(ភ្នំពេញ)៖ តាមរយៈស្ថានកុងស៊ុលកម្ពុជា នៅទីក្រុង Sendai ប្រទេសជប៉ុន នៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២១ តាមរយៈលោក SHOJI YUSUNOKI ប្រធានតំណាងអោយក្រុម TUX PROJECT បានជួបជុំអ្នកគាំទ្រប្រទេសកម្ពុជា និងស្រលាញ់ប្រជាជនកម្ពុជា នៅឯមជ្ឈមណ្ឌលអាស៊ីជប៉ុន ក្នុងទីក្រុងតូក្យូ.មីណាតុគឺ ដើម្បីឧបត្ថម្ភគ្រឿងឧបភោគបរិភោគទៅដល់ប្រជាជនខ្មែរ ដែលកំពុងរស់នៅប្រទេសជប៉ុន ដែលពួកគាត់កំពុងជួបផលលំបាកដោយសារជំងឺកូវីដ១៩។

នៅក្នុងឆ្នាំនេះជាលើកទីបីហើយ ដែលក្រុម TUX PROJECT និងសប្បុរសជនជប៉ុនផ្សេងទៀត បានឧបត្ថម្ភគ្រឿងឧបភោគបរិភោគទៅប្រជាជនខ្មែរ នៅក្នុងប្រទេសជប៉ុន ដែលកំពុងរងផលប៉ះពាល់ដោយសារ
ជំងឺកូវីដ១៩។

ពិធីប្រគល់អំណោយនេះ លោក អ៊ុង រចនា ឯកអគ្គរាជទូត នៃព្រះរាជាណាចក្រកម្ពុជា ប្រចាំប្រទេសជប៉ុន បានចូលរួមជាកិត្តិយស។ លោកឯកអគ្គរាជទូតបានបំពេញការងារលើទំនាក់ទំនង មិត្តភាពរវាងប្រទេសជប៉ុន និងកម្ពុជា ចាប់តាំងពីលោកបានមកដល់ក្នុងឆ្នាំ ២០១៨ ហើយនឹងបញ្ចប់អាណត្តិនាពេលឆាប់ៗខាងមុខនេះ។

សូមបញ្ជាក់ថា គម្រោង «TUX PROJECT» បានជួយឧបត្ថម្ភគាំទ្រដល់បងប្អូនខ្មែរ ដែលកំពុងរស់នៅប្រទេសជប៉ុន តាំងពីឆ្នាំ២០២០មក។ គម្រោងនេះក៏បានបង្កើតវិទ្យាស្ថានបច្ចេកវិទ្យា IT មួយ ដែលមានឈ្មោះថា «TUX GLOBAL INSTITUTE» ដែលជាវិទ្យាស្ថានបណ្តុះបណ្តាលព័ត៌មានវិទ្យា នៅរាជធានីភ្នំពេញ។

ទន្ទឹមហ្នឹងនេះគម្រោង «TUX PROJECT» បានចូលរួមសកម្មភាពសង្គមផ្សេងៗ ដែលទាក់ទងទៅនឹងការគាំទ្រវិស័យអប់រំ ដូចជាការផ្តល់ជូននូវសម្ភារៈសិក្សាទៅសាលាបឋមសិក្សា នៅតាមជនបទដាច់ស្រយាល់ផងដែរ។

គម្រោង «TUX PROJECT» ប្តេជ្ញាថា នឹងបន្តគាំទ្រកិច្ចសហប្រតិបត្តិការជាមួយប្រជាជនកម្ពុជា លើវិស័យផ្សេងៗឲ្យកាន់តែមានតម្លាភាព ក្នុងនាមទំនាក់ទំនងល្អ ប្រជាជនល្អ រវាងប្រទេសកម្ពុជា និងប្រទេសជប៉ុន៕