(ភ្នំពេញ)៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានលើកឡើងថា បើទោះបីទឹកជំនន់ស្ទឹងព្រែកត្នោត បានស្រកទៅអស់ពិតមែន ប៉ុន្តែក្នុងនាមអាជ្ញាធរដែលជាម៉ែ ជាឪ របស់បងប្អូនប្រជាពលរដ្ឋ នៅតែតាមមើលថែអូប្រជាពលរដ្ឋជានិច្ច មានន័យថា លុះត្រាប្រជាពលរដ្ឋបានសុខស្រួលជាធម្មតាវិញ ទើបអាចលែងដៃបាន ។ នេះជាការគិតគូរមួយ ដោយអនុវត្តទៅតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ហ៊ុន សែន ដែលការងារសំខាន់ទី១ គឺសង្គ្រោះអាយុជីវិតប្រជាពលរដ្ឋ និងមិនទុកឲ្យបងប្អូនប្រជាពលរដ្ឋណាម្នាក់ ស្លាប់ដោយការអត់បាយ ដែលយើងមិនដឹងនោះទេ។

ការលើកឡើងរបស់លោក ឃួង ស្រេង បានធ្វើឡើងនៅព្រឹកថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២១នេះ ក្នុងពិធីចែកអំណោយជូនប្រជាពលរដ្ឋរងគ្រោះដោយសារជំនន់ទឹកភ្លៀង ចំនួន៨៦៩គ្រួសារ ស្ថិតក្នុងមូលដ្ឋាន សង្កាត់សាក់សំពៅ ខណ្ឌដង្កោ រាជធានីភ្នំពេញ។

លោក ឃួង ស្រេង បានបញ្ជាក់ថា រដូវវស្សាឆ្នាំនេះ ក៏ដូចជាឆ្នាំកន្លងទៅ អាស្រ័យដោយកត្តាការប្រែប្រួលអាកាសធាតុ ដែលជាបញ្ហាប្រឈមជាសកល គូបផ្សំនឹងកត្តាភូមិសាស្ត្រសណ្ឋានដី បានធ្វើឲ្យតំបន់សណ្ដរស្ទឹងព្រែកត្នោត ដែលតភ្ជាប់ពីខេត្តកំពង់ស្ពឺ មកកាន់ខេត្តកណ្តាល ដោយត្រូវឆ្លងកាត់រាជធានីភ្នំពេញ បានទទួលរងការគំរាមកំហែងជាថ្មីម្តងទៀត ដោយសារជំនន់ទឹកភ្លៀង បណ្តាលមកពីការហូរជន់ ដោយគំហុកនូវបរិមាណទឹកភ្លៀងដ៏ច្រើន ពីតំបន់ភ្នំភាគនិរតី ជាហេតុធ្វើឲ្យបណ្តាខណ្ឌជាយក្រុង ជាពិសេសខណ្ឌកំបូល និងខណ្ឌដង្កោ ត្រូវលិចលង់ផ្នែកខ្លួន ដោយចៀសមិនរួច។

ជាក់ស្តែង កាលពីថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២១ ទឹកស្ទឹងព្រែកត្នោតបានហក់ឡើងយ៉ាងខ្លាំង ធ្វើឲ្យមានការហូរច្រោះក្បាលហុងទឹក ហៀរហូរជន់លិចលំនៅឋាន និងបង្កឲ្យមានផលប៉ះពាល់ដោយផ្ទាល់ និងដោយប្រយោលដប្រជាពលរដ្ឋជាច្រើនគ្រួសារ ក្នុងសង្កាត់គងនយ ហើយនៅថ្ងៃទី២៥ និងទី២៦ ខែតុលា ឆ្នាំ២០២១ ជំនន់ទឹកភ្លៀងបានបន្តហូរជន់លិច ភូមិចំនួន៤ សង្កាត់ទៀន និងភូមិចំនួន៦ទៀត នៃសង្កាត់សាក់សំពៅ ខណ្ឌដង្កោ រាជធានីភ្នំពេញ។

