(ភ្នំពេញ)៖ កម្លាំងប្រជាការពារនៅសង្កាត់ចំនួន៣សង្កាត់ ក្នុងក្រុងដូនកែវ ខេត្តតាកែវ និងកុមារីកំព្រាក្រីក្រម្នាក់ ទទួលអំណោយសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត តាមរយៈលោក ហ៊ុន ម៉ាណែត នៅព្រឹកថ្ងៃទី០៨ ខែមេសា ឆ្នាំ២០១៦។
អង្ករ ០៦តោន និងភេសជ្ជៈ ៦០កេស ត្រូវបានប្រគល់ជូនដល់កម្លាំងប្រជាការពារនៅសង្កាត់ ចំនួន០៣ ក្នុងនោះរួមមានសង្កាត់បារាយណ៍ សង្កាត់រកាក្នុង និងសង្កាត់រកាក្រៅ ក្រុងដូនកែវ សម្រាប់សម្រួលដល់ជីវភាពរស់នៅរបស់ពួកគាត់ និងក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ខាងមុខនេះ។
នៅក្នុងឱកាសនោះផងដែរ ក្រុមជំនួយការលោក ហ៊ុន ម៉ាណែត ក៏បាននាំយកអំណោយកង់ សម្ភារៈសិក្សា និងថវិកាមួយចំនួន ដែលជាអំណោយផងដែររបស់ សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត តាមរយៈលោក ហ៊ុន ម៉ាណែត ប្រគល់ជូនសិស្សឈ្មោះ គឹម ស្រីនាង អាយុ១៣ឆ្នាំ រៀនថ្នាក់ទី៨ នៅអនុវិទ្យាល័យបារាយណ៍។
ក្មួយស្រី គឹម ស្រីនាង ជាកូនកំព្រាឪពុកម្តាយ រស់នៅជាមួយជីដូន និងមានជីវភាពខ្វះខាតយ៉ាងខ្លាំង ដែលធ្វេីឲ្យក្មួយស្រីជារេីយៗ ស្ទេីរបោះបង់ចោលការសិក្សា។
ដោយក្តីមេត្តាធម៌របស់សម្តេច និងតាមរយៈអំណោយដែលបានទទួលពី ឯកឧត្តម ហ៊ុន ម៉ាណែត នេះធ្វេីឲ្យក្មួយស្រីសេីចសប្បាយរីករាយ ទាំងទឹកភ្នែកហូររហាម និងថ្លែងអំណរគុណដល់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលបានផ្តល់ក្តីសង្ឃឹមបន្តការសិក្សា និងប្តេជ្ញាខិតខំសិក្សារៀសូត្រ ដេីម្បីជួយដល់គ្រួសារ និងជាធនធានមនុស្សសម្រាប់ប្រទេសជាតិ ទៅថ្ងៃក្រោយ ដោយមិនឲ្យសម្តេចខកបំណងឡេីយ។
លោក មូល វិចិត្រ អភិបាលនៃគណៈអភិបាលក្រុងដូនកែវ ក្នុងនាមជំនួសមុខជូនថ្នាក់ដឹកនាំមូលដ្ឋានក្រុងដូនកែវ សូមគោរព ថ្លែងអំណរគុណជូនចំពោះ សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលបានផ្តល់អំណោយឧបភោគបរិភោគនេះ រួមទាំងផ្តល់ក្តីមេត្តា និងក្តីសង្ឃឹមដល់ក្មួយស្រីកំព្រាក្រីក្រ៕