(កោះកុង)៖ រដ្ឋបានខេត្តកោះកុង បានជូនដំណឹងដល់គណៈគ្រប់គ្រងគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន លោកគ្រូ អ្នកគ្រូ បុគ្គលិកអប់រំ មាតាបិតា អាណាព្យាបាលសិស្សានុសិស្ស និងសាធារណៈជនទាំងអស់ឲ្យជ្រាប អនុវត្តតាមការណែនាំរបស់ក្រសួងអប់រំ រដ្ឋបាលខេត្តសម្រេចអនុញ្ញាតឲ្យបើកដំណើរការឡើងវិញនូវគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជនមួយចំនួនតំបន់ហានិភ័យទាប និងមានលក្ខណៈសម្បតិ្តគ្រប់គ្រាន់ចាប់ពីថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២១តទៅ។
រដ្ឋបាលខេត្តកោះកុង បានណែនាំដល់គ្រឹះស្ថានសិក្សាសាធារណៈ និងឯកជនដែលត្រូវអនុញ្ញាតឲ្យបើកដំណើរការឡើងវិញនោះត្រូវអនុវត្តន៍ឲ្យខ្ជាប់ខ្ជួនដូចជា៖
* ហាមលក់ចំណីអាហារ និងសកម្មភាពកីឡាក្នុងសាលា
* ត្រូវបង្កើតគណៈកម្មការសុខភាព រៀបចំសិស្ស១ថ្នាក់មិនលើសពី២០នាក់
* គ្រូបង្រៀនដែលមិនបានចាក់ថ្នាំវ៉ាក់សាំងកូវីដ១៩ មិនទាន់អនុញ្ញាតឲ្យបង្រៀននៅក្នុងសាលារៀនឡើយ
* ត្រូវគោរពតាមសេចក្តីណែនាំនានារបស់រាជរដ្ឋាភិបាល ក្រសួងសុខាភិបាល រដ្ឋបាលខេត្តស្តីពីវិធានការបង្ការ និងទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវិដ១៩ នាពេលកន្លងមក។
ក្នុងករណីរកឃើញមានការឆ្លងក្នុងសិស្ស ឬថ្នាក់រៀន មន្ទីរអប់រំ យុវជន និងកីឡាខេត្តកោះកុង ត្រូវផ្អាកដំណើរការតែក្រុមសិស្ស ឬថ្នាក់រៀននោះប៉ុណ្ណោះ គ្រឹះស្ថានសិក្សាទាំងមូលត្រូវដំណើរសិក្សាជាធម្មតា៕