(ភ្នំពេញ)៖ ថ្នាក់ដឹកនាំ មន្ត្រីរាជការ បុគ្គលិកទាំងអស់ ដែលបម្រើការងារ ក្នុងអគ្គលេខាធិការដ្ឋាន គណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ បានផ្ញើសារគោរពជូនពរសម្ដេចចៅហ្វាវាំង វរវៀងជ័យ អធិបតីស្រឹង្គារ គង់ សំអុល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង និងជាប្រធានគណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ ក្នុងឱកាសចម្រើនជន្មាយុ។

បើតាមសារជូនពរ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន គឺបញ្ជាក់ថា៖ «នៅក្នុងឱកាសចម្រើនជន្មាយុ របស់សម្ដេចចៅហ្វាវាំង នៅថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២១នេះ យើងខ្ញុំជាថ្នាក់ដឹកនាំ មន្ត្រីរាជការ បុគ្គលិកទាំងអស់ ដែលបម្រើការងារ ក្នុងអគ្គលេខាធិការដ្ឋាន គណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-
អន្តរជាតិ មានសេចក្តីសប្បាយរីករាយឥតឧបមា សូមចូលរួមអបអរសាទរ និងសូមគោរពជូនពរបវរមហាប្រសើរជូនសម្ដេចចៅហ្វាវាំង សូមទទួលបានសុខភាពល្អ បរិបូរណ៍ ចម្រើនជន្មាទីឃាយុយឺនយូរ កម្លាំងពលំមាំមួនជានិច្ចនិរន្តរ៍»

ក្នុងឱកាសដ៏វិសេសវិសាលថ្លៃថ្លានេះ យើងខ្ញុំទាំងអស់គ្នា សូមសម្តែងនូវកតញ្ញូតាធម៌ដ៏ជ្រាលជ្រៅបំផុត ចំពោះគុណូបការៈដ៏ថ្លៃថ្លា វីរភាពដ៏ឧត្តុង្គឧត្តមរបស់ សម្ដេចចៅហ្វាវាំង ដែលបានលះបង់កម្លាំងកាយចិត្ត ប្រាជ្ញា ស្មារតីពុះពារឧបសគ្គគ្រប់បែបយ៉ាង បម្រើបុព្វហេតុជាតិ សាសនា ព្រះមហាក្សត្រ ប្រកបដោយឆន្ទៈមោះមុត និងរួមចំណែកដ៏ធំធេងក្នុងការដឹកនាំគណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ ទទួលបានជោគជ័យជាបន្តបន្ទាប់។

ជាថ្មីម្តងទៀត យើងខ្ញុំទាំងអស់គ្នា សូមលំឱនកាយឧទ្ទិសបួងសួងដល់គុណបុណ្យព្រះរតនត្រ័យកែវទាំងបី វត្ថុស័ក្តិសិទ្ធិក្នុងលោក ទេវតារក្សាព្រះរាជាណាចក្រកម្ពុជា សូមជួយប្រោះព្រំសព្ទសាធុការពរ សិរីសួស្តី ជ័យមង្គល ជូនដល់សម្ដេចចៅហ្វាវាំង និង លោកជំទាវ ឧកញ៉ា ព្រមទាំងបុត្រា បុត្រី បុត្រប្រសា ចៅប្រុស ចៅស្រី ជាទីស្រលាញ់ទាំងអស់ សូមបានប្រកបដោយព្រះពុទ្ធពរ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