(កំពង់ឆ្នាំង)៖ លោក ស៊ុន សុវណ្ណរិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង នៅព្រឹកថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២១នេះ បានចុះដោះស្រាយទំនាស់ និងចែកអំណោយជូនប្រជាពលរដ្ឋ ១១១គ្រួសារ នៅឃុំជ្រៃបាក់ ស្រុករលាប្អៀរ។ ពិធីនេះបានធ្វើទ្បើងក្នុង កិច្ចប្រជុំដោះស្រាយទំនាស់ជូនប្រជាពលរដ្ឋ នៅវិទ្យាស្ថានបូលីណូ ស្ថិតនៅក្នុងភូមិទួលខ្សាច់ ឃុំជ្រៃបាក់ ស្រុករលាប្អៀរ ក្នុងយុទ្ធនាការដោះស្រាយទំនាស់ជូនប្រជាពលរដ្ឋនៅទូទាំងខេត្ត ។
លោក ស៊ុន សុវណ្ណរិទ្ធិ បានឲ្យដឹងថា បើតាមរបាយការណ៍របស់ក្រុងស្រុក សំណុំរឿងដែលបានប្ដឹងមករដ្ឋបាលខេត្តសរុបមានចំនួន៧១៦ ក្នុងនោះបានដោះស្រាយបញ្ចប់ ចំនួន ៣៦៣រឿង និងនៅសល់ជាង៣០០រឿងទៀត កំពុងដោះស្រាយបន្ត។ លោកអភិបាលខេត្ត បានថ្លែងបន្តថា ដោយឡែករូបលោកម្នាក់ឯងថ្ងៃនេះ បានដោះស្រាយបញ្ចប់ទំនាស់ចំនួន៣រឿង នៅក្នុងស្រុករលាប្អៀរ។ ក្នុងនោះ២រឿង គឺជាទំនាស់ដីធ្លីនៅក្នុងឃុំអណ្ដូងស្នាយ និង១រឿងទៀតជារឿងទំនាស់សុំបើកផ្លូវជូនប្រជាពលរដ្ឋនៅក្នុងភូមិទួលខ្សាច់ ឃុំជ្រៃបាក់ ដែលភាគីអ្នកបិទផ្លូវបានស្ម័គ្រចិត្តវាយរបង ភូមិខ្លួនឯង ដើម្បីបើកផ្លូវជូនប្រជាពលរដ្ឋក្នុងភូមិប្រើ ប្រាស់ជាធម្មតាវិញ។
លោកអភិបាលខេត្ត ក៏បានណែនាំដល់ក្រុមការងារទាំងអស់ការចុះដោះស្រាយទំនាស់ថា ត្រូវតែដោះស្រាយដោយឆន្ទៈ និងដោយអព្យាក្រិត ឈរលើគោលការណ៍ច្បាប់ ក្នុងនោះអ្នកដោះស្រាយ មិនត្រូវមានផលប្រយោជន៍ពាក់ព័ន្ធក្នុងរឿងទំនាស់ទាំង អស់នោះឡើយ ទើបយើងដំណើរការដោះស្រាយទំនាស់ទទួលបានជោគជ័យ។
លោកក៏បានដាស់តឿនដល់មន្រ្តីគ្រប់ជាន់ថ្នាក់ថា បើមានមន្ត្រីណាមួយប្រើអំណាចជិះជាន់ប្រជាពលរដ្ឋនោះ រដ្ឋបាលខេត្តនឹងដកចោលមិនទុកឡើយ ព្រោះថាមន្ត្រីរាជការ គឺជាអ្នកបម្រើរាស្ត្រមិនមែនជាចៅហ្វាយរាស្ត្រនោះឡើយ ។ ជាមួយគ្នានេះដែរ លោក ក៏បានលើកឡើងថា បើមេភូមិល្អនោះមេឃុំមិនឈឺក្បាលឡើយ បើមេឃុំល្អនោះអភិបាលស្រុកមិនឈឺក្បាលឡើយ និងបើអភិបាលក្រុងស្រុកល្អ នោះអភិបាលខេត្តពិតជាមិនឈឺក្បាលជាមួយនឹងការដោះស្រាយបញ្ហាជូនពលរដ្ឋនោះដែរ។
លោកបានបញ្ជាក់បន្ថែមថា នៅក្នុងយុទ្ធនាការដោះស្រាយទំនាស់រយៈពេលមួយខែវិច្ឆិកានេះរដ្ឋបាលខេត្ត និងដោះស្រាយរឿងទំនាស់ឲ្យបានទាំងអស់។ ចំពោះ រឿងណាហួសសមត្ថភាពរបស់ខេត្ត ខេត្តនឹងស្នើសុំគោលការពីប្រមុខរាជរដ្ឋាភិបាល ជួយដោះស្រាយបន្តទៀត ដោយមិនទុករឿងហេតុទាំងនោះឱ្យក្លាយទៅជារឿងដំបៅមហារីកនោះឡើយ ។
នៅក្នុងឱកាសនៃពិធីប្រជុំដោះស្រាយទំនាស់ខាងលើនេះ លោកឡុង ឈុនឡៃ ប្រធានក្រុមប្រឹក្សាខេត្ត និងលោកស្រី កែ ច័ន្ទមុនី អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ឆ្នាំង ក៏បានចូលរួមចែកអំណោយរបស់ លោកបណ្ឌិតសុភាចារ្យ អ៊ុក រ៉ាប៊ុន ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តកំពង់ឆ្នាំង ជូនប្រជាពលរដ្ឋចំនួន១១១ គ្រួសារនៅក្នុងស្រុករលាប្អៀរដែលរងផលប៉ះពាល់ដោយសារជំងឺកូវីដ-១៩ផងដែរ។ អំណោយនោះ គឺក្នុងមួយគ្រួសារៗទទួលបានអង្ករ ២៥ គីឡូ, មី ១កេស, ទឹកត្រី ១យួរ, ទឹកស៊ីអ៊ីវ ១យួរ និងត្រីខ ចំនួន១០កំប៉ុង។
បន្ថែមពីនោះ លោកអភិបាលខេត្ត ក៏បានប្រកាសដាក់ឱ្យដំណើរការជួសជុលផ្លូវពីរខ្សែ ដែលមួយខ្សែមានប្រវែង៤២៥ម៉ែត្រ និងមួយខ្សែទៀតមានប្រវែង ១,៦០០ ម៉ែត្រនៅក្នុងឃុំជ្រៃបាក់ ស្រុករលាប្អៀរផងដែរ ៕