(ភ្នំពេញ)៖ កម្ពុជា បានសម្រេចបិទយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ជុំទី១ សម្រាប់ប្រជាពលរដ្ឋដែលមានអាយុ ៦ឆ្នាំឡើងហើយនៅព្រឹកថ្ងៃចន្ទ ទី០១ ខែវិច្ឆិកា ឆ្នាំ២០២១នេះ បន្ទាប់បើកយុទ្ធនាការរយៈពេលប្រមាណជា៨ខែ។ ការងារចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩នេះ កម្ពុជាសម្រេចមុនផែនការរហូតដល់ទៅប្រមាណ ៨ខែ ខណៈដើមឡើយកម្ពុជា គ្រោងសម្រេចផែនការផ្តល់វ៉ាក់សាំងនេះនៅពាក់កណ្តាលឆ្នាំ២០២២។

គិតចាប់ពីថ្ងៃទី១០ ខែកុម្ភៈ ពេលដែលកម្ពុជាចាប់ផ្តើមចាក់វ៉ាក់សាំងលើកដំបូង មកដល់ត្រឹមថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២១ កម្ពុជា ចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ជូនប្រជាពលរដ្ឋអាយុ៦ឆ្នាំឡើង បានចំនួនសរុប ១៣,៧០៦,១០៧នាក់ ក្នុងនោះអ្នកចាក់ដូសទី២ បានចំនួន ១៣,០៥៦,១៨៨នាក់ និងចាក់ដូសទី៣ បានចំនួន ១,៨៣១,១៩០នាក់។

លទ្ធផលដែលសម្រេចបាននេះ ធ្វើឱ្យកម្ពុជាឈរលំដាប់ទី១ នៅអាស៊ីអាគ្នេយ៍ និងឈរនៅក្នុងចំណោមប្រទេសលើពិភពលោក ដែលសម្រេចបានការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋបានច្រើន ធៀបនឹងចំនួនប្រជាពលរដ្ឋសរុប។ លទ្ធផលនេះ ជាមោទនភាពមួយសម្រាប់កម្ពុជា ហើយក៏មានការកោតសរសើរខ្លាំងផងដែរ ពីមជ្ឈដ្ឋានជាតិ និងអន្តរជាតិ ចំពោះប្រតិបត្តិការរាជរដ្ឋាភិបាល និងអ្នកពាក់ព័ន្ធ។

លទ្ធផលចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដែលកម្ពុជាសម្រេចបានដ៏ល្អប្រសើរនេះ ត្រូវបានគេមើលឃើញថា អាស្រ័យលើកត្តាសំខាន់ៗមួយចំនួន ដូចជាការគ្រប់គ្រងចាត់ចែងរបស់សម្តេចតេជោ ហ៊ុន សែន, កិច្ចសហប្រតិបត្តិការរវាងអាជ្ញាធរពាក់ព័ន្ធ, ការចូលរួមរបស់ប្រជាពលរដ្ឋ និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា ជាមួយឆាកអន្តរជាតិផងដែរ។

បើទោះបីជាយ៉ាងណា កត្តាសម្រេចចិត្តរបស់សម្តេចតេជោ ហ៊ុន សែន ក្នុងនាមជាអគ្គមេបញ្ជាការកំពូលលើសមរភូមិប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩នេះ ត្រូវបានគេមើលឃើញថា ជាកត្តាចម្បងបំផុត ដែលនាំទៅដល់ភាពជោគជ័យលើការគ្រប់គ្រងជំងឺកូវីដ១៩ ក៏ដូចជាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩។ មានប្រទេសជាច្រើនមកដល់ពេលនេះ ការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ សម្រេចបានតិចតួចបំផុត ព្រោះតែការសម្រេចចិត្តមិនបានត្រូវ ឬយឺតយ៉ាវរបស់មេដឹកនាំនៃបណ្តាប្រទេសទាំងនោះ។

