(ព្រៃវែង)៖ លោក ស្តើង សុខុម សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារថ្នាក់កណ្តាល ចុះជួយស្រុកកំចាយមារ បានលើកឡើងថា វិសោធនកម្មកំណត់សញ្ជាតិខ្មែរតែមួយសម្រាប់មេដឹកនាំកំពូលៗទាំង៤របស់ជាតិ បានបង្ហាញឱ្យឃើញកាន់តែច្បាស់ពីជម្រៅបេះដូងរបស់មេដឹកនាំគណបក្សប្រជាជនកម្ពុជាចំពោះជាតិ មាតុភូមិ និងប្រជាជន។
លោក ស្តើង សុខុម បានថ្លែងបែបនេះនៅក្នុងកិច្ចប្រជុំផ្សព្ធផ្សាយប្រតិទិនស្តីពីកិច្ចការងារសំខាន់ៗដែលត្រូវអនុវត្តចាប់ពីពេលនេះរហូតដល់ថ្ងៃបោះឆ្នោតក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ របស់គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាស្រុកកំចាយមារនាព្រឹកថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២១ នៅទីស្នាក់ការគណបក្សស្រុកកំចាយមារ។
លោក ស្តើង សុខុម បានលើកឡើងថា «ការធ្វើ វិសោធ ន កម្ម រដ្ឋធម្មនុញ្ញដើម្បី កំណត់ សញ្ជាតិខ្មែរតែមួយសម្រាប់ ថ្នាក់ដឹកនាំ កំពូលៗទាំង៤ របស់ ជាតិ ត្រូវបានទទួលការអបអរសាទរពីប្រជាជនកម្ពុជាគ្រប់មជ្ឈដ្ឋានទាំងក្នុងប្រទេស និងក្រៅប្រទេស។ ច្បាប់នេះ ជាផលប្រយោជន៍យូរអង្វែងរបស់ជាតិ ច្បាប់នេះបានបង្ហាញនូវភាពស្មោះត្រង់ចំពោះជាតិ ដោយតម្កល់ឧត្តមប្រយោជន៍ជាតិជាធំ ក៏ដូចជាប្រឆាំងនឹងការជ្រៀតជ្រែកនយោបាយពីខាងក្រៅចូលកិច្ចការផ្ទៃក្នុងនៃការដឹកនាំប្រទេសជាតិកម្ពុជា»។
លោកប្រធានក្រុមការងារថ្នាក់ចុះមូលដ្ឋានស្រុកកំចាយមារបានថ្លែងបន្តថា «ប្រវត្តិនៃសកម្មភាពនយោបាយរបស់គណបក្សប្រជាជនកម្ពុជា គឺជាប្រវត្តិនៃការដឹកនាំប្រកបដោយភាពក្លាហានឥតរាថយនៅគ្រប់ដំណាក់កាលធំៗ នៃប្រវត្តិសាស្ត្រ នៅលើមាគ៌ានយោ បាយ ដែលមានគោលដៅច្បាស់លាស់មានភាពប្រាកដនិយម និងមានចក្ខុវិស័យវែងឆ្ងាយ ដើ ម្បីផលប្រយោជន៍ដ៏ឧត្តុង្គឧត្តមបំផុតរបស់ជាតិ។ គណបក្សបានផ្សារភ្ជាប់ជាមួយប្រជាជនស្តាប់មតិយោបល់របស់ប្រជាជន។ នៅក្នុងនយោបាយ និងសកម្មភាពទាំងមូល របស់គណបក្ស ត្រូវតែប្រកាន់ខ្ជាប់នូវភាពស្មោះត្រង់ និងយកប្រជាជនធ្វើជាគោលដៅនៃការបម្រើរបស់ខ្លួន។ ដូចនេះយើងទាំងអស់គ្នាសូមគោរពតាមការសម្រេចចិត្តប្រកដោយឧត្តមគតិស្នេហាជាតិ តម្កល់ផលប្រយោជន៍ជាតិជាធំ របស់សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជានិងជាប្រមុខគណបក្សប្រជាជនកម្ពុជា»។
ពាក់ព័ន្ធកិច្ចប្រជុំផ្សព្ធផ្សាយប្រតិទិនស្តីពីកិច្ចការងារសំខាន់ៗដែលត្រូវអនុវត្តចាប់ពីពេលនេះ រហូតដល់ថ្ងៃបោះឆ្នោតក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ លោក ស្តើង សុខុម បានណែនាំក្រុមការងារសមាជិក-សមាជិកា គណបក្សស្រុក, គណបក្សឃុំ ត្រូវបន្តយកចិត្តទុកដាក់អនុវត្តការងារឱ្យមានប្រសិទ្ធភាពតាមឯកសារជំនួយស្មារតី និងផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី៥ ឆ្នាំ២០២២ ដែលបានផ្សព្វផ្សាយនាពេលនេះដែលជាការប្ដេជ្ញាចិត្តជាយុទ្ធសាស្ត្រ និងការងារអាទិភាពរបស់គណៈកម្មាធិការគណបក្សស្រុក។
