(បន្ទាយមានជ័យ)៖​ នាព្រឹកថ្ងៃទី៩ ខែមេសា ឆ្នាំ២០១៦នេះលោកឧបនាយរដ្ឋមន្រ្តី កែ គឹមយ៉ាន ប្រធានក្រុមការងារថ្នាក់ជាតិចុះខេត្តបន្ទាយមានជ័យ អមដំណើរជាមួយ លោក សួន បវរ អភិបាលខេត្តបន្ទាយមានជ័យ លោកស្នងការ មេបញ្ជាការអាវុធហត្ថ បានចុះមកសួរសុខទុក្ខនិងចែកអំណោយនៅទីបញ្ជាការកងរាជអាវុធខេត្ត ដល់​យុវជនកំពុងអប់រំស្តារនិតិសម្បទាផ្តាច់គ្រឿងញៀន ចំនួន១៧៨នាក់​ និងមណ្ឌលភ្នំបាក់ចំនួន២៤៧នាក់។

លោកឧត្តមសេនីយ៍ត្រី​ឱ បូរិន្ទ​ បានឲ្យដឹងថា​​ ​អាវុធហត្ថខេត្តចាប់ពីឆ្នាំ២០០២ មកទល់សព្វថ្ងៃនេះសរុបមានចំនួន៣០៣៩នាក់ បន្សាបគ្រឿងញៀន ហើយឲ្យវិលត្រឡប់ទៅផ្ទះវិញ មាន​ចំនួន២៨៦១នាក់នៅសល់ជាក់ស្តែង១៧៨នាក់ កំពុងតែធ្វើការបន្សាបបន្ត។

យុវជនផ្តាច់គ្រឿងញៀនទាំងអស់នោះជាមន្ត្រីរាជការ២នាក់ សិស្ស១៥នាក់អាជីវករ៤៤នាក់ កម្មករ១០នាក់ យុវជនគ្មានមុខរបរ ៣២នាក់​ និងយុវជនធម្មតា៦៤នាក់យុវជនទាំងអស់នេះ មានកម្មវិធីអប់រំកាយសម្បទាមានដូចជា ការហាត់ប្រាណ និងធ្វើពលកម្មផ្សេង ដើម្បីឲ្យចេញសារធាតុពុល ក្នុងសារពាង្គកាយ អប់រំចិត្តសាស្ត្រ មានដូចជាអប់រំផ្លូវចិត្ត ការធ្វើប្រឹក្សា ការអប់រំច្បាប់ ការអប់រំអំពីផលប៉ះពាល់នៃការប្រើប្រាស់គ្រឿងញៀន អេដស៍ និងជម្ងឺ​ផ្សេងៗទៀត ការអប់រំអំពីសីលធម៌ សុជីវធម៌ និងគុណធម៌ក្នុងការរស់នៅក្នុងសង្គម។

លោក​ឧបនាយករដ្ឋមន្រ្តី កែ គឹមយ៉ាន បានធ្វើការផ្តាំផ្ញើដល់យុវជនទាំងអស់ ក្រោយចេញពីកន្លែងមណ្ឌលផ្តាច់គ្រឿងញៀនហើយនោះ ត្រូវចេះកែខ្លួន ឲ្យបានល្អដើម្បីប្រែក្លាយខ្លួន ទៅជាកូនល្អ មនុស្សល្អ និងជាធនធានមនុស្ស ដែលប្រទេសជាតិចង់បានជាទីបំផុត។

ក្នុងឱកាសនោះដែរ លោកឧបនាយករដ្ឋមន្រ្តី កែ គឹមយ៉ាន បានផ្តាំផ្ញើដល់កងកំលាំងអាវុធហត្ថទាំងអស់ ត្រូវយកចិត្តទុកដាក់ការពារសន្តិសុខសណ្ដាប់ធ្នាប់ ជូនប្រជាពលរដ្ឋ ក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ នាពេលខាងមុខនេះផងដែរ។

ក្នុងនោះ​លោកឧបនាយក​បានផ្តល់អំណោយ​ អំណោយរួម​ យុវជនមណ្ឌលភ្នំបាក់ចំនួន២៤៧នាក់ទទួលបាន៖​ ស្ករស ២៤៧ គីឡូក្រាម​​, ត្រីខ​​ ២៤៧កំប៉ុង, ទឹកក្រូច ៤៩៤កំប៉ុង, មី ៤៩៤កញ្ចប់, ទឹកដោះគោខាប់ ២៤៧កំប៉ុង, ទឹកសុទ្ធ ៤៩៤ដប, និងថវិកា៦លានរៀល។ ដោយឡែក​អំណោយសំរាប់យុវជនផ្ដាច់គ្រឿងញៀន នៅអាវុធហត្ថ៖​ ស្ករស ១៧៨គីឡូក្រាម,​ ត្រីខ ១៧៨កំប៉ុង, ទឹកក្រូច ៤៥៦កំប៉ុង, មី ៤៥៦កញ្ចប, ទឹកដោះគោខាប់ ១៧៨កំប៉ុង, ទឹកសុទ្ធ ៤៥៦ដប, និងថវិកា៦លានរៀល, ​ចំណែកគ្រួសារយុវជនចំនួន១០គ្រួសារក្នុង១គ្រួសារ ទទួលបានថវិកា២ម៉ឺនរៀល៕​