(ណៃពិដោ)៖ ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រីការបរទេសមីយ៉ាន់ម៉ាលោកស្រី អោងសាន ស៊ូជី បានទទួល ការវះកាត់ភ្នែកបន្ទាន់ នៅមុននេះបន្តិច ដោយសារតែលោកស្រី ទទួលទុក្ខបុកម្នេញដោយសារ បញ្ហានេះជាយូរណាស់មកហើយ។ នេះបើតាមការចេញផ្សាយមុននេះបន្តិច ដោយទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួរ នៅរសៀលថ្ងៃសៅរ៍ ទី០៩ ខែមេសា ឆ្នាំ២០១៦។
តាមសម្តីអ្នកនាំពាក្យគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ លោក U Win Htein ឲ្យដឹងថា «លោកស្រី ស៊ូជី បានទទួលការវះកាត់កាលពីព្រឹកមិញ នៅក្នុងមន្ទីរពេទ្យនៃរដ្ឋធានីណៃពិដោ។ ការវះកាត់នោះ បានទទួលជោគជ័យហើយ ប៉ុន្តែលោកស្រីត្រូវការសម្រាកឲ្យបានធូរស្រាលសិន មុននឹង ធ្វើការវះកាត់ម្តងទៀតនៅថ្ងៃទី១៦ ខែមេសា ខាងមុខ»។
គួរបញ្ជាក់ថា ក្រៅពីតំណែងជាទីប្រឹក្សារដ្ឋកំពូល និងរដ្ឋមន្ត្រីការបរទេសនោះ លោកស្រី ស៊ូជី ក៏មាន តួនាទីជារដ្ឋមន្ត្រីនៃការិយាល័យនាយករដ្ឋមន្ត្រីផងដែរ។ ការវះកាត់ភ្នែកនេះ ក៏ដូចជាការត្រៀមទទួល បន្ទុកការងារធំប៉ុនមហាភ្នំ ដែលគណបក្សលោកស្រី នឹងត្រូវដឹកនាំប្រទេសរយៈពេល ៥ឆ្នាំទៅមុខ ជាពិសេសលោកស្រីផ្ទាល់ដែលហាក់ នឹងទទួលរងបន្ទុកការងារច្រើនជាងគេ៕