(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នឹងសាងសង់ផ្សារនៅក្រុងស្ទឹងត្រែងជូនអាជីវករឡើងវិញ ក្រោយពីភ្លើងឆេះ នេះបើយោងតាម Facebook របស់សម្តេច នៅព្រឹកថ្ងៃសៅរ៍នេះ។
សម្តេចតេជោ ហ៊ុន សែន បានសរសេររៀបរាប់ថា៖ «បងប្អូនដែលរងគ្រោះដោយសារភ្លើងឆេះផ្សារ នៅខេត្តស្ទឹងត្រែងជាទីស្រឡាញ់។ ខ្ញុំសូមចូលរួមចែករំលែកនូវការលំបាក ដែលបងប្អូនបានជួបប្រទះ។ ខ្ញុំបានបញ្ជាឱ្យអភិបាលខេត្ត ធ្វើការរៀបចំសម្រួលការងារសំរាប់ បងប្អូនក្នុងដំណាក់ការដំបូង។ ម៉ោង៥ ក្បែរភ្លឺនេះ ខ្ញុំបានបញ្ជាទៅនាយឧត្តមសេនីយ ខ្វាន់ ស៊ាម អគ្គបញ្ជាការរងកងទ័ព និងជាមេបញ្ជាការកងវិស្វកម្មបញ្ជូនកម្លាំង ចុះសិក្សាសំរាប់សាងសង់ឡើងវិញ។
ខ្ញុំធានាចំពោះបងប្អូនថា ខ្ញុំនិងចលនាគ្នាដើម្បីកសាងផ្សារនេះឡើងវិញ ជូនបងប្អូនដោយកងវិស្វកម្មកងទ័ពនៅក្នុងពេលឆាប់បំផុត»។
សូមជំរាបថា អគ្គិភ័យដែលបានឆាបឆេះផ្សារ ក្រុងស្ទឹងត្រែង បំផ្លាញតូបលក់ដូររបស់អាជីវករចំនួន១២២០តូប។ អគ្គិភ័យនេះបានកើតឡើងនៅវេលាម៉ោង១០៖០៥នាទីយប់ថ្ងៃ៧ ខែមេសា ឆ្នាំ២០១៦ ដោយមានអណ្តាតភ្លើងឆេះ យ៉ាងសន្ធោសន្ធៅចេញពីកណ្តាលផ្សារ។ ដោយសារតែស្ថានភាព ពិបាកគ្រប់គ្រង ពីព្រោះតែភ្លើងឆាបឆេះមានល្បឿនលឿនខ្លាំងពេក កម្លាំងសមត្ថកិច្ចបានសម្រេចប្រើ អេស្កាវ៉ាទ័រកាយតូបសងខាង ដើម្បីទប់ស្កាត់កុំឲ្យរាលដាលដល់ផ្ទះប្រជាជនជុំវិញផ្សារ៕