លោកប្រធានក្រុមការងារបានបន្តថា ការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី៥ ត្រូវឈរលើមូលដ្ឋានក្តាប់ជាប់ការប្តេជ្ញាចិត្ត ជាយុទ្ធសាស្ត្ររបស់គណបក្សនិងបទពិសោធន៍នៃការបោះឆ្នោតនាពេលកន្លងមកយកចិត្តទុកដាក់អនុវត្តន៍ឱ្យបានត្រឹមត្រូវតាមប្រតិទិនការងារ ខិតខំរៀបចំសមាសភាពបេក្ខជនឱ្យបានល្អដោយត្រូវរក្សាឲ្យបាននូវសាមគ្គីភាពផ្ទៃក្នុង និងដោយផ្អែកលើលក្ខណៈសម្បត្តិសុខភាព សមត្ថភាពដោះស្រាយការងារ មានប្រជាប្រិយភាពនិងមានឧត្តមគតិ និងឆន្ទៈស្មោះត្រង់ ចំពោះគណបក្សប្រជាជនកម្ពុជា។ ជាពិសេសយកចិត្តទុកដាក់សមាសភាពបេក្ខជនជាយុវជន យុវនារី ដែលប្រជាពលរដ្ឋក្នុងមូលដ្ឋានស្រលាញ់រាប់អានគាំទ្រ និងជឿទុកចិត្តតែ ក៏មិនត្រូវបោះបង់ចោលអ្នកដែលធ្លាប់មានគុណបំណាច់ចំពោះគណបក្សនោះទេ។
ពាក់ព័ន្ធការសម្រេចបើកសាលារៀននៅទូទាំងប្រទេសឡើងវិញចាប់ពីចាប់ពីថ្ងៃទី១ ខែវិច្ឆិកា តទៅ លោក ស្តើង សុខុម បានលើកឡើងថាដើម្បីឱ្យការបើកសាលារៀនឡើងវិញ ទទួលបាននូវភាពជោគជ័យគ្រប់សាលារៀនទាំងអស់ លោកគ្រូ អ្នកគ្រូ ត្រូវតែគោរពតាមវិធានសុខាភិបាលឲ្យបាន មិនត្រូវមានការធ្វេសប្រហែសដោយប្រការណាមួយនោះទេ។
លោកបន្តថា ការសម្រេចចិត្តបើកសាលារៀនឡើងវិញគឹជាប្រការល្អ ប្រសិនបើបន្តបិទបន្តទៅទៀតវាអាចនាំឱ្យសិស្សបោះបង់សាលារៀនកាន់តែច្រើន និងសិស្សអាចជួបគ្រោះភ្លេចអក្សរជាដើម។ ដូចនេះហើយបានជារាជរដ្ឋាភិបាលសម្រេចឲ្យមានការបើកសាលារៀនឡើងវិញ និងម្យ៉ាងទៀតក៏ដោយសារថា លោកគ្រូ អ្នកគ្រូ បានចាក់វ៉ាក់ សាំងគ្រប់គ្នាហើយ ចំណែកកុមារពីអាយុ ៦ឆ្នាំ ដល់១២ ឆ្នាំ មកដល់ពេលនេះបានចាក់វ៉ាក់សាំងបានរហូតដល់ជាង១០១ ភាគរយ ហើយកុមារ និងយុវវ័យអាយុពី ១២ឆ្នាំ ក្រោម ១៨ឆ្នាំ ក៏បានចាក់វ៉ាក់សាំង បានជិត ៩៨ភាគរយហើយដែរ។
នៅក្នុងឱកាសនោះលោក ស្តើង សុខុម ក៏បាននាំយកអំណោយរបស់លោក និងលោកស្រី ដែលរួមមាន៖ អង្ករចំនួន ៣តោន ជូនដល់រដ្ឋបាលស្រុកកំចាយមារ សម្រាប់ការងារប្រយុទ្ធប្រឆាំងកូវីដ១៩ ក្នុងស្រុក និងចែកជូនដល់ក្រុមគ្រួសារប្រជាជនដែលទទួលមរណភាព។ សាប៊ូលាងដៃចំនួន ៥៤កេះ ស្មើនិង ៥៤០ធុង ដោយមួយធុងមានចំណុះ ៤ លីត្រ, អាល់កុល ១០កានមួយកាន ៣០លីត្រ, ម៉ាស់ចំនួន ១០ កេះធំ, ជែលលាងដៃចំនួន ៣០យួរស្មើ ៣០០ដបចែកជូនដល់សាលារៀនចំនួន៥០ ក្នុងស្រុកកំចាយមារ និងផ្តល់ថវិកាដល់នាយកសាលាទាំង ៥០ក្នុងស្រុកកំចាយមារ ក្នុងម្នាក់ ១០ ម៉ឹនរៀល និង មេឃុំចំនួន ៨ ក្នុងស្រុកកំចាយមារម្នាក់ ១០ ម៉ឺនរៀល៕