(ព្រះសីហនុ)៖ សម្ដេចវិបុលសេនាភក្ដី សាយ ឈុំ អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈប្រចាំការ នៃគណៈអចិន្ដ្រៃយ៍ គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា នៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២១នេះ បានអញ្ជើញប្រកាសតែងតាំងលោក គួច ចំរើន ជាប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា ខេត្តព្រះសីហនុ។
លោក គួច ចំរើន សមាជិកគណៈកម្មាធិការកណ្តាល និងជាអនុប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តព្រះសីហនុ ត្រូវបានសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា សម្រេចតែងតាំងដំឡើងឋានៈជា ប្រធានគណៈកម្មាធិការគណបក្សខេត្តព្រះសីហនុ។
ថ្លែងក្នុងឱកាសនោះ សម្តេចវិបុលសេនាភក្តី សាយ ឈុំ បានផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ជូនដល់ថ្នាក់ដឹកនាំ សមាជិកសមាជិកាគណបក្សទាំងអស់ ដែលមានវត្តមានក្នុងពិធីនេះ។
សម្តេចវិបុលសេនាភក្តី សាយ ឈុំ បានថ្លែងថា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឲ្យប្រទេសជាតិមានសុខសន្តិភាព មានការអភិវឌ្ឍន៍លើគ្រប់វិស័យ បើទោះបីជាប្រទេសជាតិ ស្ថិតក្នុងបរិបទជួបប្រទះបញ្ហា ដោយសារការឆ្លងរីករាលដាលជំងឺកូវីដ១៩ ក៏ដោយចុះគឺសម្តេចតេជោ ហ៊ុន សែន ក្នុងតួនាទីជានាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា នៅតែខិតខំពុះពារស្តារឡើងវិញនូវវិបត្តិផ្សេងៗ ជាពិសេសខិតខំស្វែងរក វ៉ាក់សាំងចាក់ជូនប្រជាពលរដ្ឋទូទាំងប្រទេស ដើម្បីធ្វើយ៉ាងណាការពារសុខមាលភាព និងអាយុជីវិតប្រជាពលរដ្ឋរួមនឹងការស្តារសេដ្ឋកិច្ច ឈានទៅឲ្យបើកដំណើរការប្រទេសជាធម្មតាឡើងវិញខាងមុខនេះឆាប់ៗទៀតផង។
សម្តេចវិបុលសេនាភក្តី សាយ ឈុំ ស្នើឲ្យប្រធានគណបក្សខេត្ត ត្រូវផ្តោតលើការកសាងកម្លាំងថ្មី និងពង្រីកបន្ថែមនូវសមាជិកគណបក្ស ជាពិសេសក្នុងស្រទាប់យុវជន គឺសំដៅឈានទៅយកឈ្នះការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ-សង្កាត់ ក្នុងឆ្នាំ២០២២ និងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ឆ្នាំ២០២៣ ខាងមុខដោយជោគជ័យ។ ដូច្នេះដើម្បីបន្តលើភាពជោគជ័យនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ និងការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនាពេលខាងមុខ សម្រាប់បន្តអាណត្តិដឹកនាំប្រទេស ដើម្បីអភិវឌ្ឍឲ្យមានការរីកចម្រើនបន្តទៅមុខទៀត៕