(កំពង់ធំ)៖ លោកស្រី ឃួន ឃុនឌី សមាជិកព្រឹទ្ធសភា និងជាប្រធានក្រុមការងារចុះជួយស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ នាឱកាសចុះពិនិត្យមើលស្ថានភាពស្ពាន និងកែលម្អក្បាលស្ពានឆ្លងស្ទឹងសែន ស្ថិតនៅភូមិកំពង់ស្វាយ ឃុំកំពង់សា្វយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ដោយ លោកស្រីបានអំពាវប្រជាពលរដ្ឋ ចូលរួមថែរក្សាសមិទ្ធផល ដែលបានកសាងជាសម្បត្តិរួម។
ការចុះពិនិត្យមើលស្ថានភាពស្ពាន និងកែលម្អក្បាលស្ពានឆ្លងស្ទឹងសែនខាងលើនេះ ធ្វើឡើងនាថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២១។
លោកស្រី ឃួន ឃុនឌី បានបន្តថា ដោយសារប្រទេសជាតិមានសុខសន្តិភាព ធ្វើឲ្យប្រជាពលរដ្ឋមានឱកាសបានធ្វើបុណ្យទាន កើតចេញពីទឹកចិត្តជ្រះថ្លារបស់ប្រជាពលរដ្ឋ អាជីវករ មន្រ្តីរាជការ កងកម្លាំង និងប្រជាពលរដ្ឋតាមបណ្តាខេត្តមួយចំនួន ដើម្បីយកមកកសាង ក្នុងការចុះពិនិត្យលោកស្រីបានជំរុញឲ្យប្រជាពលរដ្ឋចូលរួម ក្នុងការថែរក្សាការដាំដុះការនូវផ្កាចម្រុះពណ៌កែលម្អឲ្យមានសោភ័ណភាព ដើម្បីរៀបចំដាក់សម្ពោធដាក់ឱ្យដំណើរការពេលខាងមុខ។
លោកស្រី ឃួន ឃុនឌី ក៏បានថ្លែងអំណរគុណលោកឧកញ៉ា លោក លោកស្រី មន្រ្តីរាជការ កងកម្លាំង មន្ទីរអង្គភាពគ្រប់ស្ថាប័ន និងលោកយាយ លោកតា និងពុទ្ធបរិស័ទ ដែលអញ្ជើញមកពីបណ្តារាជធានី-ខេត្តទាំងអស់ ដែលបានចូលរួមដើម្បីនាំយកបច្ច័យមកកសាងនូវសមិទ្ធផលនានាក្នុងខេត្តកំពង់ធំនេះ។
លោកស្រីបានបន្តថា «យើងបានសុខមកដល់ថ្ងៃនេះ ក៏ដោយសារតែកត្តាសុខសន្តិភាព ដូច្នេះបងប្អូនទាំងអស់ត្រុវនាំគ្នារក្សាសន្តិភាពឲ្យបានយូរអង្វែង ជាមួយនឹងរដ្ឋាភិបាលក្រោមការដឹកនាំដ៏ត្រឹមត្រូវរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដើម្បីឲ្យប្រទេសរបស់យើងមានការអភិវឌ្ឍន៍លើគ្រប់វិស័យ»។
លោក អឹម ជុង ប្រធានគណៈកម្មការវត្ត បានលើកឡើងថា ការសាងសង់ស្ពាននេះ គឺជាការចូលរួមជាមួយនឹងពុទ្ធបរិស័ទតាមកម្លាំងសទ្ធាដោយបានកសាងតាំងពីឆ្នាំ២០១៨ ហើយការសាងសង់ស្ពានថ្មមានប្រវែង១៥១.២ម៉ែត្រ ទទឹង៤.៥០ម៉ែត្រ និងកម្ពស់៨ម៉ែត្រ ដោយគម្រោងចំណាយថវិកាអស់ជាង៦០ម៉ឺនដុល្លារ។
ជាមួយគ្នានេះដែរ ប្រជាពលរដ្ឋមានការសប្បាយចិត្តរីករាយយ៉ាងខ្លាំងដោយទទួលបានស្ពានថ្មថ្មីជាចំណងដៃក្នុងខេត្តកំពង់ធំ ដែលនឹងសម្ពោធឲ្យបើកប្រើប្រាស់ជាផ្លូវការនៅពេលខាងមុខហើយឃើញថានេះ គឺជាកម្លាំងសាមគ្គីមួយដែលមិនដែលមានប្រជាពលរដ្ឋ ក៏ដូចជាសហគមន៍ណាធ្វើបានស្ពានដែលមានតម្លៃច្រើនហួសប្រមាណនេះ៕