(កំពត)៖ ក្រោយទទួលដំណឹងថា មានជនល្មើសបានយកគ្រឿងចក្រ អេស្កាវ៉ាទ័រ ទៅកាយដីនៅចំណុចភ្នំ "Y" ឬភ្នំ" អាមេរិចកាំង" ស្ថិតក្នុងភូមិដូនស៊យ ឃុំថ្មី ស្រុកទឹកឈូ ដើម្បីយកអាចម៏ដីលក់ដែលជាសកម្មភាពខុសច្បាប់រួចមក នៅរសៀល ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២១ លោក ម៉ៅ ធនិន អភិបាលខេត្តកំពត បានបញ្ជាឲ្យក្រុមសមត្ថកិច្ចជំនាញពាក់ព័ន្ធដែលដឹកនាំ ដោយលោក សេង សេរីបុត្រ អភិបាលរងខេត្ត ដោយសម្រួលនីតិវិធី ពីស្ថាប័នអយ្យការ អមសាលាដំបូងខេត្តកំពត ចុះធ្វើការបង្ក្រាប ខណៈជនល្មើសកំពុងធ្វើសកម្មភាពជាក់ស្ដែង ដោយឃាត់ខ្លួនបានចំនួន ៤នាក់ គ្រឿងចក្រអេស្កាវ៉ាទ័រ ១គ្រឿង និងរថយន្តដឹកអាចម៏ដីចំនួន ៤គ្រឿង។
ជនសង្ស័យចំនួន ៤នាក់ ដែលសមត្ថកិច្ចឃាត់ខ្លួនបាន រួមមាន៖
១៖ ឈ្មោះ ស៊ាង ទូច ភេទប្រុស អាយុ៣១ឆ្នាំ មុខរបររកស៊ីចាក់ដី រស់នៅភូមិដូនស៊យ ឃុំថ្មី ស្រុកទឹកឈូ ខេត្តកំពត។
២៖ ឈ្មោះ ស៊ុយ ស្លាប់ ភេទប្រុស អាយុ ៣៥ឆ្នាំ អ្នកបើករថយន្តម៉ាកវីបែន រស់នៅភូមិដំណាក់ហ្លួង ឃុំព្រៃថ្នង ស្រុកទឹកឈូរ ខេត្តកំពត។
៣៖ ឈ្មោះ ផុក ដា ភេទប្រុស អាយុ ៤២ឆ្នាំ មុខរបរអ្នកបើកបររថយន្ត រស់នៅភូមិអង្គរត្នោតខាងលិច ឃុំអង្គតាសោម ស្រុកត្រាំកក់ ខេត្តតាកែវ។
៤៖ ឈ្មោះ ឌីម ឆៃយ៉ា ភេទប្រុស អាយុ ២៩ឆ្នាំ មុខរបរ អ្នកបើករថយន្តដឹកដី ម៉ាកវីបែន រស់នៅភូមិដំណាក់អំពិល ឃុំល្អាង ស្រុកដងទង់ ខេត្តកំពត។
លោក ជួន សារ៉ា នាយខណ្ឌរដ្ឋបាលព្រៃឈើកំពត បានប្រាប់ឲ្យដឹងនៅវេលាម៉ោង ១០និង១៥នាទីព្រឹក ថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២១ នេះថា ក្រោយពីរូបលោកទទួលបានព័ត៌មាន និងបទបញ្ជាពីថ្នាក់លើភ្លាម គឺលោកក៏ចាត់តាំងឱ្យ លោក គាម ទិព្វ នាយផ្នែករដ្ឋបាលព្រៃឈើកំពត ចុះសហការ ជាមួយកម្លាំងមានសមត្ថកិច្ចជំនាញពាក់ព័ន្ធដទៃទៀត ធ្វើការស្រាវជ្រាវនិងបង្ក្រាបតាមសកម្មភាពជាក់ស្ដែងដោយមិនលើកលែងឡើយ។ លោក ជួន សារ៉ា បន្តថា ករណីបង្ក្រាបរបស់កម្លាំងសមត្ថកិច្ចជំនាញពាក់ព័ន្ធនេះ គឺមានការបញ្ជាពីលោកអភិបាលខេត្តកំពត និងសម្រួលនីតិវិធី ពីលោកព្រះរាជអាជ្ញា អមសាលាដំបូងខេត្តកំពតផងដែរ ទើបកម្លាំងឈានទៅធ្វើការបង្ក្រាបបានដោយជោគជ័យ។
