(ភ្នំពេញ)៖ លោកស្រី ខៀវ បូរី រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារបច្ចេកទេសអន្តរក្រសួង ដើម្បីរៀបចំច្បាប់ស្តីពីកិច្ចការពារកុមារនៃកម្ពុជា និងជាតំណាងលោក វង សូត រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានបើកសិក្ខាសាលាពិគ្រោះយោបល់អន្តរក្រសួង និងដៃគូពាក់ព័ន្ធ ដើម្បីប្រមូលធាតុចូលលើ «សេចក្តីព្រាងច្បាប់ស្តីពីកិច្ចការពារកុមារនៃកម្ពុជា»។
សិក្ខាសាលាពិគ្រោះយោបល់អន្តរក្រសួង និងដៃគូពាក់ព័ន្ធ ដើម្បីប្រមូលធាតុចូលលើសេចក្តីព្រាងច្បាប់ស្តីពីកិច្ចការពារកុមារ នៃកម្ពុជាតាមប្រព័ន្ធអនឡាញ គឺមានររយៈពេល២ថ្ងៃ គិតចាប់ពីថ្ងៃទី១-២ ខែវិច្ឆិកា ឆ្នាំ២០២១ ដោយមានការគាំទ្រទាំង បច្ចេកទេសនិងថវិកា ពី អង្គការ USAID តាមរយៈអង្គការយូនីសេហ្វ និងអង្គការភ្លែនអន្តរជាតិ។
លោកស្រី ខៀវ បូរី បានលើកឡើងថា ដើម្បីឆ្លើយតបទៅនឹងក្របខណ្ឌអន្តរជាតិស្តីពី «ការលើកកម្ពស់សិទ្ធិ និងកិច្ចការពារកុមារ» រាជរដ្ឋាភិបាលកម្ពុជា បានផ្តល់សច្ចាប័នលើអនុសញ្ញាស្តីពីសិទ្ធិកុមារនៅឆ្នាំ១៩៩២ពិធីសារបន្ថែមស្តីពីការចូលរួមរបស់កុមារនៅក្នុងជម្លោះប្រដាប់អាវុធ ពិធីសារស្តីពីការជួញដូរកុមារ ការធ្វើពេស្យាកម្មកុមារ និងរូបភាពអាសអាភាសកុមារនៅឆ្នាំ២០០២ អនុសញ្ញាលេខ១៣៨ ស្តីពីការកម្រិតអាយុ អប្បបរមាសម្រាប់ការចូលធ្វើការនៅឆ្នាំ១៩៩៩ អនុសញ្ញាលេខ១៨២ស្តីពីការហាមប្រាម និង សកម្មភាពបន្ទាន់ សម្រាប់ការលុបបំបាត់ទម្រង់ធ្ងន់ធ្ងរនៃពលកម្មកុមារនៅឆ្នាំ២០០៥ និងអនុសញ្ញាក្រុងឡាអេ ស្តីពីការការពារកុមារនិងសហប្រតិបត្តិការទាក់ទងនឹងស្មុំកូនអន្តរប្រទេសនៅឆ្នាំ២០០៧។
អនុលោមតាមច្បាប់អន្តរជាតិនេះ រាជរដ្ឋាភិបាលកម្ពុជាបានយកចិត្តទុកដាក់ និងដោះស្រាយប្រកបដោយប្រសិទ្ធភាពលើវិស័យសុខុមាលភាពកុមារ តាមរយៈការដាក់ចេញឱ្យ អនុវត្តនូវច្បាប់ គោលនយោបាយ និងផែនការសកម្មភាពជាតិនានាដូចជា ក្របខ័ណ្ឌ គោល នយោបាយ ជាតិគាំពារសង្គម ២០១៦-២០២៥ គោលនយោបាយជាតិស្តីពី ប្រព័ន្ធកិច្ច ការពារកុមារ ២០១៩-២០២៩ ច្បាប់ស្តីពីយុត្តិធម៌អនីតិជន ច្បាប់ស្តីពីស្មុំកូនអន្តរប្រទេស និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធផ្សេងទៀត។
