(ភ្នំពេញ)៖ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នាថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២១នេះ បានបញ្ជាក់ប្រាប់បណ្ដាញព័ត៌មាន Fresh News ឱ្យដឹងថា រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី២៩-៣១ ខែតុលា ឆ្នាំ២០២១ នៅទូទាំងប្រទេសកម្ពុជាទទួលបានភ្ញៀវទេសចរសរុបចំនួន ១៩៣,៤១៧ នាក់ កើនឡើង ៣៨.២៨% ធៀបនឹងចុងសប្តាហ៍ទី៣នៃខែតុលា។

ក្នុងចំណោមភ្ញៀវទេសចរសរុបទាំងនោះមានភ្ញៀវជាតិ ១៨៨,៤៧២ នាក់ និងភ្ញៀវបរទេសផ្ទៃក្នុង ៤,៩៤៥ នាក់។ ចំនួនភ្ញៀវទេសចរបរទេសផ្ទៃក្នុងនៅចុងសប្ដាហ៍ទី៤នៃខែតុលានេះ គឺមានការកើនឡើងគួរឱ្យកត់សម្គាល់។

លោករដ្ឋមន្ត្រី ថោង ខុន បានបន្តថា រយៈពេលពេញមួយខែតុលា ឆ្នាំ២០២១ ភ្ញៀវសរុបដែលបានចេញដើរកម្សាន្តមានចំនួន ១,៤៨៣,០៩៩ នាក់ កើនឡើង ៤០៣.១៦% ពោលគឺកើនឡើងប្រមាណ៤ដង ធៀបនឹងខែកញ្ញាកន្លងមក។

គោលដៅទេសចរណ៍សំខាន់ៗក្នុងខែតុលា រួមមាន៖
* ខេត្តកំពត៖ ២៣០,០៤៦ នាក់
* ខេត្តព្រះសីហនុ៖ ១៩៨,៩៦៥ នាក់
* ខេត្តកែប៖ ១៤៨,២១៣ នាក់
* រាជធានីភ្នំពេញ៖ ១២២,៣១៥ នាក់
* ខេត្តពោធិ៍សាត់៖ ១០៨,១៤០ នាក់
* ខេត្តសៀមរាប៖ ៨៣,៣៩៤ នាក់
* ខេត្តបាត់ដំបង៖ ៧៤,៣៧១ នាក់
* ខេត្តកំពង់ចាម៖ ៧២,១២៩ នាក់។

រដ្ឋមន្ត្រីក្រសួងទេសចរណ៍ក៏បានបង្ហាញការកត់សម្គាល់ដែរថា ចំនួនទេសចរណ៍ផ្ទៃក្នុងដែលមានចំនួនច្រើនក្នុងខែតុលានេះ គឺបានមកអាស្រ័យដោយរាជរដ្ឋាភិបាលបានអនុញ្ញាតឲ្យរមណីយដ្ឋាន និងគោលដៅទេសចរណ៍ទូទាំងប្រទេសបើកដំណើរការឡើងវិញតាមគន្លងប្រក្រតីភាពថ្មី ខណៈដែលវិធានការរដ្ឋបាលដោយឡែករបស់រាជធានី-ខេត្ត ពាក់ព័ន្ធនឹងការផ្អាកដំណើរការរមណីយដ្ឋាន និងគោលដៅទេសចរណ៍នានាក៏ត្រូវបានបិទបញ្ចប់ ស្របពេលដែលខែតុលានេះមានថ្ងៃឈប់សម្រាកច្រើន ពិសេសពិធីបុណ្យភ្ជុំបិណ្ឌ។

លោកបានបន្តថា មូលដ្ឋានអាជីវកម្មនៅតាមគោលដៅដែលធ្លាប់រងផលប៉ះពាល់ខ្លាំងពីវិបត្តិកូវីដ-១៩ ដូចជានៅខេត្តសៀមរាប និងខេត្តបាត់ដំបងជាដើម បានផ្តើមប្រតិបត្តិការឡើងវិញជាបណ្តើរៗ ដែលជាមួយក្តីសង្ឃឹមប្រកបដោយសុទិដ្ឋិនិយម ខណៈដែលគោលដៅដែលពេញនិយម ពិសេសគោលដៅខេត្តតំបន់ឆ្នេរសមុទ្រ នៅតែជាគោលដៅដែលស្រូបទាញលំហូរភ្ញៀវទេសចរបានច្រើន។

បើតាមការអះអាងរបស់លោករដ្ឋមន្ត្រី ថោង ខុន រមណីយដ្ឋានទេសចរណ៍ និងគោលដៅទេសចរណ៍ ព្រមជាមួយមូលដ្ឋានអាជីវកម្មទេសចរណ៍សំខាន់ៗ ដូចជា សណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋាន និងអាហារដ្ឋានទេសចរណ៍ជាដើម បានចូលរួមយ៉ាងសកម្មក្នុងការអនុវត្តវិធានសុវត្ថិភាពទេសចរណ៍ និងនីតិវិធីប្រតិបត្តិស្តង់ដាអប្បបរមា (SOP) ស្របពេលដែលក្រសួងទេសចរណ៍កំពុងរៀបចំ និងដាក់ចេញនាពេលឆាប់ៗនេះនូវវិធានសុវត្ថិភាពទេសចរណ៍ និង SOP សម្រាប់សេវាសំខាន់ៗផ្សេងទៀត ដូចជាស្ប៉ា និងម៉ាស្សា បៀរហ្កាឌិន សេវាកម្សាន្តផ្សេងៗទៀតជាដើម ស្របតាមផែនការយុទ្ធជំរុញចលនាទេសចរណ៍ផ្ទៃក្នុង (២០២១-២០២៣)៕