញ្ហានេះ បន្ថែមទៅដោយកម្មករបាត់បង់ការងារធ្វើ ដែលត្រូវផ្ដល់ឲ្យពួកគាត់៤០ដុល្លារក្នុងមួយម្នាក់ បូកនិងថៅកែទៀតបាន៧០ដុល្លារ ឯផ្នែកសណ្ឋាគារជួយ៤០ដុល្លារក្នុងមួយខែ។
សម្ដេចតេជោ ហ៊ុន សែន បានបន្ថែមថា នេះជាការទទួលខុសត្រូវមួយ របស់រាជរដ្ឋាភិបាល ចំពោះជីវភាពរបស់ប្រជាពលរដ្ឋ ដោយមិនទាន់គិតទៅដល់ ការចំណាយនានាបន្ថែម ទាក់ទងនឹងវ៉ាក់សាំង ថ្នាំព្យាបាល និងការការពារព្យាបាលផ្សេងៗទៀត។
គូសបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញវិធានការបន្ថែម ដើម្បីបន្តគ្រប់គ្រងផលប៉ះពាល់ លើវិស័យសំខាន់នៃសេដ្ឋកិច្ច ក្នុងការស្តារ និងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ក្នុងអំឡុង និងក្រោយវិបត្តិកូវីដ១៩ ដល់ជុំទី១០ហើយ។
ដើម្បីជួយឲ្យមានការស្តារឡើងវិញ នៃសេដ្ឋកិច្ច ពិសេសលើវិស័យកាត់ដេរ-វាយនភណ្ឌ, ស្បែកជើង, ផលិតផលធ្វើដំណើរ កាបូប និងវិស័យទេសចរណ៍ រាជរដ្ឋាភិបាលកម្ពុជា សម្រេចបន្តជួយដល់វិស័យទាំង២នេះ សម្រាប់រយៈពេល៣ខែបន្ថែមទៀត ចាប់ពីខែតុលា ដល់ធ្នូ ឆ្នាំ២០២១។
ការជួយនេះ តាមរយៈការផ្តល់ប្រាក់ឧបត្ថម្ភដល់កម្មករ និយោជិត ដែលបានព្យួរកិច្ចសន្យាការងារ សម្រាប់វិស័យកាត់ដេរ និងការអនុគ្រោះផ្នែកពន្ធ សម្រាប់វិស័យទេសចរណ៍៕