(រតនគិរី)៖ មន្ត្រីកសិកម្មខេត្តរតនគិរី នាថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២១ បានចុះពិនិត្យដំណាំស្រូវ, សណ្តែកសៀង, ដំឡូងមី រងការខូចខាតដោយសារទឹកជំនន់ រយៈពេលខ្លីនៅស្រុកមួយចំនួន តាមដងទន្លេស្រែពក និងទន្លេសាសាន្ត។
ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តរតនគិរី លោក សយ សូណា បានប្រាប់ភ្នាក់ងារ Fresh News នៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២១នេះថា លទ្ធផលនៃការវាយតម្លៃផលប៉ះពាល់ និងខូចខាតលើផលិតកម្មកសិកម្ម មានដូចខាងក្រោម៖
១៖ ស្រុកអណ្តូងមាសមានចំនួន២ឃុំ (៥ភូមិ) ,ស្មើនឹង១២២គ្រួសារ, មានមនុស្ស៤៦០នាក់ (ស្រី១៤៧នាក់), ផលប៉ះពាល់ដំណាំសរុបចំនួន៧៩៨ហិកតា ក្នុងនោះដំណាំស្រូវ៣៤៧ហិកតា, ដំឡូងមីចំនួន៤៤៤ហិកតា, សណ្តែកសៀង២ហិកតា, ស្វាយចន្ទីចំនួន៣ហិកតា និងដំណាំរួមផ្សំ២ហិកតា។
ការខូចខាតសរុបចំនួន៣០ហិកតា ក្នុងនោះដំណាំស្រូវចំនួន១២ហិកតា និងដំឡូងមី ចំនួន១៨ហិកតា។
២៖ ស្រុកអូរយ៉ាដាវមានចំនួន៣ឃុំ (៥ភូមិ) ស្មើនឹង៧៨គ្រួសារ, មានមនុស្ស៣១២នាក់ (ស្រី១៩២នាក់), ផលប៉ះពាល់ដំណាំសរុបចំនួន៨៦ហិកតា ក្នុងនោះ ដំណាំស្រូវចំនួន៤១ហិកតា, ដំឡូងមី៣៦ហិកតា និងដំណាំស្វាយចន្ទីចំនួន៩ហិកតា។ ការខូចខាតសរុបចំនួន២៦ហិកតា ក្នុងនោះដំណាំស្រូវចំនួន១៤ហិកតា, ដំឡូងមីចំនួន១០ហិកតា និងដំណាំស្វាយចន្ទី២ហិកតា។
៣៖ ស្រុកតាវែងចំនួន២ឃុំ (២៤ភូមិ) ស្មើនឹង១០០គ្រួសារ, មានមនុស្ស៩០៨នាក់ (ស្រី៣៧៨នាក់), ផលប៉ះពាល់ដំណាំសរុបចំនួន២៣៧ហិកតា ក្នុងនោះដំណាំស្រូវចំនួន២២៨ហិកតា និងដំណាំរួមផ្សំចំនួន៩ហិកតា តែពុំមានការខូចខាតឡើយ។
៤៖ ស្រុកវ៉ឺនសៃចំនួន៣ឃុំ (៣ភូមិ) ស្មើនឹង៩៧គ្រួសារ, មានចំនួនមនុស្ស៤៥៨នាក់ (ស្រី២៥០នាក់), ផលប៉ះពាល់ដំណាំសរុបចំនួន១២៨ហិកតា ក្នុងនោះដំណាំស្រូវចំនួន៦៦ហិកតា និងដំឡូងមីចំនួន៦២ហិកតា។ ការខូចខាតសរុបចំនួនចំនួន៥៤ហិកតា ក្នុងនោះដំណាំស្រូវចំនួន៤១ហិកតា និងដំឡូងមីចំនួន១៣ហិកតា។
៥៖ ស្រុកកូនមុំ មានចំនួន៣ឃុំ (៦ភូមិ) ស្មើនឹង៣៩០គ្រួសារ, ចំនួនមនុស្ស២,៧០៤នាក់ (ស្រី១២៥៥នាក់), ផលប៉ះពាល់ដំណាំសរុបចំនួន១,៩៨៦ហិកតា ក្នុងនោះដំណាំស្រូវ១,៤១១ហិកតា, ដំឡូងមី២៨២ហិកតា និងសណ្តែកសៀងចំនួន២៩៣ហិកតា។ ការខូចខាតចំនួន៤១៤ហិកតា ក្នុងនោះដំណាំស្រូវ២៥៣ហិកតា, ដំឡូងមីចំនួន៨០ហិកតា និងសណ្តែកសៀង ចំនួន៨១ហិកតា។
៦៖ ស្រុកលំផាត់ចំនួន៣ឃុំ (១៣ភូមិ) ស្មើនឹង១,៦៦៦គ្រួសារ មានមនុស្ស៧,០០២នាក់ (ស្រី៣,៤៣២នាក់), ផលប៉ះពាល់ដំណាំសរុបចំនួន២,៤៦៦ហិកតា ក្នុងនោះដំណាំស្រូវ១,៨៧៧ហិកតា, ដំឡូងមី១៤៣ហិកតា, សណ្តែកសៀងចំនួន៣៣៥ហិកតា និងដំណាំរួមផ្សំ១១១ហិកតា។ ការខូចខាតចំនួនសរុប២៧៧ហិកតា ក្នុងនោះដំណាំស្រូវចំនួន១៩១ហិកតា, ដំឡូងមីចំនួន២៨ហិកតា, សណ្តែកសៀងចំនួន៥៣ហិកតា និងដំណាំរួមផ្សំចំនួន៥ហិកតា។
លោក សយ សូណា បញ្ជាក់ឲ្យដឹងថា ការខូចខាតលើផលិតកម្មកសិកម្ម មានចំនួន៥ស្រុក៖ ១៤ឃុំ (៣៣ភូមិ) ស្មើនឹង២,៦៥៣គ្រួសារ ខូចដំណាំកសិកម្ម សរុប៨២៤ហិកតា ក្នុងនោះដំណាំស្រូវចំនួន៥១១ហិកតា និងដំណាំចំការ៣១៣ហិកតា៖ រួមមានដំណាំដំឡូងមីចំនួន១៥៣ហិកតា, សណ្តែកសៀងចំនួន១៣៤ហិកតា, ស្វាយចន្ទីចំនួន២១ហិកតា និងដំណាំរួមផ្សំចំនួន៥ហិកតា។
លោក សយ សូណា បានឲ្យដឹងទៀតថា ដោយមានការយកចិត្តខ្ពស់ ពីសំណាក់លោក ញ៉ែម សំអឿន អភិបាលខេត្តរតនគិរីនោះ ក្រុមការងារនឹងស្រង់តម្រូវ ការស្តារឡើងវិញ លើផលិតកម្មដំណាំ ពោលគឺជួយរាល់ទុក្ខលំបាក របស់បងប្អូនប្រជាពលរដ្ឋទាំងអស់៕