(បាត់ដំបង)៖ លោក សុខ លូ អភិបាលខេត្តបាត់ដំបង នាថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២១នេះ បានជួបសំណេះសំណាលជាមួយសិស្សានុសិស្ស និងផ្តាំលោកគ្រូ អ្នកគ្រូ ឲ្យអនុវត្តវិធានការសុខាភិបាល ដើម្បីឲ្យសិស្សានុសិស្សរក្សាអនាម័យជាប់ជាប្រចាំ ពេលពួកគេបានចូលរៀនក្នុងសាលាបានពេញលេញ។
ពិធីនេះធ្វើទ្បើងក្នុងឱកាសបើកដំណើរការគ្រឹះស្ថានសិក្សាដំណាក់កាលទី២ តាមជំហ៊ានៗរបស់ក្រសួងអប់រំ ដែលប្រកាសជាផ្លូវការនាព្រឹកថ្ងៃទី១ ខែវិច្ឆិការ ឆ្នាំ២០២១នេះ។
លោក សុខ លូ បានថ្លែងថា សិស្សានុសិស្សត្រូវរក្សាអនាម័យជាប្រចាំ តាមវិធានរបស់ក្រសួងសុខាភិបាល ជាពិសេសលោកគ្រូអ្នកគ្រូ សូមជួយមើលបន្ថែមផង ពេលពួកគេបានចូលរៀនក្នុងសាលាបានពេញលេញ។
លោក អភិបាលខេត្ត បានបន្តថា កន្លងមក ប្រមុខរាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល បានចាក់ថ្នាំបង្ការកុំឲ្យឆ្លងជំងឺកូវីដ១៩ទៅតាមជំហានៗ ដល់ពលរដ្ឋទាំងចាស់ និងក្មេង។
លោកបានបន្ថែមទៀតថា ចូលដល់វ័យសិក្សានេះ ក្មួយៗក៏បានចូលរៀនជាធម្មតា ប៉ុន្តែមិនត្រូវភ្លេចខ្លួនឡើយ អំពីការថែរក្សាសុខភាព អនាម័យជាប់ជាប្រចាំ ដោយអនុវត្តវិធានសុខាភិបាល ៣កុំ ៣ការពារ ដោយប្រយ័ត្នប្រយ៉ែងជារៀងរហូតតទៅ ពីព្រោះជម្ងឺកូវីដនេះនៅយូអង្វែងមិនដឹងថាវាអស់នៅពេលណាដែរ។
គួរជម្រាបជូនថា បន្ទាប់សំណេះសំណាល និងអបអរសាទរ នៃការបើកឲ្យដំណើរការគ្រឹះស្ថានសិក្សាដំណាក់កាលទី២ តាមជំហានៗរបស់ក្រសួងអប់រំ លោកក៏បានចូលរួម ត្រេកអរផងដែរ ដែលសិស្សអាចចូលរៀនវិញបាន ហើយសមិទ្ធផលទាំងនេះ បានមកពីការខិតខំប្រឹងប្រែងរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា ដែលលោកបានខិតខំប្រឹងប្រែង គិតគូរគ្រប់បែបយ៉ាង ដើម្បីស្វែងរកថ្នាំវ៉ាក់សាំងមកចាក់ជូនពលរដ្ឋ និងចាក់បានលឿនមុនកំណត់ទៀតផងដែរ៕