(ពោធិ៍សាត់)៖ នាថ្ងៃទី០៨ ខែមេសា ឆ្នាំ ២០១៦ សាខាកាកបាទក្រហមខេត្តពោធិ៍សាត់ បានរៀបចំរាត្រីស្រមោលស ដើម្បីអបអរសាទរខួបលើកទី១៥៣ ទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ឧសភា នៅស្នាក់ការសាខាមានអ្នកចូលរួមប្រមាណ ២,០០០នាក់ ទទួលបានថវិកាជិត១៤ម៉ឺនដុល្លារអាមេរិក ដែលស្ថិតក្រោមអធិបតីភាពលោកឧកញ៉ាបណ្ឌិត ជា រតនា និងលោកស្រី លី ហៀក រតនា តំណាងសម្តេចកិតិ្តព្រឹទ្ធបណ្ឌិត ប្រធានកាកបាទក្រហមកម្ពុជា លោក ម៉ៅ ធនិន អភិបាលខេត្តពោធិ៍សាត់ និងលោកស្រី ហ៊ុន ចាន់ធី ។
លោក ម៉ៅ ធនិន ជាប្រធានកិត្តិយស សាខាកាកបាទក្រហមកម្ពុជា ខេត្តពោធិ៍សាត់ ជួសមុខឲ្យក្រុមប្រឹក្សា គណៈអភិបាល គណៈកម្មាធិការសាខា គណៈកម្មការស្វែងរកមូលនីធិ អាជ្ញាធរដែនដី មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ យុវជន អ្នកស្ម័គ្រចិត្តនៃសាខា និងប្រជាពលរដ្ឋទូទាំងខេត្តពោធិ៍សាត់ បានសម្តែងនូវគាវរកិច្ចចំពោះ ឧកញ៉ាបណ្ឌិត ជា រតនា និងលោកស្រី ព្រមទាំងលោក លោកស្រី អ្នកឧកញ៉ា លោក លោកស្រីទាំងអស់ ដែលបានអញ្ជើញចូលរួមក្នុងរាត្រីសមោស អបអរសាទរខួបលើកទី១៥៣ ទិវាពិភពលោក កាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ឧសភា ក្រោមប្រធានបទ «គ្រប់ទីកន្លែងសម្រាប់គ្រប់ៗគ្នា» នៅលើទឹកដីខេត្តពោធិ៍សាត់នាពេលនេះ ។
ការប្រារព្ធទិវានេះ ក្នុងគោលបំណងធ្វើការផ្សព្វផ្សាយផង និងឲ្យមានការចូលរួមគាំទ្រពីគ្រប់មជ្ឈដ្ឋាន ជួយទ្រទ្រង់ដល់សកម្មភាពមនុស្សធម៌ ដែលកំពុងអនុវត្តដ៏មានប្រសិទ្ធិភាព និង ទាន់ពេលវេលា ។
ជាក់ស្តែងនៅក្នុងឆ្នាំ២០១៥ បានធ្វើសកម្មភាពឆ្លើយតបចំពោះប្រជាពលរដ្ឋរងគ្រោះបាន ចំនួន៦,៥៧៣គ្រួសារ និង ថ្នាក់កណ្តាលកាកបាទក្រហមកម្ពុជាបានចំនួន៩៧៧គ្រួសារ ដូចជាភ្លើងឆេះផ្ទះ ខ្យល់កន្ត្រាក់រលំផ្ទះ ទឹកជំនន់ រាំងស្ងួត ទុរគតជន ចាស់ជរាគ្មានទីពឹង ជនពិការ អ្នកផ្ទុកមេរោគអេដស៍ និងគ្រោះថ្នាក់ផ្សេងៗ ។
លោក ឧកញ៉ា បណ្ឌិត ជា រតនា បានពាំនាំ និងការផ្តាំផ្ញើពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា និងបានថ្លែងអំណរគុណ និងកោតសរសើរចំពោះ លោកស្រី លោកឧកញ៉ា លោក លោកស្រី និង សម្បុរសជន ដែលជានិច្ចកាលតែងតែផ្តល់ការគាំទ្រ ជាមនុស្សធម៌ ដល់សាខាកាកបាទក្រហមខេត្តពោធិ៍សាត់ជាង៥ឆ្នាំមកហើយ ។
លោកឧកញ៉ា បណ្ឌិត បានបន្តថាកាកបាទក្រហមកម្ពុជា នៅតែបន្តជួយ ដល់ជនរងគ្រោះ និង ខ្វះខាត នៅតាមមូលដ្ឋានគ្រប់ទីកន្លែង និង គ្រប់កាលៈទេសៈ តាមពាក្យស្លោក «ទីណាមានទុក្ខលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា រួមកម្លាំងគ្នា ដើម្បីមនុស្សធម៌ និង វប្បធម៌ចែករំលែកចាប់ផ្តើមពីខ្ញុំ» ។ ឆ្នាំ២០១៦ នៅមានកិច្ចការធំៗជាច្រើន ត្រូវរួមគ្នាដោះស្រាយនូវបញ្ហាប្រឈមនានា និង ធ្វើការឆ្លើយតបទៅនឹងវិបត្តិទាំងនោះ ដើម្បីជាក្តីសង្ឃឹម និង ភាពកក់ក្តៅរបស់ជនរងគ្រោះ ។ សកម្មភាពមនុស្សធម៌ គឺគ្មានព្រំដែនកំណត់ទេ និង ទាមទាកម្លាំងច្រើនចូលរួមពិសេសជាមួយរាជរដ្ឋាភិបាលកម្ពុជា និង ដៃគូរសហប្រតិបត្តិការនានា ដែលបានប្រកាន់យ៉ាងខ្ជាប់ខ្ជួននូវគោលការណ៏គ្រឹះទាំង៧ របស់ចលនាអន្តរជាតិកាកបាទក្រហម អឌ្ឍចន្ទក្រហម គឺភាពមនុស្សធម៌ ភាពមិនលំអៀង អព្យាក្រឹតភាព ឯករាជភាព សេវាកម្មស្មគ័្រចិត្ត ឯកភាព និងសកលភាព ។
នៅក្នុងពិធីនោះគណៈកម្មការបានរៀបចំឲ្យមានចាប់រង្វាន់ចំនួន ៩៨រង្វាន់ ក្នុងនោះម៉ូតូ ៣រង្វាន់ ទូរទស្សន៍ SAMSUNG LED 32"ចំនួន ២រង្វាន់ កង់ហាត់ប្រាណ ២រង្វាន់ ឆ្នាំងដាំបាយអគ្គីសនីធំ ៧រង្វាន់ កង្ហារបញ្ឈរធំ ៧រង្វាន់ ឆ្នាំងអ៊ុតអគ្គីសនីធំ ១២រង្វាន់ ធុងទឹកកកបួនជ្រុង ១២រង្វាន់ និង មួកសុវត្ថិភាព ៥០រង្វាន់ សរុបជាទឹកប្រាក់ ៦៧២២ដុល្លារអាមេរិក ៕