លោកអភិបាលរាជធានី បានបន្តទៀតថា ស្ថិតក្នុងស្ថានភាពមហន្តរាយនេះ ក្រោមការចង្អុលបង្ហាញជាប់ជាប្រចាំពី សម្ដេចតេជោនាយករដ្ឋមន្ត្រីនោះ កងកម្លាំងចម្រុះ និងអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់មានភាពម្ចាស់ការខ្ពស់ បានសហការរួមគ្នា ផ្តល់ការសង្គ្រោះបានទាន់ពេលវេលា ដោយជម្លៀសបងប្អូនប្រជាពលរដ្ឋ ចេញពីតំបន់រងគ្រោះ ទៅកាន់ទីទូលសុវត្ថិភាព ពោលគឺមិនមានប្រជាពលរដ្ឋណាមួយ រងគ្រោះដល់អាយុជីវិតឡើយ។

ជាមួយគ្នានេះ រដ្ឋបាលរាជធានីភ្នំពេញ ក៏ដូចជាអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ បានបង្កើនការយកចិត្តទុកដាក់ ផ្ដល់នូវអំណោយមនុស្សធម៌របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនដល់ប្រជាពលរដ្ឋរងគ្រោះជាបន្តបន្ទាប់ ដោយគ្មានការរើសអើង ឬប្រកាន់បក្សពួកឡើយ។

លោកបញ្ជាក់ថា ថ្ងៃនេះសម្តេចតេជោនាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានបន្តផ្តល់អំណោយមនុស្សធម៌មករដ្ឋបាលរាជធានីភ្នំពេញ សម្រាប់ចែកជូនបងប្អូនប្រជាពលរដ្ឋរងគ្រោះដោយសារជំនន់ទឹកភ្លៀង ចំនួន៨៦៩រួសារ ស្ថិតក្នុងភូមិសាក់សំពៅ, ភូមិខិត, ភូមិសំបូរ, ភូមិក្រាំងតាផូ, ភូមិពាម និងភូមិពោធិ៍រលំ នៃសង្កាត់សាក់សំពៅ ខណ្ឌដង្កោ ក្នុងនោះ អំណោយដែលត្រូវផ្តល់ជូនក្នុងមួយគ្រួសារ រួមមាន មី១កេស, ត្រីខ ១យួរ, ទឹកស៊ីអ៉ីវ១យួរ និងអង្ករ ១បាវ។

ក្នុងឱកាសនោះដែរ លោក ឃួង ស្រេង ក៏បានអំពាវនាវឲ្យប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន ជាពិសេសអូប្រជាពលរដ្ឋរងគ្រោះទាំងអស់ សូមបន្ត និងបង្កើនការប្រុងប្រយ័ត្នចំពោះបញ្ហាសុខភាព ដោយត្រូវអនុវត្តនូវរាល់វិធានការទាំងឡាយ តាមការណែនាំរបស់ក្រសួងសុខាភិបាល និងត្រូវប្រកាន់ខ្ជាប់ជានិច្ចនូវវិធានការ «៣ ការពារ និង ៣ កុំ» របស់សម្តេចតេជោនាយករដ្ឋមន្ត្រី ដើម្បីចៀសឆ្ងាយផុតពីជំងឺកូវីដ-១៩។

បើតាមរបាយការណ៍របស់ លោកស្រី គឹម ញឹប អភិបាលខណ្ឌដង្កោ នៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២១ ទឹកស្ទឹងព្រែកត្នោតបានហក់ឡើងយ៉ាងខ្លាំង ធ្វើឲ្យមានការហូរច្រោះក្បាលហុងទឹក ហៀរហូរជន់លិចលំនៅឋាន ចំនួន១០សង្កាត់ស្មើនឹង៣៥ភូមិ។ ចំណែកនៅក្នុងសង្កាត់សាក់សំពៅនេះ ផ្ទះប្រជាពលរដ្ឋចំនួន៨៦៩ខ្នង ស្មើនឹងប្រជាពលរដ្ឋ២,៣២៧នាក់ បានទទួលរងនូវការលិចលង់ ហើយត្រូវបានលោក ឃួង ស្រេង នាំយកមកប្រគល់នៅថ្ងៃនេះ៕