នៅកម្ពុជា ក្នុងពេលដំណើរការចាក់វ៉ាក់សាំងដំបូងមានភាពចម្រូងចម្រាស់ច្រើន ដោយសារតែសម្តេចនាយករដ្ឋមន្ត្រី សម្រេចប្រើវ៉ាក់សាំងស៊ីណូហ្វាម ដែលអង្គការសុខភាពពិភពលោកមិនទាន់ប្រកាសឱ្យប្រើប្រាស់។ ប្រការនេះ បានធ្វើឱ្យមានការរិះគន់ និងណែនាំមិនឱ្យប្រើពីអង្គការសង្គមស៊ីវិល និងក្រុមជំទាស់រាជរដ្ឋាភិបាល។

ពេលនោះប្រសិនបើសម្តេចតេជោ ហ៊ុន សែន សម្រេចធ្វើតាមការលើកឡើងទាំងនោះ ច្បាស់ណាស់នឹងធ្វើឱ្យប៉ះពាល់នយោបាយវ៉ាក់សាំង ហើយកម្ពុជានឹងមិនមានវ៉ាក់សាំងចាក់ជូនប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលានោះឡើយ។

ក្នុងពិធីបិទយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ សម្រាប់អ្នកមានអាយុ៦ឆ្នាំឡើង និងបើកយុទ្ធនាការចាក់ជូនកុមារអាយុ៥ឆ្នាំ សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា ការសម្រេចចិត្តនេះ ជារឿងសំខាន់ណាស់សម្រាប់ការធ្វើជាមេដឹកនាំ មិនថាមេដឹកនាំជាតិ អង្គភាព ឬគ្រួសារនោះឡើយ។

សម្តេចតេជោនាយករដ្ឋមន្ត្រី បានបញ្ជាក់យ៉ាងដូច្នេះ «រឿងនេះជារឿងសំខាន់ណាស់សម្រាប់ធ្វើមេដឹកនាំគេ មិនថាធ្វើមេដឹកនាំសម្រាប់ប្រទេសមួយទេ សូម្បីតែក្នុងគ្រួសារមួយក៏ត្រូវតែយកចិត្តទុកដាក់ ព្រោះការសម្រេចចិត្តវានាំមកនូវផលល្អ ផលអាក្រក់សម្រាប់ក្រុមគ្រួសារមួយ ហើយបើយើងគ្រប់គ្រងក្នុងកម្រិតណាមួយវាអាចនាំមកនូវផលវិបាក ឬផលចំណេញសម្រាប់ទីកន្លែងនោះ។ បើមេដឹកនាំប្រទេសវាកាន់តែសំខាន់ជាងទៀត ដើម្បីធ្វើការសម្រេចចិត្តឱ្យត្រឹមត្រូវ។ ត្រូវយល់ឱ្យអស់នូវសភាពការណ៍ទាំងអត្តនោម័ត និងសត្យានុម័ត នេះជាបញ្ហាធំសំខាន់»

សម្តេចតេជោប្រមុខរាជរដ្ឋាភិបាល និងជាអគ្គមេបញ្ជាការកំពូលលើសមរភូមិប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩នេះ បានបញ្ជាក់ថា សម្តេចមានមោទនភាពដោយសារយន្តការរបស់រាជរដ្ឋាភិបាល ដែលមានក្រសួងសុខាភិបាលជាសេនាធិការ និងក្រសួងស្ថាប័នពាក់ព័ន្ធផ្សេងទៀតចូលរួមវាយតម្លៃបានត្រឹមត្រូវនូវសភាពការណ៍នោះ។

សម្តេចតេជោឱ្យដឹងថា សម្តេចមិនមែនធ្វើការដោយឯកឯងនោះទេ គឺសម្តេចមានធាតុចូលគ្រប់គ្រាន់ពីមន្ត្រីរបស់សម្តេច ហើយដើម្បីវាយតម្លៃសភាពការណ៍បានត្រឹមត្រូវមន្ត្រីរបស់សម្តេចខ្លះមិនបានដេកពួននោះទេ។

