(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានបញ្ជាក់ជាថ្មីថា រាជរដ្ឋាភិបាល បានផ្តល់ថវិកាដល់សពអ្នកស្លាប់ដោយកូវីដ១៩ ចំនួន២លានរៀល ហើយថវិកា ១លានរៀល ប្រគល់ជូនអាជ្ញាធររាជធានី-ខេត្ត សាម៉ី សម្រាប់ធ្វើការបូជា ឬការបញ្ចុះសព។

ការចេញមកបញ្ជាក់ជាថ្មីរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងក្នុងឱកាសសម្តេចបានអញ្ជើញជាអធិបតីភាព ក្នុងពិធីបិទយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ សម្រាប់អ្នកមានអាយុ ៦ឆ្នាំឡើង និងបើកយុទ្ធនាការចាក់សម្រាប់កុមារមានអាយុ៥ឆ្នាំ នៅព្រឹកថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២១នេះ នាវិមានសន្តិភាព រាជធានីភ្នំពេញ។

សម្តេចតេជោ ហ៊ុន សែន ក៏បាន លើកឡើងពីព្រឹត្តិការណ៍ ២០ កុម្ភៈ ដែលជារលកទី២ នៃការឆ្លងជំងឺកូវីដ១៩ ដែលបបានអូសបន្លាយរហូតមកពេលនេះ មានចំនួនអ្នកឆ្លងជំងឺកូវីដ១៩ បានធ្វើឱ្យចំនួនអ្នកឆ្លងជំងឺ និងចំនួនអ្នកស្លាប់កើនឡើងជាកំហុគ ពោលគឺអ្នកស្លាប់ពីលេខសូន្យនាក់ ឡើងដល់២,៧៨៨នាក់ ដោយគិតត្រឹមតែរយៈពេល ៨ខែ និងមានអ្នកជំងឺរហូតដល់ ១១៨,៥២២នាក់។

ជាមួយគ្នានេះដែរ សម្តេចតេជោ ហ៊ុន សែន បានឱ្យដឹងថា បច្ចុប្បន្ននេះ មានអ្នកជំងឺកូវីដ១៩ ប្រមាណជាង ១,១០០នាក់ កំពុងសម្រាប់ព្យាបាលនៅកន្លែងសង្គ្រោះបន្ទាន់ (ICU) ដែលចំណុចនេះជាបញ្ហាមួយគួរឱ្យព្រួយបារម្ភ បន្ថែមពីនេះ នៅមានអ្នកជំងឺរាប់ពាន់នាក់ផ្សេងទៀត ដែលកំពុងសម្រាកនៅតាមមន្ទីរពេទ្យនានា។ ដូច្នេះ នេះជាចំណុចមួយសូមដាស់តឿនបន្ថែមទៀតដល់គ្រប់ទីកន្លែង និងគ្រប់មន្ទីរពេទ្យទាំងអស់ គឺធ្វើយ៉ាងខិតខំសង្គ្រោះអាយុជីវិតអ្នកជំងឺឱ្យអស់ពីលទ្ធភាព។

ជុំវិញករណីនេះដែរ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ដើម្បីបញ្ចៀសបញ្ហាអ្នកជំងឺកាន់តែធ្ងន់ធ្ងរនោះ គឺជម្រើសដែលល្អបំផុត អ្នកដែលមិនទាន់បានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ គឺត្រូវតែមកចាក់វ៉ាក់សាំងទាំងអស់ ព្រោះប្រជាពលរដ្ឋទាំងអស់ បានមើលឃើញថាអ្នកស្លាប់ភាគច្រើនអ្នកដែលមិនបានចាក់វ៉ាក់សាំង។

ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា បានឱ្យដឹងថា ចាប់តាំងពីព្រឹត្តិការណ៍ សហគមន៍ ២០ កុម្ភៈ មក រដ្ឋាភិបាលបានធ្វើការច្រើនណាស់ទម្រាំបានសង្គ្រោះប្រទេស និងសង្គ្រោះអាយុជីវិតប្រជាជនកម្ពុជា ឱ្យឆ្លងផុតនូវដំណាក់កាលដែលយ៉ាប់យឺន។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងដូច្នេះថា៖ «យើងសោកស្តាយណាស់ទៅហើយអ្នកដែលបានបាត់បង់ជីវិត ហើយក៏សូមបបញ្ជាក់ទៅដែលមានអ្នកចូលមក Comment តាម Facebook សួរថាតើសម្តេចថាទទួលបានការឧបត្ថម្ភទេ សម្រាប់សាកសព ខ្ញុំសូមបញ្ជាក់នៅទីនេះ ជូនចំពោះប្រជាពលរដ្ឋឱ្យបានជ្រាប រាជរដ្ឋាភិបាលដាក់ចេញ នូវគោលការណ៍សាកសពមួយ ទទួលបានជំនួយឧបត្ថម្ភ ២លានរៀន ជូនចំពោះគ្រួសារសព […] ជូនផ្ទាល់ចំពោះគ្រួសារសព គឺសពមួយ ២លានរៀល សម្រាប់ការបូជា គឺសពមួយចំនួន ១លានរៀល ប៉ុន្តែ ប្រាក់នេះមិនបានបញ្ជូនទៅឱ្យគ្រួសារសពទេ គឺបញ្ជូនទៅឱ្យអាជ្ញាធរ ដែលជាអ្នកទទួលបន្ទុកក្នុងការបូជាសព ឬបញ្ចុះសព អញ្ចឹងប្រាក់នេះ អ៉ីឡូវបានផ្ទេរទៅហើយ បើប្រាក់សម្រាប់បូជា ឬក៏បញ្ចុះសព បានធ្វើបូរ៉េប្រទានទៅគ្រប់ខេត្តទាំងអស់រហូតទៅដល់ខែធ្នូ បើទោះបីមនុស្សមិនទាន់ស្លាប់ ប៉ុន្តែ យើងបានត្រៀម»

សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា ចំពោះអ្នកដែលបានស្លាប់ទៅហើយ គឺថវិកាត្រូវបានបញ្ជូនរួចរាល់ ទៅតាមបណ្តាខេត្តអស់ហើយ ដូច្នេះ សូមរំឮកដល់បណ្តាខេត្តទាំងអស់ ត្រូវតែបូកសរុបចំនួនសពដែលបានស្លាប់ដោយសារតែជំងឺកូវីដ១៩ តែប៉ុណ្ណោះ ពោលគឺមិនត្រូវធ្វើការបូកបញ្ចូលសពអ្នកដែលស្លាប់ដោយសារជំងឺផ្សេងៗ ឬគ្រោះថ្នាក់ផ្សេងៗ ហើយធ្វើតេស្តរកឃើញមេរោគកូវីដ១៩នោះទេ ព្រោះកន្លងមកមានបណ្តាខេត្តមួយចំនួនបានធ្វើបែបនេះរួចហើយ។ ប៉ុន្តែ ជុំវិញចំណុចនេះ គឺសពដែលទទួលបានថវិកាឧបត្ថម្ភ គឺមានចំនួនតែ ២,៧៨៨នាក់ ប៉ុណ្ណោះ។

បន្ថែមពីនេះ នាយករដ្ឋមន្ត្រីនៃកម្ពុជា បានឱ្យដឹងថា សម្រាប់សាកសពដែលស្លាប់ដោយសារជំងឺកូវីដ១៩ នាពេលកន្លងមកនេះ គឺមានសពខ្លះ បានទទួលជំនួយឧបត្ថម្ភមកពីប្រភពផ្សេងៗគ្នា ដែលសពខ្លះ គឺទទួលបានប្រាក់ឧបត្ថម្ភ រហូតមកដល់៥លាន ឬ ១០លានរៀល ឬច្រើនជាងនេះ គឺដោយសារតែអាជ្ញាធរបានចូលរួមឧបត្ថម្ភបន្ថែមជាដើម។ល។

សម្តេចតេជោ បានបន្តថា៖ «ការងារដែលយើងបានធ្វើសម្រាប់ព្រឹត្តិការណ៍នេះ គឺពិតជាមិនធម្មតា ពិតជាមិនធម្មតា ព្រោះស្ថានភាពពេលនោះ ធ្ងន់ធ្ងរណាស់ ដែលខ្ញុំនៅចាំបានថា យើងកំពុងតែស្ថិតនៅមាត់ជ្រោះមរណៈ ដែលយើងត្រូវចាប់ផ្តើម រឹតបន្តឹងនូវវិធានការមួយចំនួនរាប់ទាំងការបិទខ្ទប់រាជធានីភ្នំពេញ និងក្រុងតាខ្មៅ បិទខ្ទប់ខេត្តព្រះសីហនុ ដោយត្រុវចំណាយយ៉ាងច្រើន ដើម្បីជួយប្រពលរដ្ឋ ជាផ្នែកបន្ថែមបន្ទុកយ៉ាងដល់រដ្ឋាភិបាល»

សូមជម្រាបថា គិតត្រឹមថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២១ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩៖ សរុបចំនួន១១៨,៦១៣នាក់, អ្នកជាសះស្បើយសរុបចំនួន១១៤,៩០២នាក់, ស្លាប់សរុបចំនួន២,៧៩៤នាក់៕