(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២១នេះ បានណែនាំឲ្យរៀបចំការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) សម្រាប់ឆ្នាំសិក្សា២០២០-២០២១ ដោយមិនអនុញ្ញាតឲ្យជាប់ស្វ័យប្រវត្តិដូចឆ្នាំកន្លងទៅនោះឡើយ។

ក្នុងឱកាសអញ្ជើញបិទយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ សម្រាប់អ្នកមានអាយុ៦ឆ្នាំឡើង និងបើកយុទ្ធនាការចាក់សម្រាប់ក្មេងអាយុ៥ឆ្នាំ នៅវិមានសន្ដិការ សម្ដេចតេជោ ហ៊ុន សែន បានអះអាងថា ការសម្រេចមិនអនុញ្ញាតឲ្យជាប់ដោយស្វ័យប្រវត្តិ គឺដោយសារមិនចង់ឲ្យគុណភាពអប់រំនៅកម្ពុជាធ្លាក់ចុះ។

បន្ថែមពីនេះ សម្ដេចតេជោ ហ៊ុន សែន ក៏បានថ្លែងសុំការយោគយល់ពីសិស្សានុសិស្សថ្នាក់ទី១២ ដែលសម្តេចមិនអាចធ្វើតាមសំណូមពរឲ្យជាប់ស្វ័យប្រវត្តិ ដោយមិនប្រឡងនៅឆ្នាំនេះទៀត។ ជាមួយគ្នានេះ សម្ដេចតេជោនាយករដ្ឋមន្ដ្រី ក៏បានបង្ហាញនូវមូលដែលសម្រេចមិនអនុញ្ញាតឲ្យជាប់ដោយស្វ័យប្រវត្តិនេះផងដែរ។

សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍យ៉ាងដូច្នេះថា «បើគិតតែពីឡើងថ្នាក់ហើយអត់ចេះ តើយើងឡើងទៅធ្វើអី? អញ្ជឹងអត់ទេសូមរៀបចំឲ្យមានការប្រឡង។ ឆ្នាំទៅដោយសារយើងបានរៀនច្រើន ហើយយើងអខានតែមួយរយៈប៉ុណ្ណោះ ហើយពេលនោះចាត់តាំងប្រឡងអត់កើត ព្រោះផ្ទុះព្រឹត្តិការណ៍សហគមន៍ ប៉ុន្ដែកូនសិស្សគេបានរៀន។ ឥលូវសុំរឿងនេះដែលខ្លួនបានរៀនតិចតួច ត្រូវតែប្រឡង បើមិនចេះត្រូវប្រឹងរៀនឲ្យចេះដើម្បីទៅប្រឡង បើប្រឡងមិនជាប់ឆ្នាំនេះ ត្រូវប្រឡងឆ្នាំក្រោយទៀតទៅ»

បើតាមប្រសាសន៍របស់សម្ដេចតេជោ ហ៊ុន សែន បច្ចុប្បន្ននេះរាជរដ្ឋាភិបាល ខិតខំប្រឹងប្រែងដាក់ចេញនូវយន្ដការផ្សេងៗ ដើម្បីបើកដំណើរការសាលារៀនឡើងវិញ ដើម្បីឲ្យសិស្សានុសិស្សបានសិក្សារៀនសូត្រ នឹងត្រៀមប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ។ ប៉ុន្ដែពាក់ព័ន្ធដំណើរការប្រឡងនេះ សម្ដេចតេជោ បានណែនាំឲ្យពន្យាពេលសមស្របណាមួយ ដើម្បីសិស្សបានសិក្សាបន្ថែម។

ការចេញមកបញ្ជាក់បែបនេះរបស់សម្ដេចតេជោ ហ៊ុន សែន បានធ្វើឡើងបន្ទាប់ពីសិស្សានុសិស្សជាច្រើន ពិសេសសិស្សថ្នាក់ទី១២ បាននាំគ្នាចូលទៅខំមិននៅក្នុងការបង្ហោះរបស់សម្ដេចនៅលើ Facebook ដោយស្នើឲ្យសម្ដេចពិចារណា ដើម្បីឲ្យពួកគេជាប់ដោយស្វ័យប្រវត្តិ ក្រោមហេតុផលថា រៀនមិនបានគ្រប់គ្រាន់ដោយសារការបិទសាលា ហើយពួកគេសុខចិត្តប្រឡងតាមមុខជំនាញនៅពេលចូលថ្នាក់ឧត្តមសិក្សាជាដើម។

ប៉ុន្ដែចំណុចនេះ ត្រូវបានសម្ដេចតេជោ ហ៊ុន សែន បញ្ជាក់ និងពន្យល់ទៅសិស្សានុសិស្ស ដែលសម្ដេចហៅថា ក្មួយៗ ឬចៅៗថា ការសំណូមពរបែបនេះមិនអនុញ្ញាតបានឡើយ។ ក្នុងករណីឲ្យជាប់ដោយស្វ័យប្រវត្តិ ក៏មិនអាចទៅប្រឡងនៅសាកលវិទ្យាល័យកើតដែរ ព្រោះពួកគេរៀនសូត្របានតិចណាស់នៅថ្នាក់ទី១២ ដូច្នេះមានតែប្រឡងដើម្បីវាស់ស្ទង់សមត្ថភាព។

សម្ដេចតេជោនាយករដ្ឋមន្ដ្រី បានពន្យល់ទៀតថា ការសម្រេចឲ្យប្រឡងនេះ គឺដើម្បីពង្រឹងសមត្ថភាពសិស្សានុសិស្ស និងពង្រឹងគុណភាពអប់រំនៅកម្ពុជា បើមិនដូច្នេះនឹងជួបផលលំបាកនៅពេលអនាគតជាក់ជាមិនខានឡើយ។ បន្ថែមពីនេះ សម្ដេចតេជោ ហ៊ុន សែន ក៏បានអំពាវនាវដល់សិស្សានុសិស្ស បន្ដខិតខំប្រឹងប្រែងរៀនសូត្រ ខណៈសាលារៀនបើកដំណើរការឡើងវិញហើយ មិនបិទទៀតនោះទេ។

សូមជម្រាបថា កាលពីឆ្នាំ២០២០កន្លងទៅ គ្រាដែលកម្ពុជាកំពុងពើបប្រទះជាមួយជំងឺកូវីដ១៩ ឆ្លងចូលសហគមន៍ជាលើកដំបូងនោះ ក្រសួងអប់រំ យុវជន និងកីឡា ដោយមានការអនុញ្ញាតពីសម្ដេចតេជោ ហ៊ុន សែន បានសម្រេចឲ្យសិស្សថ្នាក់ទី១២ ជាប់បាក់ឌុបដោយស្វ័យប្រវត្តិ ដោយមិនកំណត់និទ្ទេសនោះឡើយ៕