(ភ្នំពេញ)៖ ក្នុងវរោកាសដ៏មង្គលាភិរម្យថ្លៃថ្លា ប្រកបដោយក្ដីសោមនស្សរីករាយ នៃទិវាចម្រើនជន្មាយុ ដ៏ឧត្តុង្គឧត្តមរបស់ សម្តេចចៅហ្វាវាំង វរវៀងជ័យ អធិបតីស្រឹង្គារ គង់ សំអុល អនុប្រធានអចិន្ត្រៃយ៍កាកបាទក្រហមកម្ពុជា នាថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២១នេះ លោកស្រីកិត្តិបណ្ឌិត អ៊ុក ម៉ាលី អគ្គហេរញ្ញិក កាកបាទក្រហមកម្ពុជា តំណាងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានដឹកនាំគណៈប្រតិភូចូលរួមសម្តែងនូវក្តីអំណរសាទរឥតឧបមា ប្រកបដោយបរិយាកាសដ៏សប្បាយរីករាយក្រៃលែង គោរពជូនសព្ទសាធុការពរជ័យ សិរីវឌ្ឍនា វិបុលសុខមហាប្រសើរថ្លៃថ្លា ជូនសម្ដេចចៅហ្វាវាំង សូមបានប្រកបដោយសុខភាពល្អបរិបូរណ៍ កាយពលមាំមួន បញ្ញាញាណភ្លឺថ្លាវាងវៃ និងជន្មាយុយឺនយូរ បន្តរួមចំណែកដឹកនាំកាកបាទក្រហមកម្ពុជា និងស្ថាប័នព្រះបរមរាជវាំង ទទួលបានជោគជ័យថ្មីៗថែមទៀត។

ក្នុងទិវាដ៏ប្រសើរថ្លៃថ្លាឧត្តុង្គឧត្តមនេះ លោកស្រីកិត្តិបណ្ឌិត អ៊ុក ម៉ាលី បានគោរពជូនសម្តេចចៅហ្វាវាំង នូវផ្កាស្រស់ល្អ ១កន្ត្រក ទឹកមាត់ត្រចៀកកាំ ១កន្ត្រក និងសារលិខិតជូនពររបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលសូម «សម្តែងនូវ ការគោរពកោតសរសើរចំពោះគំរូវីរភាពដ៏ឆ្នើម និងគុណបំណាច់ដ៏ឧត្ដុង្គឧត្ដមរបស់សម្តេច ចៅហ្វាវាំង ដែលជានិច្ចកាលបានខិតខំយកអស់កម្លាំងកាយ ចិត្ត ប្រាជ្ញា និងស្មារតី ប្រកបដោយភាពឈ្លាសវៃ និងគតិបណ្ឌិត ជាមួយនឹងបទពិសោធន៍ដ៏ប៉ិនប្រសប់ អនុវត្តកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការលើកកម្ពស់ការពង្រឹងនីតិរដ្ឋ និងជំរុញការអភិវឌ្ឍន៍សង្គម-សេដ្ឋកិច្ច ឱ្យកាន់តែមានភាពរីកចម្រើនជឿនលឿនខ្លាំងក្លាថែមទៀត ក្នុងបេសកកម្មបម្រើឧត្ដមប្រយោជន៍ជាតិ សាសនា ព្រះមហាក្សត្រ សម្រេចបានសមិទ្ធផលធំៗជាបន្តបន្ទាប់។

លើសពីនេះទៅទៀត សម្ដេចចៅហ្វាវាំង បានឆ្លៀតពេលវេលា មិនគិតការនឿយហត់ រួមចំណែកយ៉ាងសកម្មដឹកនាំកាកបាទក្រហមកម្ពុជា សម្រាលការលំបាករបស់ប្រជាពលរដ្ឋក្នុងគ្រប់កាលៈទេសៈ ដង្ហែតាមព្រះរាជវីរគំរូមនុស្សធម៌នៃព្រះករុណាព្រះបរមរតនកោដ្ឋ ព្រះករុណាព្រះមហាក្សត្រ និងហ្លួងម៉ែ ជាអម្ចាស់ ព្រះប្រធានកិត្តិយស កាកបាទក្រហមកម្ពុជា ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត»

ក្នុងបរិយាកាសដ៏ប្រសើរថ្លៃថ្លានេះ ថ្នាក់ដឹកនាំ មន្ត្រី បុគ្គលិក អ្នកស្ម័គ្រចិត្ត និងយុវជនកាកបាទក្រហមកម្ពុជាទាំងអស់ សូមឧទ្ទិសដល់គុណបុណ្យព្រះតនត្រ័យ វត្ថុស័ក្ដិសិទ្ធិក្នុងលោក ទេវតាថែរក្សាទឹកដីនៃព្រះរាជាណាចក្រកម្ពុជា សូមអភិបាលប្រោះព្រំប្រសិទ្ធពរជ័យ បវរមហាប្រសើរ ជូន សម្ដេចចៅហ្វាវាំង និងលោកជំទាវ ព្រមទាំងបុត្រា បុត្រី បុត្រប្រសា ចៅប្រុស ចៅស្រីជាទីស្រឡាញ់ សូមបានប្រកបដោយ ព្រះពុទ្ធពរទាំង៤ប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបី ឃ្លៀងឃ្លាតឡើយ៕