(បាត់ដំបង)៖ នគរបាលស្រុកថ្មគោល ខេត្តបាត់ដំបង បានស្រាវជ្រាវរកអ្នកដែលមកស្នាក់នៅក្នុងផ្ទះសំណាក់ ក្នុងគោលបំណងធ្វើចំណាកស្រុកដោយខុសច្បាប់ ដោយបានឃាត់ខ្លួនជនសង្ស័យ២នាក់ ប្ដីប្រពន្ធ និងមនុស្ស១០នាក់ទៀត ដែលបម្រុងឆ្លងដែនខុសច្បាប់ទៅកាន់ប្រទេសថៃ។
ការឃាត់ខ្លួនប្តីប្រពន្ធទាំង២នាក់នេះ បានធ្វើឡើងកាលពីវេលាម៉ោង ៦៖៣០នាទីថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២១ នៅត្រង់ចំណុចផ្ទះសំណាក់យីហោ ហេង ហេង ស្ថិតក្នុងក្រុមទី៦ ភូមិគោកត្រប់ ឃុំតាម៉ឺន ស្រុកថ្មគោល ខេត្តបាត់ដំបង។
លោកវរសេនីយ៍ទោ សេង លុច អធិការនគរបាលស្រុកថ្មគោល បានឱ្យដឹងថា អនុវត្តវិធានការបង្ក្រាបទប់ស្កាត់បទល្មើសគ្រប់ប្រភេទ ក្រោមការណែនាំរបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនគរបាលខេត្តបាត់ដំបង រួចមកនៅវេលាម៉ោង ៦៖៣០នាទីថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២១ កម្លាំងផ្នែកជំនាញបានកំណត់មុខសញ្ញា ហើយបានចុះត្រួតពិនិត្យ និងបង្រ្កាបឃាត់ខ្លួនបានជនសង្ស័យប្រុស ស្រីចំនួន២នាក់ នៅត្រង់ចំណុចផ្ទះសំណាក់យីហោ ហេង ហេង ស្ថិតក្នុងក្រុមទី៦ ភូមិគោកត្រប់ ឃុំតាម៉ឺន ស្រុកថ្មគោល ខេត្តបាត់ដំបង។
ជនសង្ស័យទាំង២នាក់មានឈ្មោះ តា ញ៉េន ហៅភាព ជាប្តី អាយុ៣៦ឆ្នាំ និងប្រពន្ធឈ្មោះ ហាន ស្រីណុច រស់នៅភូមិតាគ្រាប់ ឃុំព្នៅទី១ ស្រុកស៊ីធរកណ្តាល ខេត្តព្រៃវែង ត្រូវបានបង្ក្រាបពាក់ព័ន្ធបទនាំយកចេញដោយ មិនស្របច្បាប់សម្រាប់នាំមនុស្សឆ្លងដែន ក្នុងបទល្មើសជាក់ស្តែង។
លោកវរសេនីយ៍ទោ សេង លុច បានបញ្ជាក់ថា ជនសង្ស័យរួមទាំងជនរងគ្រោះ ត្រូវនាំមកសាកសួរួចហើយ បច្ចុប្បន្នត្រូវបានកម្លាំងបង្ក្រាបនគរបាលស្រុកថ្មគោល បានកសាងសំណុំរឿងបញ្ជូនខ្លួនទៅកាន់ការិយាល័យជំនាញ ស្នងការដ្ឋាននគរបាលខេត្ត សាកសួរបន្ថែមទៀត ដើម្បីចាត់ការតាមនីតិវិធី៕