ការរកវ៉ាក់សាំងមកបានលឿន ជាចំណែកដ៏សំខាន់មួយសម្រាប់នាំដល់ភាពជោគជ័យលើការចាក់វ៉ាក់សាំងនេះ។ លើការងាររកវ៉ាក់សាំងបង្ការជំងឺកូវីដ១៩នេះ សម្តេចតេជោ ហ៊ុន សែន ក៏បានវិភាគថ្លឹងថ្លែងយ៉ាងម៉ត់ចត់បំផុុតក្នុងការសម្រេចរកប្រទេសផ្គត់ផ្គង់វ៉ាក់សាំង ហើយចុងក្រោយសម្តេចសម្រេចយកប្រទេសចិន ធ្វើជាបង្អែកយុទ្ធសាស្ត្រលើការផ្គត់ផ្គង់វ៉ាក់សាំងនេះ។

«នេះដោយសារយើងសិក្សាថា បើយើងទៅពឹងប្រទេសនេះ ច្បាស់ជាទៅមិនរួច យើងពឹងប្រទេសនេះបាន អ៊ីចឹងបានយើងកំណត់គោលដៅយកចិន ធ្វើជាបង្អែកយុទ្ធសាស្ត្រក្នុងការផ្គត់ផ្គង់វ៉ាក់សាំង រីឯប្រភពដទៃទៀត ជាប្រភពគាំទ្រ។ តើនេះផ្តើមចេញពីអ្វី? ផ្តើមចេញពីយើងសិក្សា មើលតួអង្គផ្សេងៗ ដែលជាដៃគូរបស់យើង ជួយយើងបានប៉ុណ្ណោះ?»។ នេះជាការបញ្ជាក់បន្ថែមរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី។

សម្តេចតេជោ ហ៊ុន សែន បានសង្កត់ធ្ងន់ថា រឿងអ្វីក៏ដោយ គឺផ្តើមចេញពីការវាយតម្លៃសភាពការណ៍ត្រូវ ទើបនាំឱ្យដាក់ចេញនូវវិធានការបានត្រឹមត្រូវ ហើយចំណុចនេះជារឿងត្រូវចងចាំ។

មិនត្រឹមតែរឿងចាក់វ៉ាក់សាំងប៉ុណ្ណោះទេ សម្តេចតេជោ ហ៊ុន សែន ជាប្រមុខរាជរដ្ឋាភិបាលមួយរូប ដែលគេបានដឹងថា ធ្លាប់បានសម្រេចចិត្តលើការងារជាច្រើនពាក់ព័ន្ធនឹងជោគវាសនាជាតិ ហើយការសម្រេចចិត្តតែងនាំមកនូវភាពជោគជ័យសម្រាប់ការដឹកនាំរបស់សម្តេច ក៏ដូចជាជោគជ័យសម្រាប់ជាតិ និងប្រជាជនកម្ពុជាទាំងមូល។

ការសម្រេចចិត្តមានតម្លៃជាប្រវត្តិសាស្ត្ររបស់សម្តេចតេជោនោះ មានដូចជាការសម្រេចិត្តភៀសខ្លួនស្វែងរកការអន្តរាគមន៍ពីវៀតណាម ដើម្បីរំដោះជាតិនៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ១៩៧៧, ការដាក់ចេញនយោបាយចរចាជាមួយសម្តេចព្រះបរមរនតកោដ្ឋ នរោត្តម សីហនុ ឈានទៅរកកិច្ចព្រមព្រៀងបញ្ចប់ជម្លោះនៅថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១ និងការដាក់ចេញនយោបាយឈ្នះ-ឈ្នះ បញ្ចប់វត្តមានទ័ពព្រៃខ្មែរក្រហមនៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ១៩៩៨ជាដើម។

ជោគជ័យទាំងនេះមិនអាចកើតឡើងឡើយ ប្រសិនបើការសម្រេចចិត្តរបស់សម្តេចតេជោ ហ៊ុន សែន មិនបានត្រឹមត្រូវ ឬគ្មានភាពប្រាកដនិយមទេនោះ៕