(ត្បូងឃ្មុំ)៖ លោក ចាយ បូរិន អ្នកតំណាងរាស្ត្រមណ្ឌលត្បូងឃ្មុំ និងជាអនុប្រធានក្រុមការងារថ្នាក់ជាតិនៅព្រឹកថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២១ បានចុះជួយមូលដ្ឋានស្រុកតំបែរ និងជួបសំណេះសំណាលជាមួយអាជ្ញាធរភូមិ-ឃុំ ដើម្បីពង្រឹងការគ្រប់គ្រងប្រជាពលរដ្ឋ លើការចុះឈ្មោះ និងការពិនិត្យបញ្ជីឈ្មោះបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ/សង្កាត់ ក្នុងក្របខ័ណ្ឌស្រុកតំបែរ ខេត្តត្បូងឃ្មុំ ដែលប្រព្រឹត្តទៅនៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ខាងមុខនេះ ដោយរលូន។
លោក ចាយ បូរិន បានផ្តាំផ្ញើការសួរសុខទុក្ខពីសំណាក់សម្តេចប្រធានរដ្ឋសភា ថ្នាក់ដឹកគ្រប់ជាន់ថ្នាក់ នៃរាជរដ្ឋាភិបាលកម្ពុជា ជូនចំពោះប្រជាពលរដ្ឋ។ លោកបានលើកឡើងពីនីតិវិធីការចុះឈ្មោះ និងពិនិត្យបញ្ជីឈ្មោះបោះឆ្នោតថា ពិតជាមានសារៈសំខាន់សម្រាប់អាជ្ញាធរ ក្រុង/ស្រុក ឃុំ/សង្កាត់ ដែលត្រូវយកចិត្តទុកដាក់ខ្ពស់បំផុត ដើម្បីជំរុញឱ្យដំណើរការចុះឈ្មោះបោះឆ្នោតឲ្យសមស្របទៅនឹងកាលបរិច្ឆេទ ដែលបានកំណត់ដោយច្បាប់ នឹងឈានទៅដល់ការបោះឆ្នោតប្រកបដោយភាពត្រឹមត្រូវ តម្លាភាព និងយុត្តិធម៌នាពេលខាងមុខនេះ។
លោកបានបន្តថា ការចុះឈ្មោះ និងពិនិត្យបញ្ជីឈ្មោះបោះឆ្នោត ឆ្នាំ២០២១ ប្រព្រឹត្តទៅចាប់ពីថ្ងៃទី១២ ខែតុលា ដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១ ដែលគិតថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ ដោយតម្រូវ និងជម្រុញឲ្យប្រជាពលរដ្ឋទាំងអស់ ទៅពិនិត្យមើលឈ្មោះក្នុងបញ្ជីបោះឆ្នោតចុងក្រោយ ដើម្បីស្នើសុំកែទិន្នន័យ ប្រសិនបើមានចំណុចខុសឆ្គង។ រីឯអ្នកដែលទើបគ្រប់អាយុ១៨ឆ្នាំ (កើតមុន ឬកើតត្រឹមថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០០៤) និងប្រជាពលរដ្ឋដែលមិនធ្លាប់ចុះឈ្មោះបោះឆ្នោតពីមុន ទៅចុះឈ្មោះបោះឆ្នោតអោយបានគ្រប់ៗគ្នា។
ឆ្លៀតក្នុងឱកាសនោះលោក ចាយ បូរិន បានសំណូមពរដល់អាជ្ញាធរភូមិ-ឃុំ នៅតាមមូលដ្ឋាន និងក្រុមការងារទាំងអស់ត្រូវបង្កើនសកម្មភាពការងារកាន់តែខ្លាំងឡើង សម្រាប់ការចុះទៅជួយប្រជាពលរដ្ឋ និងជួយដោះស្រាយបញ្ហាដែលកើតមានឡើងតាមមូលដ្ឋានផ្ទាល់ ឲ្យកាន់តែមានប្រសិទ្ធភាព។
ជាមួយគ្នានោះ លោកក៏បានអញ្ជើញទៅចុះឈ្មោះបោះឆ្នោត នៅទីតាំងការិយាល័យចុះឈ្មោះបោះឆ្នោត នៅឃុំសេដា ស្រុកតំបែរ ដើម្បីបំពេញកាតព្វកិច្ចជាពលរដ្ឋកម្ពុជា បោះឆ្នោតជ្រើសរើសបេក្ខភាពក្រុមប្រឹក្សាឃុំ/សង្កាត់ នាពេលខាងមុខ តាមឆន្ទៈក្នុងការអភិវឌ្ឍន៍ប្រទេសជាតិ កាន់តែរីកចម្រើនបន្ថែមទៀត៕