បន្ថែមលើនេះ រាជរដ្ឋាភិបាលកម្ពុជា បានយកចិត្តទុកដាក់ក្នុងការធ្វើឲ្យប្រសើរឡើងនូវការផ្តល់សេវាដល់ប្រជាជនក្រីក្រងាយរងគ្រោះ ជាពិសេស កុមារកំព្រា និងកុមារងគ្រោះនៅតាមសហគមន៍ដោយបង្កើននូវការយកចិត្តទុកដាក់ពង្រឹងគុណភាព និងបង្ខិតសេវាឱ្យទៅជិតជាមួយប្រជាជន តាមរយៈការបង្កើនល្បឿននៃការធ្វើវិមជ្ឈការផ្ទេរការទទួលខុសត្រូវ និងវិភាជន៍ថវិកាទៅរដ្ឋបាលថ្នាក់ក្រោមជាតិជាបណ្តើរៗប្រកបដោយសុទិដ្ឋិនិយម។ យោងតាមផែនការសកម្មភាពដែលបានគ្រោងទុកក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា នឹងត្រូវរៀបចំសេចក្តីព្រាងច្បាប់ស្តីពីកិច្ចការពារកុមារនេះ មាន រយៈពេល ៣៦ខែ ពោលគឺរយៈពេល០៣ឆ្នាំ។
លោកស្រី ខៀវ បូរី បានបន្ថែមថា ដោយសារស្ថានភាពនៃជំងឺកូវីដ-១៩ បានធ្វើឲ្យការរៀបចំច្បាប់នេះ មានការយឺតយ៉ាវខុសពីការរំពឹងទុក។ តែទោះបីជាយ៉ាងនេះក្តី ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា នឹងធ្វើការជាមួយ ក្រុមការងារបច្ចេកទេសអន្តរក្រសួង និង អ្នកពាក់ព័ន្ធទាំង ថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិ ដើម្បីកសាងសេចក្តីព្រាងច្បាប់នេះ ឱ្យសម្រេច បានតាមការរំពឹងទុក។
សេចក្តីព្រាងមាតិកា នាំសេចក្តីព្រាងច្បាប់នេះ លេខធិការដ្ឋានបាន រៀបចំកិច្ចប្រជុំពិគ្រោះយោបល់នៅថ្នាក់ជាតិ និងក្រោមជាតិជាបន្តបន្ទាប់ ដើម្បីផ្តល់យោបល់ និងធាតុចូលបន្ថែម។ ដោយឡែកថ្ងៃនេះគឺជាសិក្ខាសាលាពិគ្រោះយោបល់ ជាមួយ អន្តរក្រសួង និងអង្គការដៃគូ ដើម្បីប្រមូលធាតុចូល លើសេចក្តីព្រាងដំបូង នៃសេចក្តីព្រាងច្បាប់កិច្ចការពារ កុរមារ នៃព្រះរាជាណាចក្រកម្ពុជា តាមប្រព័ន្ធអនឡាញ រយៈពេល ២ថ្ងៃនេះ។
ជាមួយគ្នានោះ លោកស្រី ខៀវ បូរី ក៏បានបង្ហាញក្តីសង្ឃឹមថា អង្គសិក្ខាសាលារយៈពេល២ថ្ងៃនេះ និងទទួលបានលទ្ធផល ល្អប្រសើរ ខ្ញុំស្នើសុំឯកឧត្តម លោកជំទាវ លោក លោកស្រី មេត្តាចូលរួមឲ្យបានពេញលេញ ក្នុងអង្គសិក្ខាសាលាទៅតាមរបៀបវារៈដែលបានគ្រោងទុក និងសូមមេត្តាចូលរួមបញ្ចេញមិតិ យោបល់ និងពិភាក្សាឲ្យបានផុលផុសនៅពេល ចែកក្រុមពិភាក្សា ដើម្បីដាក់បញ្ចូលបំពេញបន្ថែមទៅក្នុង ខ្លឹមសារនៃសេចក្តីព្រាងច្បាប់ឲ្យកាន់តែគ្រប់ជ្រុងជ្រោយ គ្រប់ទិដ្ឋភាព និងមានសង្គុតភាព អាចអនុវត្តបានតាមបរិបទកម្ពុជា ដើម្បី ឧត្តមប្រយោជន៍កុមារនៅទូទាំងព្រះរាជាណាចក្រកម្ពុជានាពេលអនាគត៕