(សៀមរាប)៖ នៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២១នេះ អង្គការមូលនិធិទំពាំងស្នងឫស្សី សហការជាមួយសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា ហៅកាត់ថា CATA និងក្រុមហ៊ុនបុរី ប៉េង ហួត បានបើកយុទ្ធនាការសម្អាតបរិស្ថាន ប្រមូលសំណល់ប្លាស្ទិកបឹងក្នុងទន្លេសាប។ កម្មវិធីនេះធ្វើឡើងនៅបរិវេណវត្តមេជ្រៃ ភូមិពាមតាអួរ ឃុំកែវពណ៌ ស្រុកពួក ខេត្តសៀមរាប។
លោកស្រី ឆាយ ស៊ីវលីន ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា ហៅកាត់ GATA សុំឱ្យប្រជាពលរដ្ឋទាំងអស់ដែលរស់នៅសហគមន៍មេជ្រៃទាំងអស់ យល់ និងចូលរួមថែរក្សាបរិស្ថាន និងអនាម័យឱ្យបានស្អាត ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិឲ្យមកកម្សាន្តទីនេះកាន់តែច្រើន។ លោកស្រីស្នើឱ្យប្រជាពលរដ្ឋ កុំចោលសំរាមប្លាស្ទិកក្នុងបឹងទន្លេសាប និងទុកដាក់ វេចខ្ចប់ឱ្យបានត្រឹមត្រូវ ដើម្បីចូលរួមចំណែកក្នុងការថែរក្សាបរិស្ថានស្អាត គ្មានប្លាស្ទិក នៅក្នុងបឹងទន្លេសាប។
យុទ្ធនាការនៅឆ្នាំនេះ នឹងចាប់ផ្តើមពីថ្ងៃទី៣០ តុលា រហូតដល់ថ្ងៃទី៣១ ធ្នូ ឆ្នាំ២០២១។ កម្មវិធីបើកយុទ្ធនាការនៅឆ្នាំនេះ ធ្វើឡើងក្រោមប្រធានបទ «ទន្លេសាបបៃតងស្អាត ដោយគ្មានប្លាស្ទិក»។
លោក ស៊ា សុផល ប្រធានអង្គការមូលនិធិទំពាំងស្នងឫស្សី មានប្រសាសន៍ថា យុទ្ធនាការនៅឆ្នាំនេះ នឹងបន្តជំរុញ និងលើកទឹកចិត្តដល់ប្រជាសហគមន៍ ឱ្យចូលរួមសម្អាតសំណល់ប្លាស្ទិក និងធ្វើការទុកដាក់បែងចែកញែកសំរាមប្លាស្ទិកឱ្យបានត្រឹមត្រូវ ហាមមិនឱ្យដុត និងបោះចោលក្នុងទឹកទន្លេសាប។ លោក ស៊ា សុផល បញ្ជាក់ថា ឆ្នាំនេះ យុទ្ធនាការនឹងបំផុសស្មារតីក្នុងការលើកកម្ពស់ជីវភាពសហគមន៍ក្នុងបឹងទន្លេសាប ដើម្បីរៀបចំ និងត្រៀមខ្លួនសម្រាប់ការរៀបចំជាទេសចរណ៍សហគមន៍ផងដែរ ការណ៍នេះគឺដើម្បីឆ្លើយតបទៅនឹងតម្រូវការសេដ្ឋកិច្ចរបស់សហគមន៍ឱ្យមាននិរន្តរភាព។
គួររំលឹកផងដែរ អង្គការមូលនិធិទំពាំងស្នងឫស្សី បានផ្តួចផ្តើមយុទ្ធនាការប្រមូលសំរាមប្លាស្ទិកបឹងទន្លេសាបប្រចាំរដូវទឹកដំឡើង និងរដូវទឹកសម្រក ពីឆ្នាំ២០១៨ មកម្ល៉េះ ដោយចលនាមហាជនតាមរយៈសហគមន៍នានាជុំវិញបឹងទន្លេសាប ដូចជាសហគមន៍កំពង់ឃ្លាំង មេជ្រៃ ចុងឃ្នៀស បឹងពារាំង កំពង់ភ្លុក និងផ្នែកខាងក្រោមនៃស្ទឹងសៀមរាប ។ តាមរយៈក្រុមយុវជនស្ម័គ្រចិត្តមេត្រីបរិស្ថានបឹងទន្លេសាប ឬហៅថា TONLE SAP WARRIORS បានចុះអប់រំសហគមន៍ឱ្យចេះវេចខ្ចប់ និងញែកសំរាមឱ្យបានត្រឹមត្រូវ ហើយឈានដល់ការបង្កើតជង្រុកប្លាស្ទិកជាផ្លូវការនៅសហគមន៍មេជ្រៃនៅក្នុងឆ្នាំ២០២០ ក្នុងទិវាអនាម័យបរិស្ថានជាតិ២៣វិច្ឆិកា ដើម្បីគាំទ្រដល់ គម្រោងប្លាស្ទិកប្ដូរយកអង្ករ ដោយមានការគាំទ្រដោយក្រសួងបរិស្ថាន ដែលគម្រោងនេះទទួលបានជោគជ័យដ៏ត្រចេះត្រចង់៕