(ត្បូងឃ្មុំ)៖ លោក ជាម ច័ន្ទសោភ័ណ អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមខេត្តត្បូងឃ្មុំ ព្រឹកថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២១នេះ អញ្ជើញចុះសំណេះសំណាល និងនាំយកអំណោយដ៏ថ្លៃថ្លារបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ចែកជូនពលរដ្ឋ២០០គ្រួសារ ដែលមានជីវភាពខ្វះខាតលំបាក ក្នុងឃុំរការខ្នុរ ស្រុកក្រូចឆ្មារ។

លោក ជាម ច័ន្ទសោភ័ណ បានផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់សម្តេតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ព្រមទាំងលោកឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា ប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តត្បូងឃ្មុំ ជូនចំពោះប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតលំបាកទាំងអស់ ដោយក្តីនឹករលឹក អាណិតអាសូរ និងតែងតែព្រួយបារម្ភ គិតគូរពីសុខទុកប្រជាពលរដ្ឋគ្រប់ពេលវេលា។

លោកអភិបាលខេត្ត បានណែនាំដល់អាជ្ញាធរស្រុកឃុំភូមិ ត្រូវបន្តផ្សព្វផ្សាយសារអប់រំ ឱ្យបានជាប់ជាប្រចាំដល់ប្រជាពលរដ្ឋ នូវវិធានការ «៣កុំ និង៣ការពារ» ក៏ដូចជាពលរដ្ឋដែលមិនទាន់ចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ សូមរួសរាន់ទៅចាក់ ដើម្បីបញ្ចៀសការស្លាប់ ពិសេសក្នុងការចូលរួមប្រយុទ្ធប្រឆាំងនឹងការឆ្លងរាលដាលនូវជំងឺដ៏កាចសាហាវនេះ។

ឆ្លៀតក្នុងឱកាសនោះ លោក ជាម ច័ន្ទសោភ័ណ បានថ្លែងប្រាប់ប្រជាពលរដ្ឋ នូវការយកចិត្តទុកដាក់ខ្ពស់គ្រប់កាលៈទេសៈ ពីសំណាក់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដោយផ្តល់ជូនអំណោយពលរដ្ឋជនងាយរងគ្រោះទាំងអស់ស្មើៗគ្នា ដោយមិនប្រកាន់ពូជសាសន៍ ពណ៍សម្បុរ និងនិន្នាការនយោបាយនោះឡើយ ពិសេសតាមរយៈគោលនយោបាយឧបត្ថម្ភដល់ បងប្អូនក្រ១ ក្រ២ និងស្ត្រីពពោះជាដើម។

ដោយឡែកក្នុងបរិបទកូវីដ១៩នេះ សម្តេចតេជោបានបន្តផ្តល់ភាពកក់ក្តៅ ដោយពលរដ្ឋទទួលបានការចាក់វ៉ាក់សាំងដោយឥតគិតថ្លៃ, ព្យាបាលមិនយកលុយ ផ្តល់អាហារ៣ពេល ពិសេស ផ្តល់២លានរៀលគ្រួសារអ្នកស្លាប់ដោយជំងឺកូវីដ១៩ និង១លានរៀល ជូនក្រុមការងារចាត់ចែងសពផងដែរ។

ជាចុងក្រោយ លោក ជាម ច័ន្ទសោភ័ណ បានអំពាវនាវដល់ពលរដ្ឋគ្រប់អាយុ១៨ឆ្នាំ មានឈ្មោះក្នុងបញ្ជីបោះឆ្នោត សូមទៅពិនិត្យផ្ទៀងផ្ទាត់បញ្ជីឈ្មោះបោះឆ្នោតឱ្យបានត្រឹមត្រូវ ដើម្បីមានសិទ្ធអាចបោះឆ្នោតនាពេលខាងមុខនេះ ពិសេសបោះឆ្នោតជូនសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រីគ្រប់អាណត្តិ ដើម្បីបន្តដំណើរអភិវឌ្ឍន៍ម្ពុជាបន្តទៀត។

បើតាមលោក វង វ៉ាន់នី នាយកសាខាកាកបាទក្រហមខេត្ត បានឱ្យដឹងថា ចំពោះអំណោយដែលផ្តល់ជូនទាំង ២០០គ្រួសារ ក្នុង១គ្រួសារទទួលបាន អង្ករ១បេ មី១កេស ទឹកត្រី១យួរ ទឹកសុីអុី១យួរ ត្រីខ១យួរ ប្រេងឆា១ដប និងថវិកាមួយចំនួន៕