(ភ្នំពេញ)៖ ក្នុងកិច្ចប្រជុំកំពូលអាស៊ាន-ឥណ្ឌា លើកទី១៨ តាមប្រព័ន្ធវីដេអូអនឡាញ ដែលបានធ្វើឡើងនៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២១ រដ្ឋាភិបាលឥណ្ឌា បានផ្តល់វិភាគទានចំនួន ១លានដុល្លារ ដល់មូលនិធិអាស៊ាន ដើម្បីឆ្លើយតបទៅនឹងជំងឺកូវីដ-១៩។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មាន ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានចូលរួមកិច្ចប្រជុំកំពូលអាស៊ាន-ឥណ្ឌា លើកទី១៨នេះ ហើយកិច្ចប្រជុំនេះ ក៏មានការចូលរួមពីលោក ណារិនដ្រា ម៉ូឌី នាយករដ្ឋមន្ត្រីឥណ្ឌា និងប្រមុខដឹកនាំប្រទេសសមាជិកអាស៊ានដទៃទៀត លើកលែងតែមីយ៉ាន់ម៉ា មិនមានតំណែងចូលរួម។
មូលនិធិអាស៊ាន ត្រូវបានបង្កើតឡើងនៅឆ្នាំ២០២០ សម្រាប់ការឆ្លើយតបនឹងជំងឺកូវីដ១៩ ក្នុងគោលបំណងដើម្បីកៀរគរធនធានហិរញ្ញវត្ថុ ដើម្បីដោះស្រាយបញ្ហាកង្វះខាតឧបករណ៍វេជ្ជសាស្រ្ត ផ្តល់ការគាំទ្រដល់កិច្ចការស្រាវជ្រាវ និងអភិវឌ្ឍន៍ឱសថសម្រាប់ប្រឆាំងនឹងជំងឺកូវីដ១៩ និងប្រើប្រាស់សម្រាប់ការឆ្លើយតបទៅនឹងស្ថានភាពបន្ទាន់នានាក្នុងពេលអនាគត។
ក្រសួងការបរទេសកម្ពុជា បានបញ្ជាក់យ៉ាងដូច្នេះថា៖ «(ក្នុងកិច្ចប្រជុំកំពូលអាស៊ាន-ឥណ្ឌា លើកទី១៨) សម្តេចតេជោនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណចំពោះវិភាគទានរបស់ឥណ្ឌា ជាថវិកាចំនួន ១លានដុល្លារអាមេរិក ដល់មូលនិធិអាស៊ានឆ្លើយតបទៅនឹងជំងឺកូវីដ-១៩ និងបានលើកទឹកចិត្តឱ្យឥណ្ឋាគាំទ្រដល់សមាហរណកម្មតំបន់អាស៊ាន និងការអនុវត្តនូវផែនការការងារនៃគំនិតផ្តួចផ្តើមសម្រាប់សមាហរណកម្មអាស៊ាន (IAI) ដំណាក់កាលទី៤ (២០២១-២០២៥) ដោយផ្តោតទៅលើការតភ្ជាប់ និងការអប់រំឌីជីថល»។
ក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីជំរុញពាណិជ្ជកម្ម និងការស្តារសេដ្ឋកិច្ចឡើងវិញ សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏បានលើកទឹកចិត្តឱ្យភាគីទាំងពីរ ខិតខំប្រឹងប្រែងធ្វើឱ្យកិច្ចព្រមព្រៀងពាណិជ្ជកម្មទំនិញអាស៊ាន-ឥណ្ឌា (AITIGA) កាន់តែមានលក្ខណៈសាមញ្ញ និងបើកចំហ។
សម្តេចតេជោនាយករដ្ឋមន្ត្រី បានស្វាគមន៍ចំពោះសំណើរបស់ប្រទេសឥណ្ឌា ក្នុងការកំណត់យកឆ្នាំ២០២២ ជា «ឆ្នាំមិត្តភាពអាស៊ាន-ឥណ្ឌា» ដើម្បីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៣០ នៃទំនាក់ទំនងដៃគូសន្ទនាអាស៊ាន-ឥណ្ឌា។ សម្តេចតេជោ បានសង្កត់ធ្ងន់លើសារសំខាន់នៃការកសាងទំនុកចិត្តក្នុងតំបន់ តាមរយៈកិច្ចសហប្រតិបត្តិការជាក់ស្តែង ស្របតាមគោលបំណង និងគោលការណ៍នៃទស្សនៈវិស័យអាស៊ានស្តីពីឥណ្ឌូ-ប៉ាស៉ីហ្វិក (AOIP) និងគំនិតផ្តួចផ្តើមមហាសមុទ្រឥណ្ឌូ-ប៉ាស៉ីហ្វិក និងបានសម្តែងនូវការគាំទ្រចំពោះការអនុម័តសេចក្តីថ្លែងការណ៍រួមអាស៊ាន-ឥណ្ឌា ស្តីពីកិច្ចសហប្រតិបត្តិការលើទស្សនៈវិស័យអាស៊ានស្តីពីឥណ្ឌូ-ប៉ាស៉ីហ្វិក (AOIP)។
បើតាមក្រសួងការបរទេស, ថ្នាក់ដឹកនាំបានបញ្ជាក់ជាថ្មីអំពីការប្តេជ្ញាចិត្ត ដើម្បីបង្កើនកិច្ចសហការដោះស្រាយបញ្ហាប្រឈមដែលមិនធ្លាប់មានពីមុន ដែលបណ្តាលមកពីជំងឺរាតត្បាតកូវីដ-១៩ និងការពនឿនដំណើរការស្តារឡើងវិញក្រោយជំងឺរាតត្បាត សម្រាប់ទាំងអាស៊ាន និងឥណ្ឌា។ មេដឹកនាំអាស៊ាន និងឥណ្ឌា ក៏បានយល់ស្របគ្នា ដើម្បីពនឿនកិច្ចសហប្រតិបត្តិការលើវិស័យសំខាន់ៗ ដូចជា សេដ្ឋកិច្ចឌីជីថល និងសេដ្ឋកិច្ចបៃតង វិទ្យាសាស្រ្តនិងបច្ចេកវិទ្យា នវានុវត្តន៍ ការប្រែប្រួលអាកាសធាតុ ឧក្រិដ្ឋកម្មឆ្លងដែន និងសន្តិសុខតាមអឺនធឺណិត ព្រមទាំងលើកទឹកចិត្តឱ្យមានសកម្មភាពរួមគ្នា ដើម្បីគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងអភិវឌ្ឍន៍ប្រកបដោយចីរភាព៕