(រតនគិរី)៖ លោក ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី បានក្រើនរំលឹកដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធគ្រប់លំដាប់ថ្នាក់ ឱ្យផ្តល់នូវការគាំទ្រ និងចូលរួមសហការជាមួយ អភិបាលស្រុកអណ្តូងមាស ដែលទើបទទួលការតែងតាំងថ្មីពួតដៃគ្នា អនុវត្តទៅតាមតួនាទីភារកិច្ចរបស់ខ្លួន ដើម្បីធ្វើឱ្យមូលដ្ឋាន មានការអភិវឌ្ឍជាបន្តបន្ទាប់បន្ថែមទៀត។
ការក្រើនរំលឹកបែបនេះ បានធ្វើឡើងក្នុងឱកាស ដែលរូបលោកបានអញ្ជើញ ជាអធិបតីក្នុងពិធីប្រកាសចូលកាន់មុខតំណែងអភិបាលស្រុកអណ្តូងមាស នៅព្រឹកថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២១។
លោកញ៉ែម សំអឿន ក៏បានលើកយកនូវអភិក្រមទាំង៥ របស់សម្តេចតេជោ នាយករដ្ឋមន្ត្រីកម្ពុជាដើម្បីជាការរំឮកដល់មន្ត្រីទាំងអស់ថា មិនថាមន្ត្រីចាស់ ឬមន្ត្រីដែលត្រូវតែងតាំថ្មីនោះទេ ត្រូវតែចងចាំជានិច្ច និងអនុវត្ត ដើម្បីសម្រេចបាននូវសមិទ្ធផលថ្មីៗមន្ថែមទៀត ជូនអង្គភាព ប្រជាពលរដ្ឋ និងជាតិមាតុភូមិកម្ពុជានោះ គឺឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និងវះកាត់ ហើយចៀសវាងឱ្យបាននូវពាក្យថាមន្ត្រីជើងដប់។
លោកអភិបាលខេត្ត បានបន្តថា ជាពិសេសអភិបាលស្រុកថ្មី ត្រូវខិតខំប្រឹងប្រែងឱ្យអស់ពីសមត្ថភាពក្នុងការបម្រើប្រជាពលរដ្ឋ និងអភិវឌ្ឍន៍មូលដ្ឋានរបស់ខ្លួន ដើម្បីបម្រើតម្រូវការសំណូមពរ និងសេវារដ្ឋបាលសេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យបានកាន់តែមានប្រសិទ្ធភាពខ្ពស់។
សូមរំលឹកផងដែលថា តាមប្រកាសរបស់រាជរដ្ឋាភិបាល សម្រេចតែងតាំង លោក កង សារឿន ឋានន្តរស័ក្តិ ឧត្តមមន្រ្តីថ្នាក់លេខ៥ ឱ្យកាន់មុខតំណែងជាអភិបាលស្រុកអណ្តូងមាស ជំនួសលោកខេន សានិតអតីតអភិបាលស្រុកទទួលមរណភាពដោយរោគាពាធ។
នាក្នុងព្រឹកថ្ងៃដដែលនេះ លោកកង សារឿន ត្រូវបានប្រកាសតែងតាំងប្រធានគណៈកម្មាធិការគណបក្សស្រុកអណ្តូងមាសជំនួស លោករម៉ាស់ ប៉ុញ ដែលមានវ័យចំណាស់ត្រូវការពេលវេលាសម្រាកច្រើន ហើយ ដើម្បីជាចំណងដៃ និងបង្កើនភាពស្និទ្ធស្នាលដែលរូបលោកទើបទទួលតំណែងថ្មីជាអភិបាលខេត្តរតនគិរីនោះ គឺជនចាស់ជរាចំនួន៥នាក់ ហើយម្នាក់ៗទទួលអំណោយពីរូបលោកមានដូចជា៖ ត្រីខ១យួរ, ទឹកស៊ីអ៊ាវ១យួរ, មី១កេស, អង្ករ១បេទំងន់៥០គីឡូក្រាម និងថវិកាមួយចំនួនក្នុងម្នាក់ៗផងដែរ៕