ក្រោយបើកដំណើរការសាលាឡើងវិញ អភិបាលខេត្តកំពង់ចាម ណែនាំឲ្យសិស្សទាំងអស់អនុវត្តវិធានការ សុខាភិបាលដើម្បីការជំងឺកូវីដ និងខិតខំរៀនសូត្រ
01-11-2021 15:00
(កំពង់ចាម)៖ រដ្ឋបាលខេត្តកំពង់ចាម បានបើកឲ្យសិស្សវិទ្យាល័យសីហនុ ចូលរៀនវិញនៅថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២១នេះ អភិបាលខេត្តកំពង់ចាម លោកអ៊ុន ចាន់ដា បានថ្លែងក្រើនរំលឹកដល់សិស្សានុសិស្សទាំងអស់ ឲ្យអនុវត្តវិធានការ ការពារខ្លួនពីជំងឺកូវីដ១៩ និងខិតខំរៀនសូត្រដើម្បីប្រឡងឡើងថ្នាក់នាពេលខាងមុខ។
លោក អ៊ុន ចាន់ដា បានបញ្ជាក់ថា សិស្សានុសិស្សទាំងអស់ត្រូវខិតខំប្រឹងប្រែងរៀនសូត្រ ពីព្រោះឆ្នាំនេះការប្រឡងមធ្យមសិក្សាទុតិយភូមិ មិនអនុញ្ញាតឲ្យជាប់ដោយស្វ័យប្រវត្តិដូចឆ្នាំមុននោះទេ ពោលទាល់តែខំរៀនឲ្យចេះទើបប្រឡងជាប់។
ជាមួយគ្នានោះដែរ លោកអភិបាលខេត្ត បានយកឱកាសនោះអំពាវនាវ សូមឲ្យមាតាបិតា និងអាណាព្យាបាលរបស់កុមារអាយុ០៥ឆ្នាំ សូមនាំកូនក្មួយ ចៅៗ ទៅទទួលការចាក់វ៉ាក់សាំងឲ្យបានគ្រប់ៗគ្នា និងត្រូវអនុវត្តន៍ឲ្យបានខ្ជាប់ខ្ជួន នូវវិធានការអនាម័យរក្សាគម្លាត និងពាក់ម៉ាស់ឲ្យបានគ្រប់ៗគ្នាពេលនាំកូន ក្មួយ ចៅៗ មកទទួលការចាក់វ៉ាក់សាំង ដោយស្ម័គ្រចិត្ត និងឥតគិតថ្លៃ នៅតាមទីតាំងនិងពេលវេលា ដែលរដ្ឋបាលខេត្តបានរៀបចំ ដើម្បីបញ្ឈប់ការឆ្លងរីករាលនៃជំងឺកូវីដ-១៩ នៅក្នុងសហគមន៍៕