(ស្ទឹងត្រែង)៖ លោកស្វាយ សំអ៊ាង សមាជិកគណៈកម្មាធិការកណ្ដាល និងជាប្រធានគណៈកម្មាធិការគណបក្សខេត្តស្ទឹងត្រែង បានបើកកិច្ចប្រជុំផ្សព្វផ្សាយគោលនយោបាយអភិវឌ្ឍន៍ឃុំ ឆ្នាំ២០២២ ដល់ឆ្នាំ២០២៧ របស់គណបក្សប្រជាជនកម្ពុជា ក្នុងស្រុកសេសាន ខេត្តស្ទឹងត្រែង។

កិច្ចប្រជុំនេះធ្វើឡើងនៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២១ មានការចូលរួមពីប្រធាន អនុប្រធានក្រុមការងារគណៈកម្មាធិការគណបក្សខេត្ត ប្រធាន អនុប្រធាន សមាជិកគណៈអចិន្រ្តៃយ៍គណបក្សស្រុក គណបក្សឃុំទាំង៧ឃុំ ក្នុងស្រុកសេសាន សរុប៥២នាក់។

លោក សុវណ្ណ ពិសេដ្ឋ ប្រធានគណៈកម្មាធិការគណបក្សស្រុកសេសាន បានអានរបាយការណ៍ជូនលោកប្រធានគណៈកម្មាធិការគណបក្សខេត្តស្ទឹងត្រែង និងអង្គប្រជុំអំពីលទ្ធផលនៃការអនុវត្តផែនការឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ និងទិសដៅអនុវត្តបន្ត មុននឹងលោក ភៀន ជំហាន អនុប្រធានគណៈកម្មាធិការគណបក្សស្រុកសេសាន អានគោលនយោបាយអភិវឌ្ឍន៍ឃុំ-សង្កាត ឆ្នាំ២០២២ ដល់ឆ្នាំ២០២៧ របស់គណបក្សប្រជាជនកម្ពុជា។

ក្នុងកិច្ចប្រជុំលោក ស្វាយ សំអ៊ាង បានបង្ហាញការកត់សម្គាល់លើកិច្ចការសំខាន់ៗ ដែលត្រូវបន្តខិតខំរួមគ្នាអនុវត្តចាប់ពីពេលនេះរហូតដល់ដំណាច់ឆ្នាំ២០២១ ដូចជាការពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២១ ការរៀបចំបេក្ខជនឈរឈ្មោះបោះឆ្នោត ការរៀបចំគោលការណ៍លទ្ធផលនៃការអនុវត្តគោលនយោបាយភូមិ ឃុំ-សង្កាត់ អាណត្តិទី៥ និងការបន្តពង្រឹងអង្គការចាត់តាំងគណបក្សគ្រប់ជាន់ថ្នាក់ និងការពង្រឹងពង្រីកសមាជិកគណបក្សជាដើម។

បន្ថែមពីនោះទៀត លោកក៏បានបន្តជំរុញដល់សមាជិកសមាជិកាគណៈកម្មាធិការគណបក្សស្រុក ឃុំ ភូមិ ត្រូវសិក្សាស្វែងយល់ឲ្យបានស៊ីជម្រៅ ពិនិត្យ និងកែលម្អឲ្យបានល្អប្រសើរ។ ចំពោះផែនការសកម្មភាពដែលត្រូវអនុវត្ត ដើម្បីឈានទៅសម្រេចឲ្យបានជោគជ័យនៅឆ្នាំ២០២២ ខាងមុខនេះ។

លោក ស្វាយ សំអ៊ាង បានពន្យល់ និងណែនាំចង្អុលបង្ហាញបន្ថែមនូវចំណុចសំខាន់ៗមួយចំនួនដែលដកស្រង់ចេញពីសេចក្តីសម្រេច ស្តីពីផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ជូនដល់សមាជិកសមាជិកាបានយល់ច្បាស់លាស់ និងស៊ីជម្រៅដើម្បីយកទៅអនុវត្តឲ្យទទួលបានប្រសិទ្ធភាព និងប្រសិទ្ធផល ឈានទៅសម្រេចតាមផែនការដែលបានគ្រោងទុកសម្រាប់អាណត្តិទី៥នេះ៕