(ភ្នំពេញ)៖ នៅរសៀលថ្ងៃទី០៨ ខែមេសា ឆ្នាំ២០១៦នេះ នៅខុទ្ទកាល័យគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា មានជំនួបពិភាក្សាការងាររវាងលោក SONG TAO រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងអន្តរជាតិ នៃគណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនីស្តចិន និងលោក កែ ប៊ុនខៀង ប្រធានក្រុមការងារយុវជន គណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល។
បន្ទាប់ពីជម្រាបជូនព័ត៌មាន និងបានផ្លាស់ប្តូរបទពិសោធន៍លើបញ្ហានៃការកសាងបក្ស ផែនការបណ្តុះបណ្តាលយុវជនគណបក្សទាំង២រួចមក លោករដ្ឋមន្រ្តីក៏បានសំរេចផ្តល់ជូននូវមជ្ឈមណ្ឌលបណ្តុះបណ្តាល យុវជនគណបក្សនៅខេត្តចំនួន២ ដល់ភាគីកម្ពុជា ដោយភាគីកម្ពុជាអ្នកផ្តល់នូវទីតាំង ហើយភាគីចិននឹងបញ្ជូនក្រុមការងារមកកម្ពុជា នាពេលខាងមុខដើម្បីធ្វើការសិក្សា នឹងរៀបចំសាងសង់មជ្ឈមណ្ឌលទាំង២នេះ។ នេះជាសក្ខីភាពដ៏សំខាន់ដែលបានបញ្ជាក់អំពីចំណងមិត្តភាព និងកិច្ចសហប្រត្តិការរវាងប្រទេសទាំង២ ដែលកាន់តែត្រូវបានពង្រឹង និងពង្រីកឥតឈប់ឈរ។
គួរបញ្ជាក់ផងដែរថា កាលពីខែមុននៅក្នុងដំណើរបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋប្រជាមានិតចិន ដែលដឹកនាំដោយលោក កែ ប៊ុនខៀង និងលោក ហ៊ុន ម៉ាណែត ក៏មានការរៀបចំពិធីដាំដើមឈើជានិម្មិតរូប និងការចុះអនុស្សារណៈយោគយល់ (MOU) រវាងក្រុមការងារយុវជន គណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល និងសម្ព័ន្ធយុវជនគណបក្សកុម្មុយនីស្តចិន នៅរដ្ឋធានីប៉េកាំងទៀតផង៕