(ភ្នំពេញ)៖ វ៉ាក់សាំងការពារជំងឺកូវីដ១៩ ចំនួន២០ម៉ឺនដូស ដែលជាជំនួយរបស់រាជរដ្ឋាភិបាលកម្ពុជា ត្រូវបានប្រគល់ជូនរដ្ឋាភិបាលវៀតណាមរួចរាល់ហើយ នៅព្រឹកថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២១នេះ។ ពិធីប្រគល់ និងទទួលនូវវ៉ាក់សាំងការពារជំងឺកូវីដ១៩នេះ ត្រូវបានធ្វើឡើងនៅព្រំដែនបាវិត-មុកប៉ាយ ក្នុងខេត្តស្វាយរៀង។

លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ ក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ១៩ ជាតំណាងសម្ដេចតេជោ បានអញ្ជើញប្រគល់វ៉ាក់សាំងការពារកូវីដ១៩ចំនួន២០ម៉ឺនដូស ជូនប្រទេសវៀតណាម។

ការសម្រេចផ្ដល់វ៉ាក់សាំងរបស់កម្ពុជាជូនរដ្ឋាភិបាល ប្រទេសវៀតណាមខាងលើនេះ គឺជាការបង្ហាញនូវសមានចិត្តមនុស្សធម៌ សប្បុរសធម៌របស់សម្តេចតេជោ ហ៊ុន សែន ចំពោះសុខភាព និងសុខមាលភាព ប្រជាពលរដ្ឋ នៃប្រទេសទាំងពីរដែលរស់នៅជាប់ព្រំដែនជាមួយគ្នា ក៏ដូចជាប្រជាពលរដ្ឋរស់នៅក្នុងតំបន់។ ការផ្ដល់វ៉ាក់សាំងជូនរដ្ឋាភិបាលវៀតណាមនៅពេលនេះ នឹងសំដៅការលើកកម្ពស់ផ្នែកសុខមាលភាព កាន់តែល្អប្រសើរថែមទៀតសម្រាប់ប្រជាជនវៀតណាម ក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ក្នុងនាមជាប្រទេសជិតខាងភូមិផងរបងជាមួយគ្នា។

ប្រទេសវៀតណាម ជាប្រទេសទី២ហើយ ដែលកម្ពុជាបានផ្តល់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ខណៈប្រទេសឡាវ ជាប្រទេសទី១ ដែលកម្ពុជា បានផ្តល់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ចំនួន ២០ម៉ឺនដូសផងដែរ កាលពីថ្ងៃទី២៨ ខែកញ្ញា កន្លងទៅ។

ក្នុងកំលុងពេលនៃការរាតត្បាតជំងឺកូវីដ១៩នេះ សម្តេចតេជោ ហ៊ុន សែន ក្នុងនាមជាប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានផ្តល់នូវជំនួយជាបន្តបន្ទាប់ទៅកាន់ប្រទេស សមាជិកអាស៊ាន ដើម្បីចូលរួមចំណែកប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩។

កាលពីដើមខែសីហា ឆ្នាំ២០២១នេះ កម្ពុជា បានផ្តល់ថវិកា ២០ម៉ឺនដុល្លារ ទៅប្រទេសមីយ៉ាន់ម៉ាផងដែរ។ ថវិកានេះបន្ថែមពីលើថវិកាតាមអាស៊ានចំនួន ១០ម៉ឺនដុល្លារ។ នៅខែកក្កដា ឆ្នាំ២០២១ កម្ពុជា ឧបត្ថម្ភថវិកា ២០ម៉ឺនដុល្លារ ទៅដល់ប្រទេសវៀតណាមផងដែរ។

ក្រៅពីថវិកា កម្ពុជា ក៏បានឧបត្ថម្ភបរិក្ខារមួយចំនួនទៀតទៅកាន់ប្រទេសមីយ៉ាន់ម៉ា និងវៀតណាម មានដូចជាម៉ាស់, ឧបករណ៍តេស្ដរហ័ស, សំលៀកបំពាក់សុវត្ថិភាព PPE, ឈុតម៉ាស៊ីនផលិតអុកស៊ីហ្សែនស្វ័យប្រវត្តិ, ម៉ាស៊ីនជំនួយដកដង្ហើម និងម៉ាស៊ីនតាមដានសញ្ញាជាដើម។

កាលពីឆ្នាំ២០២០ កម្ពុជា ក៏បានឧបត្ថម្ភម៉ាស់ និងបរិក្ខារពេទ្យទៅកាន់ប្រទេសឡាវ មីយ៉ាន់ម៉ា ទីម័រ និងនេប៉ាល់ផងដែរ៕