(ស្វាយរៀង)៖ លោក ជិន វ៉ាន់ធាន អនុរដ្ឋមន្ដ្រីក្រសួងសុខាភិបាលវៀតណាម តំណាងឲ្យរដ្ឋាភិបាល និងប្រជាជនវៀតណាម បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និងវាយតម្លៃខ្ពស់ចំពោះទឹកចិត្តមនុស្សធម៌របស់រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ដែលបានផ្ដល់នូវជំនួយជាវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ចំនួន២០ម៉ឺនដូស ដល់ប្រជាជនរបស់ខ្លួនក្នុងកាលៈទេសៈដ៏លំបាកនេះ។
ការលើកឡើងរបស់លោក ជិន វ៉ាន់ធាន បន្ទាប់ពីបានទទួលនូវវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ប្រភេទស៉ីណូហ្វាម ចំនួន២០ម៉ឺនដូស ដែលអំណោយរបស់ប្រជាជន និងរាជរដ្ឋាភិបាលកម្ពុជា នាព្រឹកថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២១នេះ។ ពិធីប្រគល់ និងទទួលនេះ ធ្វើឡើងនៅច្រកទ្វារព្រំដែនអន្ដរជាតិបាវិត-មុកប៉ាយ ដែលកម្ពុជាតំណាងដោយលោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ១៩ ក្របខ័ណ្ឌទូទាំងប្រទេស តំណាងរបស់សម្ដេចតេជោ ហ៊ុន សែន។
អនុរដ្ឋមន្ដ្រីក្រសួងសុខាភិបាលវៀតណាម បានថ្លែងយ៉ាងដូច្នេះថា «យើងខ្ញុំថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និងវាយតម្លៃខ្ពស់ចំពោះការជួយជ្រោមជ្រែងរបស់រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ដែលបានផ្ដល់ជំនួយជូនដល់វៀតណាម នូវវ៉ាក់សាំងស៉ីណូហ្វាម ចំនួន២០ម៉ឺនដូស ដើម្បីប្រឆាំងជំងឺឆ្លងកូវីដ១៩»។
លោក ជិន វ៉ាន់ធាន បានអះអាងទៀតថា ការជួយឧបត្ថម្ភនេះ គឺជាកាយវិការដ៏មានអត្ថន័យយ៉ាងជ្រាលជ្រៅ ជាប្រភពស្មារតី និងសម្ភារៈដ៏ធំធេង សម្រាប់រាជរដ្ឋាភិបាល និងប្រជាជនវៀតណាម ក្នុងដំណាក់កាលដ៏លំបាកនេះ ហើយបានបង្ហាញឲ្យឃើញអំពីទំនាក់ទំនងមិត្តភាពជាប្រពៃណីវៀតណាម-កម្ពុជា ពីមួយថ្ងៃទៅមួយថ្ងៃ កាន់តែត្រូវបានពូនផ្ដុំដើម្បីផលប្រយោជន៍ប្រជាជន នៃប្រទេសទាំងពីរ។
បើតាមអនុរដ្ឋមន្ដ្រីក្រសួងសុខាភិបាល វ៉ាក់សាំងដែលជំនួយរបស់កម្ពុជានាឱកាសនេះ នឹងយកទៅប្រើប្រាស់ដើម្បីចាក់ជូនប្រជាពលរដ្ឋរបស់ខ្លួន ដែលរស់នៅជាប់ព្រំដែនប្រទេសកម្ពុជា ដើម្បីបង្ការនឹងជំងឺឆ្លងកូវីដ១៩ និងធានាបាននូវការប្រើប្រាស់សមស្រប និងមានផ្លែផ្កា។
ជាមួយគ្នានេះ លោកស្រី ឱ វណ្ណឌីន បានលើកឡើងថា បន្ថែមលើជំនួយវ៉ាក់សាំងរបស់កម្ពុជានាពេលនេះ រាជរដ្ឋាភិបាលកម្ពុជានាពេលកន្លងមក ក៏ធ្លាប់បានផ្ដល់អំណោយជាសម្ភារៈ បរិក្ខាពេទ្យមួយចំនួន និងថវិកាចំនួន២០ម៉ឺនដុល្លារ ជូនដល់រដ្ឋាភិបាល និងប្រជាជនវៀតណាម ហើយតាមរយៈស្ថានទូតវៀតណាមប្រចាំនៅកម្ពុជា កាកបាទក្រហមកម្ពុជា ក៏បានផ្ដល់ថវិកាចំនួន១០ម៉ឺនដុល្លារ ហើយសមាគមមិត្តភាពកម្ពុជា -វៀតណាម បានផ្ដល់ថវិកាចំនួន៥ម៉ឺនដុល្លារ ជូនដល់វៀតណាម ដើម្បីប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ រួចហើយផងដែរ។
លោកស្រី ឱ វណ្ណឌីន បានគូសបញ្ជាក់ទៀតថា ដូចប្រសាសន៍របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ដែលតែងតែលើកជារឿយៗថា «កម្ពុជាជាប្រទេសតូចតាច តែមានបេះដូងធំទូលាយ» ដូច្នេះការសម្រេចិត្តផ្ដល់វ៉ាកសាំងកូវីដ១៩ ជូនសាធារណរដ្ឋសង្គមនិយមវៀតណាម ស្រមតាមពាក្យស្លោកថា «ជួយគ្នាក្នុងគ្រាក្រ ស្គាល់មិត្តល្អនៅពេលលំបាក»។
លោកស្រីបានបន្ថែមទៀតថា អំណោយមនុស្សធម៌នាឱកាសនេះ ក៏ជាសក្ខីភាពនៃមនោសញ្ចាតនាដ៏ជ្រាលជ្រៅ សាមគ្គីភាពស្និទ្ធស្នាល និងកិច្ចសហប្រតិបត្តិការល្អប្រសើរ ជាប្រពៃណី ដែលថ្នាក់ដឹកនាំបក្ស និងរដ្ឋាភិបាលនៃប្រទេសកម្ពុជា-វៀតណាម បានបណ្ដុះ និងថែទាំងអស់រយៈពេលជាយូរកន្លងមកហើយ
សូមជម្រាបថា វៀតណាម គឺជាប្រទេសទី២ហើយ ដែលទទួលបានអំណោយវ៉ាក់សាំងប្រឆាំងជំងឺកូវីដ១៩ បន្ទាប់ពីប្រទេសឡាវ។ ក្រៅពីការផ្ដល់វ៉ាក់សាំងជូនប្រទេសជិតខាងនេះ កន្លងទៅកម្ពុជា ក៏ធ្លាប់បានផ្ដល់នូវអំណោយជាសម្ភារ បរិក្ខាពេទ្យដែលបម្រើឲ្យការប្រយុទ្ធប្រឆាំងជាមួយជំងឺកូវីដ១៩ ជូនដល់បណ្ដាញប្រទេសជាច្រើននៅក្នុងតំបន់អាស៊ាននេះផងដែរ៕