(ភ្នំពេញ)៖ កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលសង្កាត់ទួលសង្កែទី១ ខណ្ឌឬស្សីកែវ នៅរាត្រីយប់ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២១ បានបន្តចុះណែនាំ និងជំរុញការអនុវត្តវិធានការ «៣កុំ និង៣ការពារ» ដើម្បីបង្ការទប់ស្កាត់ការ ឆ្លងរាលដាលជំងឺកូវីដ១៩ និងការយាមល្បាតពួនស្ទាក់ ដើម្បីរក្សាសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ សំដៅអនុវត្ត និងពង្រឹងគោលនយោបាយភូមិសង្កាត់មានសុវត្ថិភាពរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា។
លោក ប៉ែន ស៉ីមាន ជំនួយការរដ្ឋបាលសង្កាត់ទួលសង្កែទី១ បញ្ជាក់ឱ្យអ្នកយកព័ត៌មានអង្គភាព Fresh News បានដឹងថា នៅក្នុងយុទ្ធនាការនេះមានការចូលរួមពីកម្លាំងសណ្តាប់ធ្នាប់សង្កាត់, មេភូមិ, អនុភូមិ និងប្រជាការពារភូមិទាំង៦ ក្រោយពីទទួលបានផែនការ និងដឹកនាំបញ្ជាផ្ទាល់ពីលោកស្រី រាជ ផាវឿន ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលសង្កាត់ទួលសង្កែទី១ និងជាចៅសង្កាត់ ក្រោមការឯកភាពពីលោក ឯក ឃុនដឿន ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌ។
លោក ប៉ែន ស៉ីមាន បានឱ្យដឹងថា ប្រតិបត្តិការការបន្តចុះយាមល្បាតពួនស្ទាក់ គឺដើម្បីរក្សាសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ សំដៅអនុវត្ត និងពង្រឹងគោលនយោបាយភូមិ-សង្កាត់មានសុវត្ថិភាព ក្រៅពីការចុះណែនាំ និងជំរុញការអនុវត្តវិធានការ «៣កុំ និង៣ការពារ» ដើម្បីបង្ការទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ១៩ សម្រាប់បម្រើជូនប្រជាពលរដ្ឋ។
សូមជម្រាបផងថា សម្រាប់គណៈបញ្ជាការឯកភាពរដ្ឋបាលសង្កាត់ទួលសង្កែទី១ ដឹកនាំដោយលោកស្រី រាជ ផាវឿន ជាចៅសង្កាត់ តែងតែបានបែងចែកកម្លាំងតាមវេណប្រចាំការនូវរាល់រាត្រីជានិច្ច បន្ទាប់ពីទទួលបានផែនការ ជាបន្តបន្ទាប់នៅក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌឬស្សីកែវ ដើម្បីបន្តចុះណែនាំ និងជំរុញការអនុវត្តវិធានការ «៣កុំ និង៣ការពារ» ដើម្បីបង្ការទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ១៩ និងការបន្តយាមល្បាតពួនស្ទាក់ ក្នុងការរក្សាសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ បម្រើជូនប្រជាពលរដ្ឋ សំដៅអនុវត្ត និងពង្រឹងគោលនយោបាយភូមិសង្កាត់មានសុវត្ថិភាព ដែលដាក់ចេញដោយប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្ដេចតេជោ ហ៊ុន សែន៕