(ភ្នំពេញ)៖ យោងតាមលិខិតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា ដែលអង្គភាព Fresh News ទទួលបានមុននេះបន្តិចនាយប់ថ្ងៃទី០៨ ខែមេសានេះថា លោក ឡុង ឌីម៉ង អ្នកនាំពាក្យសាលារាជធានីភ្នំពេញ នឹងត្រូវទៅកាន់តំណែងជាឯកអគ្គរាជទូតកម្ពុជា ប្រចាំកូរ៉េខាងត្បូង ជំនួសលោក ស៊ុត ឌីណា។
សូមជំរាបថា ចៅក្រមស៊ើបសួរលោក លាង សំណាត់ បានសម្រេចចេញដីកាឃុំខ្លួន លោក ស៊ុត ឌីណា ជាបណ្តោះអាសន្ន បន្ទាប់ពីលោក មាស ច័ន្ទពិសិដ្ឋ សម្រេចចោទប្រកាន់២បទ កេងយកប្រយោជន៍ដោយខុសច្បាប់ តាមមាត្រា៥៩៧ និង៥៩៨ នៃក្រមព្រហ្មទណ្ឌ និងបទរំលោភអំណាច តាមមាត្រា៣៥ ច្បាប់ស្ដីពីការប្រឆាំងអំពើពុករលួយ។ បទល្មើសនីមួយៗកំណត់ការផ្តន្ទាទោសពី២ឆ្នាំ ទៅ៥ឆ្នាំ និងពិន័យជាប្រាក់ពី៤លានរៀល ទៅ១០លានរៀល។
អង្គភាពប្រឆាំងអំពើពុករលួយ បានឃាត់ខ្លួន លោក ស៊ុត ឌីណា ឯកអគ្គរាជទូតកម្ពុជាប្រចាំកូរ៉េខាងត្បូង កាលពីថ្ងៃទី០៤ ខែមេសា ឆ្នាំ២០១៦ គ្រាដែលរូបលោកចូលជួបឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង។ លោក ឱម យ៉ិន ទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ បានបញ្ជាក់ថា ការឃាត់ខ្លួនលោក ស៊ុត ឌីណា បានធ្វើឡើង បន្ទាប់ពីបានរកឃើញតម្រុយជាច្រើន ក្នុងនោះមានព័ត៌មានផ្សាយនៅលើ Facebook អំពីភាពមិនប្រក្រតីរបស់លោក ឌីណា រួមមានពាក្យប្តឹងពីក្រសួងការបរទេស ទាំងនៅភ្នំពេញ និងកូរ៉េខាងត្បូងផងដែរ៕