(ប៉ៃលិន)៖ មន្ទីរអប់រំ យុវជន និងកីឡាខេត្ត ក្រោមការដឹកនាំរដ្ឋបាលខេត្តប៉ៃលិន នៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២១ បានរៀបចំពិធីសម្ពោធ ដាក់ឲ្យប្រើប្រាស់ នូវអគារមជ្ឈមណ្ឌលសិក្សាសហគមន៍បរយ៉ាខា។

ពិធីនេះ មានការអញ្ជើញចូលរួម ជាគណៈអធិបតីពី លោកស្រី បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន, លោក ណុះ ស្លេះ រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា តំណាងលោកបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា និងមានការអញ្ជើញចូលរួមពីគណៈប្រតិភូ អគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា តំណាងរាស្ត្រមណ្ឌលប៉ៃលិន មន្ត្រីអប់រំខេត្ត ព្រមទាំងលោកគ្រូ-អ្នកគ្រូ ចូលរួមជាច្រើនផងដែរ ។

លោកស្រី បាន ស្រីមុំ បានថ្លែងថា នៅថ្ងៃនេះពិតជាមានកិត្តិយស និងមានមោទនភាពបំផុត ដោយបានប្រារព្ធ ពិធីសម្ពោធអគារមជ្ឈមណ្ឌលសិក្សាសហគមន៍បរយ៉ាខា ដែលបានសាងសង់ឡើង ក្រោមអំណោយរបស់ប្រជាជនជប៉ុន តាមរយៈអង្គការកុមារឥតព្រំដែនអន្តរជាតិនៅកម្ពុជា (KnK International) ក្រោមកិច្ចសហការជាមួយមន្ទីរអប់រំ យុវជន និងកីឡា ខេត្តប៉ៃលិន។

លោកស្រីអភិបាលខេត្ត បានបន្តទៀតថា អគារមជ្ឈមណ្ឌលសិក្សាសហគមន៍នេះ មានចំនួន៣កន្លែង គឺនៅក្នុងបរិវេណសាលាបឋមសិក្សាបរយ៉ាខា ១កន្លែង នៅភូមិក្រចាប់ សង្កាត់អូរតាវ៉ៅ ១កន្លែង និងនៅភូមិដីសថ្មី ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ១កន្លែងទៀត ដែលអគារទាំងនេះ មានគំរូស្តង់ដាតែមួយ មានទទឹងប្រវែង១១ម៉ែត្រ បណ្តោយប្រវែង១៦ម៉ែត្រ ស្មើ៣បន្ទប់ និងបន្ទប់ទឹកចំនួន២ មានបំពាក់គ្រឿងសង្ហារឹម និងបរិក្ខាថាមពលអគ្គិសនីគ្រប់គ្រាន់។

លោកស្រីបានបញ្ជាក់ទៀតថា មជ្ឈមណ្ឌលសិក្សាសហគមន៍ដ៏ស្រស់បំព្រង ដែលជាជំនួយដ៏ថ្លៃថ្លានេះ នឹងផ្តល់ឱកាសដល់យុវជន ឲ្យចូលរៀនជំនាញវិជ្ជាជីវៈដូចជា រៀនកាត់ដេរ សម្លៀកបំពាក់ សម្អាងការ ជួសជុលទូរស័ព្ទ ជួសជុលម៉ាស៊ីនត្រជាក់ និងជំនាញផ្សេងៗជាច្រើនទៀត ក្នុងការប្រកបមុខរបរនៅក្នុងមូលដ្ឋាន ជៀសវាងការធ្វើចំណាកស្រុកទៅខេត្តផ្សេងៗ ឬប្រទេសជិតខាង ជាពិសេសរួមចំណែកកាត់បន្ថយភាពក្រីក្រនៅក្នុងមូលដ្ឋានផងដែរ ហើយអគារទាំងអស់នេះ ពិតជាមានសារសំខាន់ខ្លាំងណាស់ ក្នុងការជួយបណ្តុះបណ្តាលយុវវ័យ នៅក្នុងខេត្តប៉ៃលិន ឲ្យទទួលបាននូវផលប្រយោជន៍ដ៏ធំ សម្រាប់សហគមន៍។

លោក មិកាមិ ម៉ាសាហ៊ីរ៉ូ បានថ្លែងថា នេះជាលើកទី១ហើយ ដែលបានធ្វើដំណើរមកក្នុងខេត្តប៉ៃលិន ដោយចាប់តាំងពីប្រទេសជប៉ុន បានតែងតាំងជាអគ្គរាជទូត អស់រយៈពេល២ឆ្នាំ នៅប្រទេសកម្ពុជា មិនធ្លាប់មកខេត្តប៉ៃលិននោះឡើយ។ លោកបន្តទៀតថា រាជរដ្ឋាភិបាលជប៉ុន ក៏ដូចជាប្រជាជនជប៉ុន មានការសប្បាយរីករាយ ដែលទទួលបានកិច្ចសហការជាមួយនឹងកម្ពុជា តាមរយៈអង្គការកុមារឥតព្រំដែន ហើយនៅថ្ងៃខាងមុខ ក៏នឹងនៅតែបន្តបង្កើនទំនាក់ទំនងដៃគូល្អជាមួយគ្នា យ៉ាងស្អិតរមួតថែមទៀត។

ចំណែកលោក ណុះ ស្លេះ បានថ្លែងថា លោកសូមចូលរួមកោតសរសើរ និងថ្លែងអំណរគុណដល់ប្រជាជន ក៏ដូចជារាជរដ្ឋាភិបាលជប៉ុន ដែលបានផ្តល់ជំនួយ អគារសិក្សាជូនខេត្តប៉ៃលិន ដើម្បីងាយស្រួលក្នុងការស្រូបយកចំណេះដឹង ជំនាញទៅបង្កបង្កើនផលសម្រាប់ចិញ្ចឹមជីវិត។

លោកបន្តទៀតថា ដូចអ្វីដែលសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា តែងតែយកចិត្តទុកដាក់លើវិស័យអប់រំ បណ្តុះបណ្តាលវិជ្ជាជីវៈ គឺសម្តេច បានយកវិស័យអប់រំនេះជាទី១ ក្នុងចំណោមវិស័យនានាទាំងអស់ ព្រោះមានសារសំខាន់ក្នុងការអភិវឌ្ឍសង្គមជាតិ ឲ្យមានការរីកចម្រើនជឿនលឿនទៅមុខ ទើបនៅថ្ងៃនេះ ខណៈខាងសប្បុរសជនជប៉ុន ផ្តល់អគារសិក្សាជំនាញ និងសម្ភារសិក្សាជាច្រើន ជូនដល់ប្រទេសកម្ពុជា៕