(កំពង់ឆ្នាំង)៖ ស្ត្រីមានផ្ទៃពោះជាង៧ខែម្នាក់ និងកូននៅក្នុងផ្ទៃ បានស្លាប់ដោយសារជំងឺកូវីដ-១៩ កាលពីព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២១ នៅក្នុងមន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំង ក្រោយអាការៈជំងឺមានស្ថានភាពធ្ងន់ធ្ងរពេក។
ស្ត្រីដែលបានបាត់បង់ជីវិតទាំងកូននៅក្នុងផ្ទៃជាង ៧ខែខាងលើនេះ មានឈ្មោះ ឈន ហៀង អាយុ៣០ឆ្នាំ មានកូនប្រុសស្រីនៅក្នុងបន្ទុកចំនួន ២នាក់ (នៅក្នុងពោះម្នាក់) មានទីលំនៅក្នុងភូមិស្រែព្រីង សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង។ ដោយសារស្ថានភាពជំងឺកូវីដ-១៩ មានអាការៈធ្ងន់ធ្ងរពេកក្រុមគ្រូពេទ្យមិនអាចជួយសង្គ្រោះបាន នាងក៏បានស្លាប់ទាំងម្ដាយទាំងកូន នៅក្នុងមន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំង នៅវេលាម៉ោង ៨៖៣០នាទីព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២១នេះ។ សពនាងត្រូវបានក្រុមគ្រួសាររៀបចំពិធីបូជា នៅឈាបនដ្ឋាន ក្នុងភូមិដំណាក់កី ឃុំជើងគ្រាវ ស្រុករលាប្អៀរ។
បើតាមបុរសជាប្ដីបានបញ្ជាក់ប្រាប់ឲ្យដឹងថា ប្រពន្ធរបស់លោកមិនបានចាក់វ៉ាក់សាំងនោះទេ ដោយខ្លាចប៉ះពាល់កូនក្នុងផ្ទៃ ហើយការស្លាប់របស់នាងហាក់ដូចជាឆាប់ណាស់ ដោយគិតពីថ្ងៃដែលនាងចាប់ផ្ដើមឈឺ មកដល់ថ្ងៃនាងស្លាប់គឺមានរយៈពេលតែ ១សប្តាហ៍តែប៉ុណ្ណោះ។ ក្នុងនាមលោកជាស្វាមី និងជាឪពុករបស់កូននៅក្នុងផ្ទៃម្តាយ គឺមានតែក្តីស្រណោះអាឡោះអាល័យ។
ជុំវិញករណីខាងលើនេះ លោកវេជ្ជបណ្ឌិត ទុំ សម្បត្តិ ប្រធានមន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំង បានបញ្ជាក់ប្រាប់អង្គភាពព័ត៌មាន Fresh News នៅព្រឹកថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២១នេះឲ្យដឹងថា ស្ត្រីម្នាក់ដែលស្លាប់ទាំងកូននៅក្នុងផ្ទៃ បានចូលមកសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំង នៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២១ ដោយនាងមានជំងឺកូវីដ-១៩ ដែលមានអាការៈធ្ងន់ធ្ងរ ហើយសួតរបស់នាងស្ទើរសុសអស់ទៅហើយ។ ក្រុមគ្រូពេទ្យបានព្យាយាមជួយសង្គ្រោះនាង និងកូនក្នុងផ្ទៃរបស់នាងដែរ តែមិនអាចជួយបាន។ ដោយឡែកកូនក្នុងផ្ទៃរបស់នាង គឺមានអាយុស្ទើរខែ ដែលមិនអាចយកមកចិញ្ចឹមក្នុងកែវបាននោះដែរ។
លោកវេជ្ជបណ្ឌិតបានបញ្ជាក់បន្ថែមថា ស្ត្រីខាងលើនេះនាងមិនទាន់បានចាក់វ៉ាក់សាំងនោះទេ ហើយបើតាមការបញ្ជាក់ពីអង្គការសុខភាពពិភពលោក ស្ត្រីដែលមានផ្ទៃពោះហើយមិនបានចាក់វ៉ាក់សាំងទៀតនោះ នឹងប្រឈមហានិភ័យខ្ពស់ណាស់ចំពោះជំងឺកូវីដ-១៩នេះ៕