លោក គាម ទិព្វ នាយផ្នែករដ្ឋបាលព្រៃឈើកំពត បានឲ្យដឹងថា ជនសង្ស័យខាងលើចំនួន ៤នាក់ រួមវត្ថុតាង គ្រឿងចក្រ ១គ្រឿង និងរថយន្ត ៤គ្រឿង ក្រោយពីបានបង្រ្កាបភ្លាម សមត្ថកិច្ចក៏បាននាំគ្រឿងចក្រ ទៅរក្សាទុកនៅសាលាឃុំព្រៃថ្នង ស្រុកទឹកឈូ ខេត្តកំពត។ រីឯជនសង្ស័យ ត្រូវបានសមត្ថកិច្ចនាំយកទៅសួរនាំ នៅសាលាស្រុកទឹកឈូ ដើម្បីកសាងសំណុំរឿងចាត់ការទៅតាមនីតិវិធីច្បាប់។ លោក គាម ទិព្វ ឲ្យដឹងទៀតថា ការសាកសួរ រហូតមកដល់វេលាម៉ោងនេះ សមត្ថកិច្ចកំពុងតែសួររកឫសគល់ អ្នកដែលជួលជនសង្ស័យ ៤នាក់ខាងលើថា តើអ្នកនៅពីក្រោយខ្នង ដែលជួលអោយជីកកកាយយកអាចម៍ដីចេញ ហើយទន្ទ្រានយកដីភ្នំនៃចំណុចខាងលើដើម្បីរំលោភយកដី ធ្វើជាកម្មសិទ្ធិរបស់ខ្លួនតើជានរណា។ ជាលទ្ធផលការសាកសួរ គឺជនសង្ស័យទាំង ៤នាក់ ហាក់ដូចជាមានការលាក់លៀម ឬក៏ខ្លាចអំណាច ហើយបែរជាមិនបញ្ចេញឈ្មោះអ្នកដែលជួលពួកខ្លួននោះទេ។
គួររំលឹកផងដែរថា ភ្នំ "Y" ខាងលើនេះ គឺជាភ្នំមួយដែលមានទេសភាពល្អឥតខ្ចោះ និងផាសុខភាព ដែលមានសំណង់ អាគារបុរាណតាំងពីសម័យក្រោយឆ្នាំ១៩៧០ ដែលកសាងឡើងដោយក្រុមគ្រូពេទ្យអាមេរិកកាំង បង្កើតមន្ទីរពេទ្យនៅលើភ្នំនេះឡើង សម្រាប់ប្រជាពលរដ្ឋ ពាក់ព័ន្ធបញ្ហាសុខភាពនៅក្នុងជុំវិញតំបន់នោះ ។ ប៉ុន្តែក្រោយឆ្នាំ១៩៧៩ គ្មានបុគ្គល ឬអាជ្ញាធរណាគ្រប់គ្រងនោះទេ ទើបតែបច្ចុប្បន្ននេះមានការប្រទាញប្រទង់គ្នាកាន់កាប់ រវាងបុគ្គលជាមេដឹកនាំយោធាខេត្ត និងសមាគមគ្រូពេទ្យគុណធម៌កម្ពុជា រហូតខាងកម្លាំងយោធាចាប់បង្ខាំងមនុស្សដោយខុសច្បាប់ និងខាងសមាគមក៏បានដាក់ពាក្យប្ដឹងទៅលោកអភិបាលខេត្តកំពត និងស្ថាប័នអយ្យាការ ដើម្បីរកយុត្តិធម៌ផងដែរ។