(ភ្នំពេញ)៖ លោក សុខ សម្បត្តិ អភិបាលខណ្ឌព្រែកព្នៅ បានចេញសេចក្ដីប្រកាសជូនដំណឹងថ្មីមួយទៀត ដល់បងប្អូនប្រជាពលរដ្ឋ ដែលជាមាតាបិតា-អាណាព្យាបាល នឹងអ្នកគ្រប់គ្រងមណ្ឌលថែទាំកុមារ ព្រមទាំងសាធារណៈជនទាំងអស់ឱ្យបានជ្រាបថា រដ្ឋបាលខណ្ឌ នឹងរៀបចំកម្មវិធីចាក់វ៉ាក់សាំងដូសទី១ ជូនដល់កុមារគ្រប់រូប អាយុ៥ឆ្នាំ ដែលមានទីលំនៅអចិន្ត្រៃយ៍ ស្ថិតនៅក្នុងមូលដ្ឋានខណ្ឌ ចំនួន៤ទីតាំងផ្សេងៗគ្នា ដែលនឹងប្រព្រឹត្តទៅ (នៅថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២១)។

លោក សុខ សម្បត្តិ ក្នុងនាមក្រុមការងារចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ១៩ នៃរដ្ឋបាលខណ្ឌព្រែកព្នៅ បានបញ្ជាក់ថា ការចេញសេចក្ដីជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋ ជាមាតាបីតា-អាណាព្យាបាល នឹងអ្នកគ្រប់គ្រងមណ្ឌលថែទាំកុមារ ព្រមទាំងសាធារណៈជនទាំងអស់ ស្ដីពីការរៀបចំកម្មវិធីចាក់វ៉ាក់សាំងដូសទី១ ជូនដល់កុមារគ្រប់រូប អាយុ៥ឆ្នាំ នេះបានធ្វើឡើង បន្ទាប់ពីទទួលបានការប្រគល់ភារកិច្ច ពីអនុគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ១៩ ក្នុងក្របខ័ណ្ឌរាជធានីភ្នំពេញ និងក្រោយពីយុទ្ធនាការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋ ដែលមានអាយុ១៨ឆ្នាំឡើង កុមារ-យុវវ័យ អាយុចាប់ពី១២ឆ្នាំ ដល់ក្រោម១៨ឆ្នាំ និងកុមារអាយុចាប់ពី៦ឆ្នាំ ដល់ក្រោម១២ឆ្នាំ សម្រេចបាន ១០០% នៃផែនការកំណត់ ហើយកំពុងចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ «ដូសជុំរុញ» នៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ដែលស្ថិតក្រោមការដឹកនាំដោយឈ្លាសវៃ និងប្រកបដោយកិត្តិបណ្ឌិតរបស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា។

សូមជម្រាបថា ទីតាំងចាក់វ៉ាក់សាំងដូសទី១ សម្រាប់ដល់កុមារគ្រប់រូប អាយុ៥ឆ្នាំ ចំនួន៤កន្លែង ដែលបានរៀបចំឡើងដោយរដ្ឋបាលខណ្ឌព្រែកព្នៅ រួមមាន៖ មណ្ឌលចាក់វ៉ាក់សាំង នៃមន្ទីរពេទ្យបង្អែកព្រែកព្នៅ ក្នុងសង្កាត់ព្រែកព្នៅ, មណ្ឌលចាក់វ៉ាក់សាំង នៃមណ្ឌលសុខភាពសំរោង, ក្នុងសង្កាត់សំរោង, មណ្ឌលចាក់វ៉ាក់សាំង នៃមណ្ឌសុខភាពពញាពន់ ក្នុងសង្កាត់ពន្សាំង, នឹងមណ្ឌលចាក់វ៉ាក់សាំង នៃមណ្ឌលសុខភាពគោករកា ក្នុងសង្កាត់គោករកា៕