(បាត់ដំបង)៖ លោក ប៊ុន ហុន ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយស្រុកគាស់ក្រឡ ខេត្តបាត់ដំបង បានលើកឡើងងថា មានតែគណបក្សប្រជាជនកម្ពុជាតែមួយគត់ដែលតែងតែនៅក្បែរ និងយល់ពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋគ្រប់ពេលវេលា ហើយក៏មិនបណ្តោយអោយពលរដ្ឋណាម្នាក់អត់អាហារឡើយ។

ការលើកឡើកបែបនេះ របស់លោក ប៊ុន ហុន បានធ្វើឡើងនៅក្នុងពិធីសំណេះសំណាល សួរសុខទុក្ខ និងចែកអំណោយជូនប្រជាពលរដ្ឋកំពុងជួបការលំបាកចំនួន ៣៥០គ្រួសារ និងសិស្សានុសិស្សថ្នាក់បឋមសិក្សាចំនួន៧៥០នាក់ នៅក្នុងឃុំព្រះផុស ស្រុកគាស់ក្រឡ កាលពីថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២១ថ្មីៗនេះ។

នាឱកាសនោះដែរ លោកបានអំពាវនាវឱ្យប្រជាពលរដ្ឋអញ្ជើញទៅចុះឈ្មោះបោះឆ្នោតឱ្យបានគ្រប់ៗគ្នា ដើម្បីត្រៀមលក្ខណៈបោះឆ្នោតជូនគណបក្សដែលបងប្អូនស្រឡាញ់ពេញចិត្ត ក៏ដូចជាបំពេញតួនាទីជាពលរដ្ឋល្អ ខណៈដែលការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ខិតជិតមកដល់ក្នុងឆ្នាំ២០២២ខាងមុខ។

លើសពីនេះទៅទៀតប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយស្រុកគាស់ក្រឡ ក្រើនរំឮក មិងសូមឱ្យប្រជាពលរដ្ឋធ្វើការសម្រេចចិត្តឱ្យបានត្រឹមត្រូវក្នុងការបោះឆ្នោតជ្រើសរើសថ្នាក់ដឹកនាំរបស់ខ្លួន ដើម្បីសន្តិភាព និងការអភិវឌ្ឍន៍ប្រទេសជាតិ ព្រោះថាមានតែគណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រធានបាននាំមកនូវសន្តិភាព ស្ថេរភាពពេញលេញ និងការអវិឌ្ឍន៍រីកចម្រើនលើគ្រប់វិស័យ ដល់ប្រទេសកម្ពុជា រហូតដល់សព្វថ្ងៃនេះ។

ក្នុងឱកាសនោះដែរ លោក ប៊ុន ហុន បានគោរពថ្លែងអំណរគុណដល់ សម្តេចតេជោ ហ៊ុន សែន ដែលបានខិតខំប្រឹងអស់ពីកម្លាំងកាយចិត្ត ស្វះស្វែងរកវ៉ាក់សាំងចាក់ជូនប្រជាពលរដ្ឋបានគ្រប់ៗគ្នា និងទាន់ពេលវេលា ដែលធ្វើឱ្យប្រទេសកម្ពុជា ក្លាយជាប្រទេសដែលបានផ្តល់ការចាក់វ៉ាក់សាំងដល់ប្រជាពលរដ្ឋបានច្រើនជាងគេក្នុងចំណោមប្រទេសអាស៊ាន។

ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយស្រុកគាស់ក្រឡ ក៏បានផ្តាំផ្ញើដល់ប្រជាពលរដ្ឋ ត្រូវរៀនរស់តាមគន្លងនៃប្រក្រតីភាពថ្មីក្នុងបរិបទកូវីដ១៩ ហើយត្រូវបន្តអនុវត្តវិធានការសុខាភិបាល ជាពិសេសវិធានការ «៣កុំ និង៣ការពារ» របស់សម្តេចតេជោ ឱ្យបានខ្ជាប់ខ្ជួន៕